ជាតិ
បើ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​នោះ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​អសុពល​ភាព​
09, Oct 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល​ហើយ ដើម្បី​ត្រួតពិនិត្យ​នឹង​សម្រេច​លើ​ជោគវាសនា​គណបក្ស​នេះ​។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​ពិតមែន តើ​សមាជិកភាព​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​អសុពល​ភាព​ដែរឬទេ​? នេះ​ជា​ចម្ងល់​ដែល​មហាជន​មួយចំនួន​ចង់ដឹង​។​



​ចម្ងល់​នេះ​ត្រូវបាន​បកស្រាយ​តាមរយៈ​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា​១៣៥ (​ង​) ដែល​បាន​ចែងថា ៖«​ក្នុងករណី​គណបក្សនយោបាយ​ណាមួយ ទទួលបាន​អាសនៈ​មួយ ឬ​ច្រើន​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​គណបក្សនយោបាយ​នោះ បានប្រកាស​បោះបង់ចោល​អាសនៈ​ខ្លួន ឬ​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ តាមច្បាប់​ស្តី​គណបក្សនយោបាយ បញ្ជី​បេក្ខជន និង​បេក្ខជន​នៃ​គណបក្សនយោបាយ​នោះ ដែល​ប្រកាសថា​ជាប់ឆ្នោត​រួចហើយ មិនមាន​សុពលភាព និង​មិនមាន​គុណសម្បត្តិ​ទៅទៀត​បានឡើយ​»​។​

​មាត្រា​១៣៥ ចំណុច​(​ង​) ដដែល ពន្យល់ថា ក្នុងករណី​ខាងលើនេះ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ត្រូវធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេង​ដែល​ទទួលបាន​អាសនៈ​ក្នុង​រាជធានី​-​ខេត្ត តាម​រូ​ម​មន្ត​ចំនួន​៣ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​ដែល​បោះបង់​អាសនៈ​។​

​នៅពេលដែល​សួរ​ទៅ​គណកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ ដូច្នេះ​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ នឹងត្រូវ​បាត់បង់​អាសនៈ​ដែរ​? ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា ឆ្លើយថា គជប ជា​ស្ថាប័ន​អនុវត្ត​តាមច្បាប់ ដូច្នេះ​អ្វីដែល​បានចែង​ក្នុង​មាត្រា​១៣៥ (​ង​) គឺជា​អ្វីដែល​គជប ត្រូវអនុវត្ត​។​

​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយចោល វា​ពិតជា​រឿង​អកុសល​មួយ​សម្រាប់​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង ដែល​ប្រឈម​នឹង​ការផ្អាក​សកម្មភាព​នយោបាយ​។ មាត្រា​៤៥ ត្រង់​កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចែងថា​៖« [….] ក្នុងករណី ដែល​គណបក្សនយោបាយ​ត្រូវបាន​រំលាយ តុលាការ​[​កំពូល​] អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។

​សម្រាប់​អ្នកវិភាគ​វិញ យល់ឃើញថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន​នោះ វា​មិនមែនជា​រឿង​ល្អ​ឡើយ សម្រាប់​ប្រទេស​កម្ពុជា​។ អ្នកវិភាគ លើកឡើងថា បើ​បក្សប្រឆាំង​រំលាយ​នោះ វា​បង្ហាញ​ឲ្យ​ឃើញថា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា កំពុងតែ​ដើរ​ថយក្រោយ ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ បើ​គ្មាន​គណបក្សប្រឆាំង​ដ៏​ធំ​មួយ ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។ បើតាម​អ្នកវិភាគ សហគមន៍​អន្តរជាតិ​ក៏​មិន​ឈរ​ឱបដៃ​មើល បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ពោលគឺ​ពួកគេ​នឹង​អាចធ្វើ​អ្វីមួយ​ដើម្បី​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​តានតឹង​នយោបាយ​នេះ​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ធ្លាប់​បកស្រាយ​ថា បើទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​ក្តី ក៏​ដំណើរការ​បោះឆ្នោត​នៅ​បន្ត​ដំណើការ​ទៅមុខ​ដែរ ព្រោះ​នៅមាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។

​ចំណែក​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាងថា គជប បាន​ត្រៀម​កញ្ចប់​ថវិកា​រៀបចំ​ការបោះឆ្នោត​រួចហើយ បើទោះជា​គ្មាន​ជំនួយ​ពី​បរទេស​សម្រាប់​ដំណើរការ​បោះឆ្នោតជាតិ​ក្តី​៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com