ជាតិ
ប្រាក់​ឈ្នួល​កើនឡើង​៖ កម្មករ​សប្បាយ តែ​ខ្វល់ខ្វាយ រឿង​ផ្ទះជួល និង​ទំនិញ​ឡើងថ្លៃ​
10, Oct 2017 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ថ្មីៗ​នេះ រដ្ឋាភិបាល បានកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ នៅ​ឆ្នាំ​២០១៨ សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​។ ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ ត្រូវបាន​ក្រុម​សហជីព និង​កម្មករ បង្ហាញ​ការ​សាទរ​យ៉ាងខ្លាំង​។ ស្របគ្នា​នេះដែរ ពួកគេ​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួយ​ត្រួតពិនិត្យ​លើ​ម្ចាស់​ផ្ទះជួល​មួយចំនួន ដែល​បាន​ដំឡើងថ្លៃ​ទឹក និង​ថ្លៃ​ផ្ទះ​។ ពួកគេ រអ៊ូ​ថា បើ​ផ្ទះជួល និង​ទំនិញ​នៅតែ​ឡើងថ្លៃ​បែបនេះ​នោះ ទោះ​ឡើង​ប្រាក់ខែ ១៧០ ដុល្លារ ក៏​ពួកខ្លួន​រកលុយ​មិន​សល់​ដែរ​។

 


​ទន្ទឹមនឹង​ភាពសប្បាយ​រីករាយ​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ​នៅ​ឆ្នាំ​២០១៨ អ្នកស្រី សុខ សាន្ត កម្មការិនី​នៅ​រោងចក្រ ហូ​យៀ​ហ្គា​មិន លី​មី​ធី​ត ដែល​ទើប​ដើរ​ចេញពី​ក្នុង​រោងចក្រ​សំដៅទៅ​ផ្ទះ ក្នុងអំឡុង​ពេលបាយ​ថ្ងៃត្រង់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខ័​ណ្ឌ​មានជ័យ បាន​រអ៊ូ​ពី​តម្លៃ​ទឹក ភ្លើង និង​ផ្ទះ មានតម្លៃ​ថ្លៃ ដែល​ធ្វើ​ឲ្យ​គ្រួសារ​អ្នកស្រី​ចំណាយ​កាន់តែច្រើន ខណៈ​ប្រាក់ខែ​បាន​ដំឡើង​តិចតួច​។   

​មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង កម្មការិនី​វ័យ ៣៣ ឆ្នាំ និង​មានកូន​ពីរ​នាក់​ក្នុងបន្ទុក​រូបនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ទឹក​មួយ​ម៉ែត្រ​គីប តម្លៃ ២៥០០ រៀល ហើយ​ភ្លើង​មួយ​គីឡូវ៉ាត់ ១៥០០ រៀល ព្រោះ​ម្ចាស់ផ្ទះ​ខ្ញុំ គាត់​ថា ផ្ទះ​គាត់​មាន​បី​បួន​បន្ទប់​អ៊ីចឹង គេ​មិន​ត​ទឹក​ភ្លើង​រដ្ឋ​ចូល​ទេ ទើប​ទឹក និង​ភ្លើង​មានតម្លៃ​ខ្ពស់​។ ពេល​បើក​លុយ​មក​ម្តងៗ ខ្ញុំ​គ្រាន់តែ​ចំណាយ​លើ ផ្ទះ​មួយខែ ៥០ ដុល្លារ ម្ហូប កូន​រៀន​ផង ខ្ញុំ​មិនសូវ​សល់​លុយ​ទេ​»​។

​ដូចគ្នា​ដែរ លោក ពេជ្រ វុទ្ធី កម្មករ​រោងចក្រ​នៅ​រោងចក្រ តាក់​សាន់​ខេ​ម​បូ​ឌា​ឡោ​ន​ទ្រី ក្នុង​សង្កាត់​ចាក់អង្រែលើ បាន​សម្តែង​ការ​សាទរ  ក្រោយ​ឮដំណឹង​ថា រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរិ​មា ១៧០ ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។ លោក​រំពឹងថា ប្រាក់​ឈ្នួល​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់លោក​បាន​មួយចំណែក​ដែរ​។   សម្រាប់​លោក ពេជ្រ វុទ្ធី ប្រាក់​ឈ្នួល​នេះ នៅតែមាន​ចំនួន​តិចតួច​នៅឡើយ ខណៈ​ទំនិញ​នៅលើ​ទីផ្សារ​ស្ទើរ​គ្រប់មុខ រួមទាំង ផ្ទះជួល​ផង មានតម្លៃ​ថ្លៃ​ជាង​មុន​។ 

​ក្នុង​វ័យ ២៨ ឆ្នាំ ក​ម្លោះ ពេជ្រ វុទ្ធី ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​កម្មករ ១៧០ ដុល្លារ វា​នៅតែ​តិច​ណាស់ ព្រោះ​យើង​ត្រូវ​ចំណាយ​ច្រើន ហើយ​ទំនិញ​លើ​ទីផ្សារ​ថ្លៃ​ខ្លាំងណាស់​»​។  

​ជុំវិញ​បញ្ហា​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​អះអាងថា ទោះបី​មានការ​ដំឡើង​ប្រាក់ខែ​អប្បបរមា ១៧០ ដុល្លារ​ពិតមែន ប៉ុន្តែ​មាន​ម្ចាស់​ផ្ទះជួល​មួយចំនួន នៅតែ​ដំឡើងថ្លៃ​ផ្ទះ និង​ថ្លៃ​ទឹក ដែល​កត្តា​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចំណាយ​ជាប្រចាំ​របស់​កម្មករ​-​កម្មការិនី​។ លោក​សន្យាថា នឹង​យក​សំណើ​កម្មករ​-​កម្មការិនី ជុំវិញ​បញ្ហា​នេះ ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍ ឲ្យ​មានការ​កោះហៅ​ម្ចាស់​ផ្ទះជួល​មក​ប្រជុំ​លើ​ការដំឡើងថ្លៃ​ផ្ទះជួល​នេះ​។

​យ៉ាងណាក្តី លោក ប៉ាវ ស៊ី​ណាត ដែល​ទើប​ប្រជុំ​ក្រុម​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​ប្រមាណ​ជាង ៣ ម៉ឺន​នាក់ បាន​អរគុណ​រដ្ឋាភិបាល និង​អបអរសាទរ​ដល់ក​ម្ម​ករ​-​កម្មការិនី ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ នៅ​ឆ្នាំ​២០១៨ ។ បើតាម​លោក ប៉ាវ ស៊ីណា ប្រាក់​ឈ្នួល​អប្បបរមា ១៧០ ដុល្លារ គឺជា​ប្រាក់​ឈ្នួល​ដ៏​សមរម្យ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​។  

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «១៧០ ដុល្លារ​នេះ គឺជា​ប្រាក់​ឈ្នួល​ខ្ពស់ជាង​ប្រទេស​មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន ឡាវ បង់​ក្លា​ដែ​ស ទោះបី​ទាប​ជាង​ប្រទេស​ថៃ​(​ប្រាក់​ឈ្នួល​អប្បបរិមាណ​ថៃ​២៨០​ដុល្លារ​)​ហើយ​វា​ស្មើ​ឬ​ប្រហាក់ប្រហែល​នឹង​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ក្តី​។ យើង​មិនអាច​ដំឡើង​ខ្ពស់ជាង​នេះ​នោះទេ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​អ្នកវិនិយោគ​»​។

​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែសីហា​កន្លងទៅ បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល កុំ​ឲ្យ​ដំឡើងថ្លៃ​ផ្ទះ ប្រដេញ​តាម​ការដំឡើង​ប្រាក់ខែ​កម្មករ ព្រមទាំង​បង្គាប់​ឲ្យ​ត​ទឹក​និង​ភ្លើង​រដ្ឋ​ចូលដល់​បន្ទប់​កម្មករ​ផ្ទាល់​តែម្តង ដើម្បី​ឲ្យ​កម្មករ​ចំណាយ​កាន់តែ​តិច​លើ​សេវា​ទាំងអស់នេះ​។

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ណែនាំ​ម្ចាស់​ផ្ទះជួល​កុំ​ឲ្យ​ដំឡើងថ្លៃ និង​ត្រូវ​ត​ទឹក​ភ្លើង​រដ្ឋ​ចូលដល់​បន្ទប់​ជួល​កម្មករ​ផ្ទាល់​តែម្តង​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ម្ចាស់​ផ្ទះជួល​នៅតែ​ដំឡើងថ្លៃ​ផ្ទះ និង មិន​ព្រម​ត​ទឹក​ភ្លើង​រដ្ឋ​ចូលដល់​បន្ទប់​ជួល ដើម្បី​ឆ្លៀត​កេងចំណេញ​លើទឹក​ភ្លើង​ទៀត សូម​បងប្អូន​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ យើង​នឹង​ហៅ​ម្ចាស់ផ្ទះ​មក​សួរនាំ ហើយ​បើ​មិន​គោរព​តាម យើង​នឹងមាន​វិធានការ​ក្តៅ​»៕


Tag:
 ប៉ាវ ស៊ីណា​
 ​ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com