កីឡាជាតិ
ជាតិ
AFC Asian Cup៖ កម្ពុជា​ចាញ់​វៀតណាម ២-១ នៅ​ភ្នំពេញ ចុះ​ជំនួប​នៅ​ហាណូយ​ល្ងាច​នេះ​?
10, Oct 2017 , 10:44 am        
រូបភាព
លោក Leonardo កំពុងដឹកនាំក្រុមជម្រើសជាតិកម្ពូជាហ្វឹកហាត់នៅប្រទេសវៀតណាម
លោក Leonardo កំពុងដឹកនាំក្រុមជម្រើសជាតិកម្ពូជាហ្វឹកហាត់នៅប្រទេសវៀតណាម
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជួប​ប្រកួត​ជើង​ទី​២​ជាមួយ​វៀតណាម​ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup UAE 2019 នា​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០ តុលា នៅ​កីឡដ្ឋាន My Dinh Stadium ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ជំនួប​នេះ​ធ្វើឡើង​ក្រោយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រើ​កីឡដ្ឋាន Republican Central Stadium របស់​តា​ហ្ស៊ី​គី​ស្ថាន​ស្វាគមន៍​ហ្ស៊​កដា​នី​។



​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​លោក Leonardo Vitorino ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តទល់​ជាមួយ​វៀតណាម​ដើម្បី​ប្រជែង​ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup UAE 2019 នៅ​ម៉ោង​៧​យប់​ថ្ងៃទី​១០ តុលា នេះ​នៅ​កីឡដ្ឋាន My Dinh Stadium ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

​កម្ពុជា​ត្រូវការ​ឈ្នះ​វៀតណាម​ជា​ចាំបាច់ ដើម្បី​បង្កើន​ឱកាស​ឡើងទៅ​វគ្គ​បន្ត និង​ដើម្បី​សងសឹក​ដែល​ខ្លួន​បាន​ចាញ់ ២-១ ក្នុង​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៥ កញ្ញា កន្លងទៅ​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ខណៈ​វៀតណាម​ឈរ​លេខ​រៀង​ទី​២​ដោយមាន​៥​ពិន្ទុ​ក្រោយ​យកឈ្នះ​កម្ពុជា ២-១ ស្មើ ១-១ ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ស្មើ ០-០ ជាមួយ​ហ្ស៊​កដា​នី​។​

​តាម​ប្រវត្តិ​ជួបគ្នា​តាំងពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៦ កម្ពុជា​មិនដែល​យកឈ្នះ​វៀតណាម​នោះទេ​។ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៥ នៅ​ខេត្ត​ឈៀង​ម៉ៃ​ប្រទេស​ថៃ កម្ពុជា​ប្រកួត​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៣-០ មុន​ចាញ់ ៣-១ ក្នុង​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​១៩៩៦​។ នៅក្នុង​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​២០០០, ២០០២ និង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ចាញ់​វៀតណាម ៦-០, ៩-២ និង ២-១ ជា​បន្តបន្ទាប់​។​

​នៅ​ពូ​ល C ដដែល​មុន​ជំនួប​រវាង​កម្ពុជា​នឹង​វៀតណាម ក្រុម​ឈរ​បាត​តារាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្ចី​កីឡដ្ឋាន Republican Central Stadium របស់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​ស្វាគមន៍​ក្រុម​ឈរ​កំពូល​តារាង​ហ្ស៊​កដា​នី​នៅ​ម៉ោង​៥​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ក្នុង​ទីក្រុង​ឌូ​ស្ហា​ន់​បេ​។ គួរ​បញ្ជាក់ថា កាលពី​ជើង​ទី​១​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចាញ់​ក្រុម​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៤-១៕  


Tag:
 AFC Asian Cup 2019
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com