កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ុយ​រូ​ហ្គា​យ អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី បាន​កៅអី ប៉េ​រូ​ជាប់​ជម្រុះ ស៊ី​លី​ខកចិត្ត​
11, Oct 2017 , 9:50 am        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី ត្រូវ​រួម​ដំណើរ​ជាមួយ​ប្រេ​ស៊ី​ល សម្រាប់​ការប្រកួត FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី ក្នុងនាម​ជា​ក្រុម​តំណាង​ឲ្យ​សហព័ន្ធ CONMEBOL​។ ប៉េ​រូ​ដែល​ជាប់​លេខ​៥ ត្រូវ​ប្រជែង​ជាមួយ​នូ​វេ​ល​សេ​ឡង់ ខណៈ​ស៊ី​លី បញ្ចប់​ការប្រកួត​ដោយ​ទឹកភ្នែក​។​



​សម្រាប់​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាមេរិក​ឡាទីន (CONMEBOL)  អ៊ុយ​រូ​ហ្គា​យ បានទទួល​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ជ័យជម្នះ ៤-២ លើ​ភ្ញៀវ​បូ​លី​វី​។ Luis Suarez រកបាន​២​គ្រាប់ ហើយ Martin Caceres និង Edinson Cavani រួមចំណែក​បាន​ម្នាក់​១​គ្រាប់​សម្រាប់​អ៊ុយ​រូ​ហ្គា​យ ខណៈ​២​គ្រាប់​របស់​បូ​លី​វី ជា​គ្រាប់​បាល់​បញ្ចូល​ទី​ខ្លួនឯង​របស់ Gaston Silva និង Diego Godin​។​

​ងាក​ទៅ​អា​ហ្ស​ង់​ទីន ដែលមាន​ការចាប់ផ្តើម​រអាក់រអួល បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៣ ដោយ Lionel Messi វាយបក​បាន​៣​គ្រាប់​ជា​បន្តបន្ទាប់ ក្រោយ Romario Ibarra នាំមុខ​តាំងពី​នាទី​ដំបូង​ឲ្យ​អេ​ក្វា​ឌ័​រ​។​

​កូ​ឡុំ​ប៊ី បាន​តោង​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​ប៉េ​រូ​។  James Rodriguez រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​កូ​ឡុំ​ប៊ី ហើយ Paolo Guerrero វាយបក​តាម​ស្មើ​វិញ ដើម្បី​នាំ​ឲ្យ​ប៉េ​រូ ទទួលបាន​កៅអី​ប្រកួត​វគ្គ Playoff ជាមួយ​ក្រុម​នៅ​តំបន់​អូ​សេ​អា​នី (OFC) ដែលមាន​នូ​វេ​ល​សេ​ឡង់ នៅ​រង់ចាំ​។​

​ស៊ី​លី ដែល​ត្រូវការ​ត្រឹម​ស្មើ​នោះ បែរជា​ទទួល​នូវ​ការខកចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​ក្រុម​ជើងឯក​នៅ​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ រងគ្រោះ​យ៉ាងដំណំ​នៅលើ​ទឹកដី​ប្រេ​ស៊ី​ល​។ បើទោះបីជា​ពួកគេ​មាន​កៅអី​ទៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ​ក៏ដោយ ប៉ុន្តែ​ប្រេ​ស៊ី​ល បាន​បន្ត​កំណត់ត្រា​នៃ​ជ័យជម្នះ តាមរយៈ​ការបំបាក់​ស៊ី​លី ៣-០ ដែល​សម្រេចបាន​ដោយ Paulinho, និង Gabriel Jesus ពីរ​គ្រាប់​។​

​ដូច្នេះ​សម្រាប់​តំបន់ CONMEBOL ប្រេ​ស៊ី​ល អ៊ុយ​រូ​ហ្គា​យ អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី បាន​កៅអី​ទៅ​រុស្ស៊ី ខណៈ​ប៉េ​រូ ត្រូវ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ពី​នូ​វេ​ល​សេ​ឡង់ រីឯ​ស៊ី​លី ប៉ា​រ៉ា​ហ្គា​យ អេ​ក្វា​ឌ័​រ បូ​លី​វី និង​វេ​ណេ​ស៊ុយ​អេ​ឡា ត្រូវ​រងចាំ​ឱកាស World Cup ក្រោយ​ទៀត​៕


Tag:
 World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com