ជាតិ
គណៈមេធាវី ដាក់​ប្រតិភូ នៅ​ទូទាំងប្រទេស ដើម្បី​ជួយ​ផ្នែក​ច្បាប់ ដល់​ជនក្រីក្រ ដោយ​មិន​យកប្រាក់​
18, Oct 2017 , 10:47 am        
រូបភាព
​ភ្នំពេញ​៖ គណៈមេធាវី​កម្ពុជា បាន​បង្កើត​គោលនយោបាយ​ថ្មី ដោយ​ដាក់​ប្រតិភូ​របស់ខ្លួន តាម​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​យក​ថវិកា​។ លោក សួន វិសាល ប្រធាន​គណៈមេធាវី បានប្រកាស​យ៉ាង​ដូច្នេះ ក្នុង​មហាសន្និបាត​លើក​ទី​២២ របស់​គណៈមេធាវី ដែល​រៀបចំឡើង នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​។



​លោក ព្រហ្ម វិចិត្រ​អក្ខរា អគ្គលេខាធិការ​គណៈមេធាវី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​គោលនយោបាយ​ថ្មី​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ក្រីក្រ ឲ្យ​បាន​កាន់តែច្រើន ក្នុងការ​ស្វែងរក​មេធា​វី ពេល​មាន​ក្តី​ក្កាំ​នៅ​តុលាការ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ពីមុន ប្រជាពលរដ្ឋ ត្រូវ​ឡើងមក​គណៈមេធាវី នៅ​ភ្នំពេញ ដើម្បី​សុំ​ជំនួយ​ផ្នែក​ច្បាប់​ឬ​សុំ​មេធាវី ការពារ​ក្តី​។ តែ​ឥឡូវ ពួកគាត់ អា​ចរក​មេធាវី នៅតាម​ខេត្ត​របស់គាត់​តែម្តង មិនចាំបាច់​ឡើងមក​ភ្នំពេញ​ទេ​»​។

​លោក ព្រហ្ម វិចិត្រ​អក្ខរា បន្តថា ជាទូទៅ ការិយាល័យ​របស់​ក្រុម​មេធាវី (​ប្រតិភូ​) ដែល​រង់ចាំ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​នៅ​ស្ថិតក្នុង​បរិវេណ​តុលាការ តាម​រាជធានី​-​ខេត្ត នីមួយៗ តែម្តង​។ លោក បន្ថែមថា លុះត្រាតែ​តុលាការ មិនមាន​កន្លែង​គ្រប់គ្រាន់ ទើប​គណៈមេធាវី រៀបចំ​ការិយាល័យ​សម្រាប់​ក្រុម​មេធាវី នៅ​តាំង​ផ្សេង​វិញ​។

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​២0១៨ រដ្ឋាភិបាល ផ្តល់​ថវិកា​ចំនួន ៩​រយ​លាន​រៀល ដល់​គណៈមេធាវី ដើម្បី​ចាយវាយ​លើ​ការការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​។ សំណុំរឿង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទៅ​ពឹងពាក់​នៅ​គណៈមេធាវី​កន្លងមក មាន​រហូតដល់​ទៅជា​ង ២​ពាន់​ករណី​៕


Tag:
 គណៈមេធាវី​
  ជនក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com