ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​ទៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ CNRP បើ​ចង់​រក្សា​តំណែង គួរ​ចូល CPP
22, Oct 2017 , 6:07 pm        
រូបភាព
​ភ្នំពេញ​៖ បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​អស់នៃ​គណបក្ស​នេះ គ្រាន់តែ​យក​គណបក្ស​ប្រជាជន​កម្ពុជា ជាទី​ជម្រក នឹង​អាច​កាន់តំណែង​បាន​ដដែល ជាមិនខាន​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បើកផ្លូវ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដូច្នេះ​។​



​ទោះបីជា​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​នេះ មិនទាន់​អស់​ផ្លូវ​ដែរ ពោលគឺ ពួកគេ នៅតែ​អាច​បន្ត​កាន់តំណែង​របស់ខ្លួន​ដូច​មុន ដោយ​គ្រាន់តែ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជាង​៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២0១៧​។ 

​សម្តេច ហ៊ុន សែន បានបង្ហាញ​ជំនឿ​រហូតដល់​ទៅ​៩៩​ភាគរយ​ឯណោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយចោល​។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«[….] បើ​អ្នក​ចង់​រក្សា [​តំណែង​] ជា​មេឃុំ​-​ចៅសង្កាត់​តទៅទៀត អ្នក​ប្តូរ​ជីវភាព​មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​។ គណបក្ស [​សង្គ្រោះ​ជាតិ​] របស់​អ្នក​រលាយ​ហើយ អ្នក​មិនអាច​នៅ​ធ្វើជា​មេឃុំ​-​ចៅសង្កាត់ ឬ​ជំទប់ ឬ​សមាជិក​ក្រុមប្រឹក្សា បាន​ទៀត​ទេ​»​។​
 

​បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​ការរំលាយចោល ពី​សំណាក់​តុលាការ​កំពូល ដោយមាន​ក្រសួងមហាផ្ទៃ ជា​ម្ចាស់​បណ្តឹង​។ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​អ្នកស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​។ គណបក្ស​ទាំងពីរ រួមទាំង​ក្រសួងមហាផ្ទៃ យល់ថា ឯកឧត្តម កឹម សុខា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដោយ​មិនអាច​លើកលែង​ឲ្យ​បាន រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ 

​ខណៈ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល ការកែប្រែ​ច្បាប់​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ជារួម​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​និង​ភាពជា​តំណាង​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​» ក៏​ស្រាប់តែ​កើតមានឡើង ក្រោម​ការផ្តួចផ្តើម​រប​ស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ច្បាប់​ទាំង​៤ ដែល​ត្រូវបាន​កែប្រែ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ដូច្នេះ ឲ្យ​តែ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ទាំង​៤ ចូល​ជា​ធរមាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​ត្រូវបាន​រំលាយចោល​មែន​នោះ រាល់​អាសនៈ​ក្នុង​រដ្ឋសភា និង​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​។ 

​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចែងថា អាសនៈ​ក្នុង​រដ្ឋសភា​របស់​គណ​បក្ស ដែល​ត្រូវ​រំលាយចោល ត្រូវ​បែងចែក​ឲ្យ គណបក្ស​នានា លើកលែងតែ​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ ប៉ុន្តែ ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ បានចែង​បន្តថា បើ​គណបក្ស​នានា ប្រកាស​មិន​ទទួលយក គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា អាចមាន​សិទ្ធិ​ទទួលយក​អាសនៈ​របស់​គណបក្ស ដែល​ត្រូវ​រំលាយចោល​។  

​ចំណែក ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ បាន​កំណត់ថា រាល់​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស ដែល​ត្រូវបាន​រំលាយ ត្រូវ​បែងចែក​ឲ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់​ជាមួយ​។ បើតាម​ខ្លឹមសារ​នេះ គណបក្ស​ណា ក៏​អាច​ទទួលបាន​អាសនៈ​របស់​គណបក្ស ដែល​ត្រូវបាន​រំលាយ​ដែរ ដោយ​មិន​គិតថា គណបក្ស​នោះ កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឬ​មិន​ដឹកនាំ​រដ្ឋាភិបាល​ឡើយ​។ ចំណុច​សំខាន់ ក្នុង​សេចក្តីស្នើ​នេះ គឺ​នៅត្រង់ថា ឲ្យ​តែ​គណបក្ស​ណា បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់ ជាមួយ​គណបក្ស ដែល​ត្រូវ​រំលាយ គណបក្ស​នោះ នឹង​ទទួលបាន​ផលចំណេញ​ពី​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​។ 

​សូមបញ្ជាក់ថា ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២0១៣ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​៥៥​។ ហើយ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ក្នុង​ឆ្នាំ​២0១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ​ជា ៥​ពាន់​ឯណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com