ជាតិ
ខ្មែរ​-​អាមេរិក សុំ​រដ្ឋាភិបាល​លោក ត្រាំ បញ្ឈប់​បញ្ជូន​អ្នក​ធ្លាប់​មានទោស​មក​ស្រុក​ខ្មែរ​
26, Oct 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ វា​ជា​ទង្វើ​អមនុស្សធម៌ ដែល​រដ្ឋាភិបាល​អាមេរិក ដាក់ទោស​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​ទៅ​រស់​នៅលើ​ទឹកដី​អាមេរិក​ឲ្យ​ជាប់ពន្ធនាគារ ព្រោះ​ប្រព្រឹត្ត​បទល្មើស​ណាមួយ ហើយ​បន្ទាប់មក ក៏​បណ្តេញ​ពួកគេ ឲ្យ​វិល​មក​កម្ពុជា​វិញ​។ ពលរដ្ឋ​ខ្មែរ​-​អាមេរិក​មួយចំនួន លើកឡើង​ដូច្នេះ ហើយ​សុំ​រដ្ឋាភិបាល​អាមេរិក ពិចារណា​ឡើងវិញ​ចំពោះ​ការដាក់ទណ្ឌកម្ម​ពីរដង​បែបនេះ លើ​ពលរដ្ឋ​ខ្មែរ​-​អាមេរិក​។​



​ពលរដ្ឋ​ខ្មែរ​-​អាមេរិក​មួយចំនួន ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​មក​រស់នៅ​កម្ពុជា​វិញ ព្រោះ​ប្រព្រឹត្ត​កំហុស​ណាមួយ បានស្នើ​ទៅ​រដ្ឋាភិបាល​អាមេរិក ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សុំ​ឲ្យ​បញ្ឈប់​ការអនុវត្ត​ច្បាប់​ឬ​គោលនយោបាយ​បែបនេះ លើ​ពលរដ្ឋ​ខ្មែរ​-​អាមេរិក ផ្សេងទៀត​។ សំណើ​របស់​ពួកគេ ធ្វើឡើង​តាមរយៈ​សន្និសីទកាសែត​មួយ នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២0១៧​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ ដែល​ស្ថិតនៅ​ទាល់​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។



​ពលរដ្ឋ​ខ្មែរ​ខាងលើ ដែល​ធ្លាប់​ភៀសខ្លួន​ទៅ​រស់នៅ​អាមេរិក សង្ឃឹមថា​សំណើ​របស់ខ្លួន ក្នុង​សន្និសីទកាសែត​នោះ នឹង​បាន​ទៅដល់​ស្ថា​ត​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ពិចារណា​ឡើងវិញ​ចំពោះ​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​-​អាមេរិក ឲ្យ​មក​រស់នៅ​កម្ពុជា ក្រោម​ហេតុផល​ថា​បានធ្វើ​ខុសច្បាប់​។ ពួកគេ យល់ថា ការដាក់ទណ្ឌកម្ម​ណាមួយ ដូចជា​ឲ្យ​ជាប់ពន្ធនាគារ គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ ពុំគួរ​ណា​បណ្តេញចេញ​ទៀត​នោះទេ​។ 

​លោក ខេ​វិ​ន ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ម្នាក់ ដែល​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក បញ្ជូនមក​កម្ពុជា​វិញ ព្រោះ​បាន​ប្រព្រឹត្ត​កំហុស​នៅលើ​ទឹក​អាមេរិក បាន​និយាយ​ក្នុង​សន្និសីទកាសែត​ទាំង​អួលដើមក អំពើ​បទពិសោធ​ជូរចត់​របស់ខ្លួន​។ លោក ខេ​វិ​ន រៀបរាប់ថា លោក បាន​វាយតប់​គ្នា​ជាមួយ​បុរស​ម្នាក់ ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​កន្លះ​ឆ្នាំ​។ ពេល​ចេញពី​ពន្ធនាគារ លោក មានឱកាស​បានរស់នៅ​និង​ធ្វើការ​នៅ​អាមេរិក​មួយឆ្នាំ តែ​ក្រោយមក​ក៏​រដ្ឋាភិបាល​អាមេរិក បញ្ជូនមក​កម្ពុជា​វិញ​។

​លោក ខេ​វិ​ន មិន​រិះគន់​ឡើយ ដែល​លោក​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ប៉ុន្តែ​លោក មិនអាច​ទទួលយកបាន​ចំពោះ​ការបណ្តេញ​ចេញពី​អាមេរិក​។ លោក និយាយ​បែបនេះ​៖«​ពេល​គេ​បណ្តេញចេញ ខ្ញុំ​ពិបាកចិត្ត​ខ្លាំងណាស់ ព្រោះ​ត្រូវ​បែកបាក់​គ្រួសារ និង​ឪពុកម្តាយ​។ គ្រួសារ ត្រូវ​រស់នៅ​ជាមួយគ្នា មិនអាច​បំបែ​ប​គ្នា​បានទេ​។ សូម​សួរ​វិញ​ថា បើ​ពួកគាត់ [​រដ្ឋាភិបាល​អាមេរិក​] ស្ថិតក្នុង​ស្ថានភាព​បែប​ហ្នឹង តើ​ពួកគាត់ មាន​អារម្មណ៍​យ៉ាងម៉េច​?»​។

​ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ផ្សេងទៀត ដែល​អ្នកខ្លះ ត្រូវបាន​បណ្តេញ​ចេញពី​អាមេរិក ដូច​លោក ខេ​វិ​ន ហើយ​អ្នកខ្លះ​ធ្លាប់​ធ្វើជា​ប្រធាន​ក្នុង​សហគមន៍​នានា​ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​ទៅ​រស់នៅ​អាមេរិក បានលើកឡើង​ស្រដៀង​គ្នា ជុំវិញ​បញ្ហា​នេះ​។ ពួកគេ​ចាត់ទុក​ការអនុវត្ត​ច្បាប់​ខាងលើ ថា​គ្មាន​មនុស្សធម៌ ហើយក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ឡើងវិញ​។

​លោក រស់ ចន្ទ្រា​បុត្រ ដែលជា​ទីប្រឹក្សា​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​នោះ បាន​រិះគន់​រដ្ឋាភិបាល​អាមេរិក​ខ្លាំងៗ ចំពោះ​ការអនុវត្ត​គោលនយោបាយ​បែបនេះ​ទៅលើ​ជនភៀសខ្លួន​។ លោក រស់ ចន្ទ្រា​បុត្រ បញ្ជាក់​ក្នុង​សន្និសីទ​យ៉ាង​ដូច្នេះ​៖«​ធ្វើ​អ៊ីចឹង វា​ខុសច្បាប់​ធម្មជាតិ មិន​គោរព​សិទ្ធិមនុស្ស ហើយក៏​អមនុស្សធម៌​ដែរ​។ ទង្វើ​នេះ គឺ​មិន​ឲ្យ​តម្លៃ​មនុស្ស និង​សីលធម៌​។ ដាក់ពន្ធនាគារ ហើយ​បណ្តេញចេញ​ទៀត​។ វា​ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​»​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បានរៀបចំ​និង​សម្របសម្រួល​សន្និសីទ​នោះ ក៏​មិន​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គោលនយោបាយ​បែបនេះ ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​ដែរ​។ លោក សង្ឃឹមថា សារ​របស់​ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ទាំងនោះ នឹង​ទៅដល់​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។



​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូបនេះ មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង នៅតែ​ចង់​ជជែក​គ្នា​ជាមួយ​អាមេរិក ដើម្បី​រក​ដំណោះស្រាយ​»​។ ប៉ុន្តែ​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​មិន​បោះបង់​ពលរដ្ឋ​ខ្មែរ -​អាមេរិក​ឡើយ ប្រសិនបើ​ពួកគេ ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​បណ្តេញចេញ ហើយ​បញ្ជូនមក​កម្ពុជា​វិញ​។

​កន្លងមក​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​ធ្លាប់​ប្រតិកម្ម​ទៅនឹង​រដ្ឋាភិបាល​អាមេរិក​ដែរ ចំពោះ​រឿងនេះ​ដែរ​។ សម្តេច ហ៊ុន សែន ចាត់ទុកថា​វា​ជា​អំពើ​អមនុស្សធម៌ ដែល​ពលរដ្ឋ​ខ្មែរ​-​អាមេរិក ត្រូវបាន​ដាក់ទោស​រួច​ហើយ ហើយ​ក្រោយមក​ត្រូវបាន​បណ្តេញចេញ​ទៀត​នោះ​។

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ជិត​៦00​នាក់​ហើយ ដែល​ត្រូវបាន​បញ្ជូនមក​កម្ពុជា​វិញ ដោយសារតែ​ធ្វើ​ខុសច្បាប់​។ ក្នុងចំណោម​អ្នក​ទាំងនោះ ពលរដ្ឋ​ខ្មែរ​-​អាមេរិក​ជាង​១0​នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ក្រោយ​មកដល់​កម្ពុជា ព្រោះតែ​ការបែកបាក់​គ្រួសារ និង​គ្មាន​ទី​ពំនាក់​៕



Tag:
 ​ខែ្មរ​-​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com