ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​ហ្វ៊ុនស៊ិនប៉ិច សុំ​កុំ​ឲ្យ​បន្ទោស​ខ្លួន បើ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​
27, Oct 2017 , 2:47 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ឬ​មិន​រំលាយ គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​កំពូល និង​ក្រសួងមហាផ្ទៃ ដោយ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើយ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចេញមក​ការពារ​បែបនេះ ស្របពេល​មានការ​រិះគន់ថា ចង់​ឲ្យ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បាន​អាសនៈ​។



​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងមិន​ទទួលយក​ឡើយ ចំពោះ​ការទម្លាក់​កំហុស​លើ​ខ្លួន ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ នាពេលខាងមុខ​។ គណបក្ស​រាជានិយម ដែល​ធ្លាប់​ដឹកនាំ​រដ្ឋាភិបាល​មួយ​នេះ ប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ឬ​យ៉ាងណា​នោះ គឺ​ត្រូវ​សម្រេច​ដោយ​ច្បាប់ ហើយ​ស្ថាប័ន​ដែលមាន​ដែន​សមត្ថកិច្ច ក្នុង​ចំណាត់ការ​នេះ គឺ​ក្រសួងមហាផ្ទៃ​និង​តុលាការ​កំពូល​។

«​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅជា​ជនរងគ្រោះ​វិញ​។ ពេល​គេ​រំលាយ​គាត់ [​គណបក្ស​សង្គ្រោះ​ជាតិ​] គាត់​នាំគ្នា មក​ជេរ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ គាត់​នាំ​គា្ន​ថា មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ វា អត់​យុត្តិធម៌​»​។ លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​មាន​តួនាទី​ជា​អ្នកនាំពាក្យ​ផង​នោះ បានលើកឡើង​យ៉ាង​ដូច្នេះ ក្នុង​សន្និសីទកាសែត​មួយ​ស្តីពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២0១៧​នេះ​។


រូបភាព​៖ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​និង​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​នៅ​កណ្តាល​)  ថ្លែង​ក្នុង​សន្និសីទកាសែត​ស្តីពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២0១៧​

​លោក ញ៉េប ប៊ុនជិន អះអាងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ប្រាថ្នា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រលាយ ហើយ​រំពៃមើល​អាសនៈ​ក្នុង​រដ្ឋសភា​ឬ​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​នេះឡើយ​។ ប៉ុន្តែ លោក បញ្ជាក់ថា ប្រសិនបើ​តុលាការ​កំពូល រំលាយចោល​មែន ហើយ​រាល់​អាសនៈ​និង​ភាពជា​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​មិន​ប្រកែក​ដែរ​។ លោក យល់ថា ការទទួលយក​អាសនៈ​ទាំងនោះ គឺ​ស្រប​នឹង​ច្បាប់ ដោយ​មិនមាន​កំហុស​អ្វី​ឡើយ​។​

​ថ្លែង​ក្នុង​សន្និសីទ​នោះ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឆ្លៀត​បន្ទោស​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា​ជា​អ្នក​សាង​កំហុស​ដោយ​ខ្លួនឯង​។ លោក និយាយ​បែបនេះ​ថា​៖«​កំហុស​របស់គាត់​ផ្ទាល់ បើ​គណបក្ស​ស​ង្គោះ​ជាតិ​ត្រូវបាន​រំលាយ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អត់​ដែល​ច្រណែន ស្អប់ ខឹង​គាត់​ទាល់តែសោះ​»​។​

​ថ្មីៗ​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញមក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល រួមទាំង​តុលាការ​កំពូល ដែល​ចាត់ការ​លើ​ឯកឧត្តម កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនយោបាយ​ចាស់វស្សា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​កម្ពុជា​រូបនេះ បានបង្ហាញ​បំណង​ចង់​ឲ្យ​តុលាការ​កំពូល ចាត់ការ​លើ​គណបក្ស​ស​ង្គ្រោះ​ជាតិ ឲ្យ​បាន​ឆាប់រហ័ស​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ​ដោយសារ​មិន​លើក​ទូរ​សព្ទ​។ ប៉ុន្តែ កន្លងមក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ប្រតិកម្ម​នឹង​សម្តេចក្រុមព្រះ និង​គណ​ហ្វ៊ុនស៊ិនប៉ិច​។ លើសពីនេះ សម្តេចក្រុមព្រះ និង​គណ​ហ្វ៊ុនស៊ិនប៉ិច ក៏​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ជា​ភាគី​ដំបូង ដែល​នាំគ្នា​យក​សំណើ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ទាំងពីរ​នេះ យល់ថា ឯកឧត្តម កឹម សុខា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ហើយ​អាច​រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ បច្ចុប្បន្ន តុលាការ​កំពូល កំពុងតែ​ចាត់ការ​លើ​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​មែន​នោះ រាល់​អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​និង​អាសនៈ​ជាស​មា​ជិ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ​៥​ពាន់ រួមទាំង​អាសនៈ​ជា​សមាជិក​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​។ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាចនឹងទទួល​បាន​អាសនៈ​ទាំងនោះ​ខ្លះ​។

​ច្បាប់​ចំនួន​៤ ដែល​ទើបនឹង​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឲ្យ​មានការ​បែងចែក​អាសនៈ​របស់​គណបក្ស​ណាមួយ ដែល​ត្រូវបាន​រំលាយ​។ ច្បាប់​ទាំង​៤ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​បណ្តឹងសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការកែប្រែ​ច្បាប់​ទាំង​៤ ព្រមទាំង​ការចាប់​ឯកឧត្តម កឹម សុខា បណ្តាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រង​ការ​ថ្កោលទោស​ជា​បន្ត​បន្ទាប់ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា ចំណាត់ការ​ខាងលើ គឺ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​មិនអាច​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ លូកដៃ​ចូល​បានឡើយ​៕


Tag:
 Funcinpec
  CNRP
  ញ៉េប ប៊ុនជិន​
© រក្សាសិទ្ធិដោយ thmeythmey.com