បទយកការណ៍ / បទសម្ភាសន៍
រដូវ​អា​ពា​ហ៌​ពិ​ពា​ហ៌​៖ ធៀប​ការ ក្លាយជា​គំនាប​ហិរញ្ញវត្ថុ
28, Oct 2017 , 10:59 pm        
រូបភាព
ដោយ:
 
​រដូវ​រៀប​អាពាហ៍ពិពាហ៍​បាន​ចូលមក​ដល់ មនុស្សម្នា ក៏​ចាប់ផ្តើម​សួរ​គ្នា ពី​ចំនួន​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​ពិធី​ការដែល​ពួកគេ​បានទទួល​។ ពិតណាស់ថា ការអញ្ជើញ​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍ ជា​ប្រពៃណី​ទំនៀមទម្លាប់​មួយ​របស់​ខ្មែរ ប៉ុន្តែ​ចំនួន​ធៀប​ការ​ទាំងនោះ ក្លាយជា​សម្ពាធ​ហិរញ្ញវត្ថុ សម្រាប់​អ្នក​ដែល​ទទួលបាន​លិខិតអញ្ជើញ​ទាំងនោះ ដោយ​ត្រូវ​ចំណាយ​ប្រាក់​កាន់តែច្រើន ដើម្បី​ចូលរួម​ពិធី​។  ភ្ញៀវ​ស្រីៗ​ទៀតសោត ក៏ត្រូវ​ចំណាយ​ច្រើនជាង​បុរស​ដែរ ដែល​មិន​ត្រឹមតែ​ចំណងដៃ​ទៀត ប៉ុន្តែ​ចំណាយ​សម្លៀកបំពាក់ ការ​តែង​លំអ​កាយ និង​រួមទាំង​ការ​ចងដៃ បូក​បញ្ចូល​គ្នា ធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​រអា​នឹង​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធីមង្គលការ​។​


​នៅក្នុង​រដូវ​រៀប​អាពាហ៍ពិពាហ៍​ម្ដងៗ ពលរដ្ឋ​ភាគច្រើន​ប្រាកដជា​ទទួលបាន​នូវ​សំបុត្រ​ការ​ពី​សំណាក់ ញាតិមិត្ត​របស់ខ្លួន​ជាក់​ជាមិនខាន​។ នៅពេល​ខ្លះ​មនុស្ស​ម្នាក់​អាច​ទទួល​សំបុត្រ​ការ​ចាប់ពី​៣ ទៅ​៥ សំបុត្រ​ក្នុង​មួយខែ​។ ការទទួល​សំបុត្រ​ការ​ច្រើន​បែបនេះ គេ​ក៏​ប្រឈម​ទៅនឹង​ការរក​ប្រាក់​ជាច្រើន ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​នោះ ដែល​ហាក់ដូចជា​គំនាប​ផ្លូវចិត្ត និង​សេដ្ឋកិច្ច​មួយ​ទៅវិញ​។ 
 
​កញ្ញា ឌី លី​តា បុគ្គលិ​ក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ធៀប​ការដែល​នាង​ទទួលបាន គឺ​សុទ្ធតែជា​សាច់ញាតិ​ដែល​មិនអាច​ខកខាន​បាន​។ មែនទែនទៅ បើ​គ្រាន់តែ​ចំណាយ​លើ​ចំណងដៃ ប្រហែល លី​តា មិន​រអ៊ូ ខ្លាំង​នោះទេ ប៉ុន្តែ លី​តា ត្រូវ​ចំណាយ​យ៉ាងច្រើន​លើ​សម្លៀកបំពាក់ កាបូប ស្បែកជើង និង​ការតុបតែង​លំអ​ប្រាណ ដើម្បី​ចូលរួម​ពិធី​មង្គល​របស់​មិត្តភក្តិ និង​សាច់ញាតិ​។ ហេតុ​ដូច្នេះហើយ ពេលខ្លះ កញ្ញា ឌី លី​តា ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​ពេល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់​មិត្តភក្តិ​ទៀតផង ដើម្បី​ចងដៃ​។ កញ្ញា ឌី លី​តា បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖ «​និយាយ​ពី​រឿង​ទៅ​ការ​គេ ខែ​ខ្លះ ខ្ញុំ​ចូលដល់​៤ ៥ រោង​។  ចំណាយ​ច្រើនណាស់ មួយ​រោងៗ លើ​រ៉ូ​ប ផាត់មុខ ធ្វើ​សក់ ហើយ​នៅ​ថ្លៃ​ចំណងដៃ​ទៀត​។ ពេលខ្លះ​ដោះស្រាយ​មិនទាន់ មានតែ​ខ្ចី​គេ​យកទៅ​ចងដៃ​សិន​។ ពេលខ្លះ​ការ​មិត្ត​ភ័​ក្ត​ជិតស្និទ្ធ ក៏​ជំពាក់​ចំណងដៃ​គេ​សិន ហើយ​សម្រាប់​មិត្ត​ភ​ក្តិ​ជិតស្និទ្ធ ពេលខ្លះ​ក៏​មិន​ចងដៃ​តែម្តង​»​។​
 
​ធៀប​ការចូល​ផ្ទះ​ច្រើន ក៏​កំពុង​ធ្វើ​ឲ្យ អ្នកនាង  ហេង បូរី ពិបាកចិត្ត​ដែរ​។ ពិបាកចិត្ត ក៏​ព្រោះតែ​ត្រូវ​ចំណាយ​ច្រើន និង​មិនអាច​ខកខាន​បាន​។ ស្ត្រី​វ័យ ២៥​ឆ្នាំ រូបនេះ ថា​នាង​ត្រូវ​ចំណាយ​ប្រមាណ​៦០​ដុល្លារ លើ​ធៀប​ការ​មួយ​។  ស្ត្រី​រូបនេះ ក៏​បង្ហើប​ដែរ​ថា នាង​ធ្លាប់  ខ្ចីលុយ​គេ​បង្គ្រប់​ថ្លៃ​ចងដៃ ដោយសារ​ចំណាយ​ច្រើនពេក ហើយ​ពេលខ្លះ ក៏​ផ្ញើ​តែ​ប្រាក់​ចំណងដៃ​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​ចំណាយ​ដទៃទៀត​។ អ្នកនាង ហេង បូរី រអ៊ូរទាំ​ទៀតថា​៖«​ខ្ញុំ​ចងដៃ​គេ ពី​២០ ទៅ​៣០​ដុល្លារ ផាត់មុខ​ធ្វើ​សក់​ទៀត​១០​ដុល្លារ ហើយ​បើ​ចំណាយ​ទៅលើ​ការទិញ​រ៉ូ​ប​ថ្មី​ទៀត​នោះ យ៉ាងហោច ក៏ត្រូវ​ចំណាយ​៥០​ដុល្លារ​ថែមទៀត​ដែរ​។ ព្រោះ​មនុស្ស​ស្រី​មិនសូវ​ស្លៀក​រ៉ូ​ប​ដដែលៗ ទៅ​ការ​គេ​នោះទេ​»​។ 
 
​ទោះជា​បុរសៗ មិនសូវ​ចំណាយ​ច្រើន​លើ​ការតុបតែង​ខ្លួន​ក៏ដោយ ប៉ុន្តែ​ការទទួលបាន​ធៀប​ការ​ច្រើន ក្នុង​មួយខែៗ ក៏​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយចិត្ត​ដែរ​។ បុរស វ័យ​៣៨​ឆ្នាំ​ថា នៅពេលដែល​ធៀប​ការចូល​ច្រើន​នៅក្នុង​ខែ​តែមួយ អ្វីដែល​លោក​អាចធ្វើ​បាន គឺ​ខ្ចីប្រាក់​ពី​កន្លែងធ្វើការ​មុន ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ និង​ចងដៃ​​។  ពេលខ្លះ ចំណាយ​អាច​កើនឡើង​ទ្វេដង បើសិនជា​មង្គលការ​នោះ​ត្រូវ​ចូលរួម​ជា​លក្ខណៈ​គ្រួសារ ហើយ​ពេល​ខ្លួនលោក វី គ្រាន់តែ​ផ្ញើ​ប្រាក់​ចំណងដៃ​ទៅ​តែប៉ុណ្ណោះ សម្រាប់​អ្នក​មិនសូវ​ស្និទ្ធ ព្រោះ​វិធី​នេះ​ចំណាយ​តិចជាង​។​
​សម្រាប់​លោក ប៊ី វី ទោះជា​មង្គលការ ជា​រឿង​ម្នាក់​ម្តង ប៉ុន្តែ​លោក ត្រូវ​ប្រឈម​នឹង​ការ​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារតែ​ការរក្សា​មិត្តភាព និងទំនាក់​ទំនង​ក្នុងសង្គម​។ 
 
​នេះ​គឺជា​បញ្ហា​សង្គម​មួយ ដែល​ត្រូវ​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា ហើយ​ត្រូវ​ចាប់ផ្តើម​ពី​ម្ចាស់​ដើមការ ដែល​គួរតែ​គិតគូរ​មុននឹង​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​ពិធីមង្គលការ​កូន ឬ​មង្គល​ការខ្លួន​។ ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ គួរតែ​អ្នក​ដែល​ជិតស្និទ្ធ ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​នៃ​ការ​រាប់អាន​គ្នា និង​កុំ​ឲ្យ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធីមង្គលការ យល់ថា មាន​គំ​រាប​ហិរញ្ញវត្ថុ​៕

Tag:
 ធៀប​ការ​
 ​ មិត្តភាព​
 ​ ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com