អន្តរជាតិ
ការដឹកជញ្ជូន​សម្ភារ​ផ្ដល់ជំនួយ​ជួប​ការលំបាក ខណៈ​ស្ថានភាព​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កាន់តែ​យ៉ាប់យ៉ឺន
02, Nov 2017 , 10:01 am        
រូបភាព
ដោយ: VOA
​ហ្សឺ​ណែវ៖ ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ស្ថានភាព​អាក្រក់​នៃ​ផ្លូវថ្នល់​និង​អាកាសធាតុ បានធ្វើ​ឲ្យ​មានការ​លំបាក ក្នុងការ​ដឹកជញ្ជូន​ជំនួយ​ចាំបាច់ ដល់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ ដែល​កំពុង​រស់នៅក្នុង​តំបន់​ដ៏​តូច​ណែន​តាន់តាប់​ក្នុងប្រទេស​បង់​ក្លា​ដេ​ស​។​



​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ហៅ​កាត់ IOM (International Organization for Migration) បាន​រាយការណ៍​ថា មាន​ជនភៀសខ្លួន​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា​ជាង ៨០០.០០០ នាក់ កំពុង​រស់នៅក្នុង​ទីក្រុង​កំពង់ផែ Cox's Bazar​។ មាន​មនុស្ស​ជាង ៦០០.០០០ នាក់ បាន​រត់គេច​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងអំឡុងពេល​២​ខែ​ចុង​ក្រោយនេះ​។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដទៃទៀត​បានមក​ដល់ទី​នោះ បន្ទាប់ពី​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​អ្នកនាំពាក្យ​អង្គការ IOM លោក Joel Millman បាន​និយាយថា ភាគច្រើន​នៃ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ទើបតែ​មកដល់​ថ្មី កំពុង​រស់នៅ​បណ្ដោះអាសន្ន​ក្នុង​តង់​ដ៏​ណែន​តាន់តាប់​។ លោក​បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ច្រើន​ខ្លាំង និង​បញ្ហា​ដឹកជញ្ជូន​ផ្សេងៗ​ទៀត កំពុងតែ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​និង​គ្រឿង​ជំនួយ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ដឹក​តាម​កប៉ាល់​ទៅកាន់​តំបន់ ដែល​ជនភៀសខ្លួន​ទាំងអស់នោះ​ត្រូវការ​។​

​លោក​និយាយថា ការសាងសង់​ផ្លូវ​បន្ថែម ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដូចជា ប្រព័ន្ធ​លូបង្ហូរទឹក និង​ជណ្ដើរ ត្រូវតែ​សាងសង់​បន្ថែមទៀត ដើម្បី​ធានាថា ជនភៀសខ្លួន​ទាំងនោះ អាច​ទទួលបាន​សេវា​ទាំងនោះ​កាន់តែ​រហ័ស ហើយ​មាន​ប្រសិទ្ធភាព​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​ឧទាហរណ៍ ទឹក​ប្រមាណ ៧៤១.០០០ លីត្រ ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ទៅកាន់​ជំរំ​ទាំងនោះ ដោយសារតែ​ការទទួលបាន​ទឹក​នៅមាន​កំណត់ ជាពិសេស​ការដឹកជញ្ជូន​ទឹក​ឲ្យ​ទៅដល់​ទីកន្លែង​ផ្ទាល់​... ការដឹកជញ្ជូន​ទឹក​នេះ ត្រូវធ្វើឡើង​តាម​ជម្រាល​ជើងភ្នំ ដើម្បី​ជញ្ជូន​ទៅកាន់​កន្លែង​មាន​មនុស្ស​ចាស់ និង​ក្មេងៗ ដែល​ពួកគេ​មិនអាច​ទៅយក​ដោយ​ខ្លួនឯងបាន​»​។​

​លោក Millman និយាយថា ជនភៀសខ្លួន​ទាំងនោះ បានមក​ដល់​ជំរំ​ដោយមាន​សម្ភារ​និង​របស់របរ​ជាប់​ខ្លួន​តិចតួច ឬក៏​គ្មាន​ទាល់តែសោះ​។ លោក​បន្ថែមថា ពួកគេ​គ្មាន​មធ្យោបាយ​ដើម្បី​សាងសង់​លំនៅឋាន ដែល​អាច​រស់​នៅបាន ឬ​អាច​ការពារ​ខ្លួន​ពី​អាកាសធាតុ​អាក្រក់​នោះទេ​។ លោក​ក៏បាន​បន្ថែមទៀតថា អង្គការ IOM បានផ្តល់​សម្ភារ​ចាំបាច់​បឋម​សម្រាប់​ការរស់នៅ ដើម្បី​ជួយ​ក្រុមគ្រួសារ​ទាំងនោះ​។​

​លោក​បាន​លើកឡើងថា​៖ «​តម្រូវការ​ថ្នាំពេទ្យ​នៅក្នុង​ជំរំ ត្រូវការ​ខ្លាំងណាស់ ជាពិសេស ដោយសារ​ជនភៀសខ្លួន​ជាច្រើន​នាក់ បានធ្វើ​ដំណើរ​ឆ្ងាយ ដើម្បី​ទៅដល់​ប្រទេស​បង់​ក្លា​ដេ​ស​។ ហើយ​នៅតាម​ផ្លូវ​ធ្វើដំណើរ មាន​មនុស្ស​ជាច្រើន​នាក់​បាន​រង​អំពើ​បៀតបៀន​លើ​រាងកាយ និង​ផ្លូវភេទ​។ ហើយ​ពួកគេ ឥឡូវ​កំពុង​រស់នៅក្នុង​ជំរំ ដែលមាន​មនុស្ស​រស់នៅ​ណែន​តាន់តាប់ ដែល​ទីកន្លែង​ទាំងនោះ​មិនទាន់​ត្រូវ​បានរៀបចំ​រួចរាល់ សម្រាប់​ការ​ស្នាក់នៅ​របស់​ជនភៀសខ្លួន​លើសពី ៨០០.០០០​នាក់​»​។​

​លោក Millman និយាយថា អង្គការ IOM បានរៀបចំ​មណ្ឌល​ផ្ដល់​សេវា​សុខភាព​បឋម និង​សង្គ្រោះបន្ទាន់ សម្រាប់​អ្នកជំងឺ ៥៣.០០០ នាក់​។ លោក​ថា សម្ភារ​ក្នុង​ការផ្តល់សេវា​បង្កើត​កូន និង​ទីភ្នាក់ងារ​តាមដាន​ស្ថិរភាព​នៃ​ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ ត្រូវបាន​បង្កើតឡើង សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​រស់នៅក្នុង​ជំរំ Kutupalong ដ៏​ធំ​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com