អន្តរជាតិ
នាយករដ្ឋមន្ត្រី​ហូ​ឡង់ លោក Mark Rutte ជិះ​កង់​ទៅ​ចូលគាល់​ព្រះមហាក្សត្រ​
02, Nov 2017 , 9:39 pm        
រូបភាព
ដោយ: ធីតា
​លោកនាយក​រដ្ឋមន្ត្រី​ហូ​ឡង់ Mark Rutte កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​ជិះ​កង់​ទៅកាន់​រាជវាំង Noordeinde Palace ដើម្បី​ថ្វាយ​របាយការណ៍​ដល់​ព្រះមហាក្សត្រ ស្តីពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី​របស់លោក​។ រូបថត​ដែល​បង្ហាញ​ពី​សកម្មភាព​លោក Mark Rutte ទុក​កង់​នៅមុខ​វាំង មានការ​ទាក់ទាញ​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​។​


​លោក Mark Rutte បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ហូ​ឡង់​តាំងពី​ឆ្នាំ​២០១០ មក ។ ក្រោយ​ការបោះឆ្នោត​សភា កាលពី​ខែ​១៥ ខែ​មិនា កន្លងទៅ គណបក្ស People’s Party for Freedom and Democracy (VVD) បាន​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​៣​ទៀត ដោយ​លោក Mark Rutte ត្រូវ​បន្ត​ដឹកនាំ​រដ្ឋាភិបាល ហើយ​ត្រូវ​រុះរើ​គណរដ្ឋមន្ត្រី​ជា​លើក​ទី​បី​។​

​សមាភាព​រដ្ឋមន្ត្រី​ថ្មី​ពិតជា​ផ្តល់នូវ​ការចាប់អារម្មណ៍​ច្រើន ប៉ុន្តែ​សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តា​ព័ត៌មាន​មួយចំនួន ពួកគេ​បាននាំគ្នា​ផ្តោតលើ​ទម្លាប់​ដ៏​សាមញ្ញ​របស់លោក​នាយក​រដ្ឋមន្ត្រី Mark Rutte​។ កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​មក មេដឹកនាំ​ហូ​ឡង់​វ័យ​៥០​ឆ្នាំ​រូបនេះ បាន​ជិះ​កង់​ទៅកាន់​ព្រះរាជវាំង Noordeinde Palace ក្រុងឡាអេ ដើម្បី​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ Willem-Alexander ទាក់ទង​នឹង​សមាសភាព​រដ្ឋាភិបាល​ថ្មី​។​



​លោក Mark Rutte ត្រូវបាន​ចាត់ទុកថា ជា​មេដឹកនាំ​ម្នាក់​ដែល​ស្រឡាញ់​បរិស្ថាន​បំផុត ហើយ​លោក​ចូលចិត្ត​ជិះ​កង់​។ សម្រាប់​សមាសភាព​រដ្ឋា​ភិ​បាល​ថ្មី លោក Rutte ក៏មាន​កម្មវិធី​នយោបាយ​ក្នុងការ​ទប់ស្កាត់​ការ​បំផុត​បរិយាកាស ដែល​ជះ​ផល​មិនល្អ​លើ​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក Karel van Oosterom តំណាង​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ហូ​ឡង់ បាន បង្ហោះ​រូបថត​លោក Mark Rutte ដែល​ជិះ​កង់ ហើយ​ចាក់សោរ​ទុក​នៅមុខ​ព្រះបរមរាជវាំង នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ផងដែរ​។​

​កាលពី​ខែមិថុនា កន្លងទៅ ក្នុងជំនួប​ផ្លូវរដ្ឋ លោក Rutte បានផ្តល់​អំណោយ​កង់​មួយ​គ្រឿង​ដល់​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi​។ រូបថត​របស់លោក Rutte ត្រូវបាន​សារព័ត៌មាន​ជាច្រើន​លើ​ពិភពលោក យកទៅ​សរសេរ​ដោយ​បង្កប់ន័យ​រិះគន់​ថ្នាក់ដឹកនាំ​របស់ខ្លួន ដោយ​ពួកគេ​លើកឡើងថា ថ្នាក់ដឹកនាំ​នៅ​ប្រទេស​អ្នកមាន​ដូចជា​ហូ​ឡង់ បែរជា​ជ្រើសរើស​ការ​ជិះ​កង់ ខណៈ​ថ្នាក់ដឹកនាំ​នៅ​ប្រទេស​ក្រីក្រ បែរជា​គិតគូរ​តែ​លើ​ការប្រើប្រាស់​រថយន្ត​ទំនើបៗ ៕


Tag:
 Mark Rutte
  កង់​
© រក្សាសិទ្ធិដោយ thmeythmey.com