ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ុល ហំ​ម ឈប់​ធ្វើ​នយោបាយ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​
07, Nov 2017 , 12:29 pm        
រូបភាព
រូបភាព៖ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ
រូបភាព៖ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ
ភ្នំពេញ​៖ គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គ្មាន​លោក ប៉ុល ហំ​ម លើ​ឆាកនយោបាយ​ដែរ​។ នេះ​ជា​សារ​របស់លោក ប៉ុល ហំ​ម ដែល​លើកឡើង ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ ប្រឈម​នឹង​ការរំលាយចោល នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​។​



​គ្មាន​វត្តមាន​លោក ប៉ុល ហំ​ម លើ​ឆាកនយោបាយ​កម្ពុជា​ទៀតឡើយ ប្រសិនបើ​តុលាការ​កំពូល ពិតជា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។ លោក ប៉ុល ហំ​ម ដែលមាន​តំណែង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ម្នាក់​ជិតស្និទ្ធ ហើយ​បាន​ដើរ​តាម​ឯកឧត្តម កឹម សុខា អស់​ជាច្រើន​ឆ្នាំ​ក្នុង​ការធ្វើ​នយោបាយ បាន​និយាយ​ដោយ​មិន​ស្ទាក់ស្ទើរ​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ធ្វើ​អី​ទៀត បើ​គណបក្ស​រលាយ​ហើយ​ហ្នឹង​»​។

​ការលាឈប់​ពី​នយោបាយ​របស់លោក ប៉ុល ហំ​ម ទំនងជា​ការលាឈប់​ជា​រៀងរហូត​។ ៥​ឆ្នាំក្រោយ តើ​លោក អាច​នឹង​វិល​មក​ធ្វើ​នយោបាយ​សាជាថ្មី​ទេ​? លោក ប៉ុល ហំ​ម អ្នកនយោបាយ វ័យ​៧២​ឆ្នាំ​ហើយ​នោះ បាន​ឆ្លើយ​បែបនេះ​ថា​៖«​ប្រហែលជា​មិន​មកវិញ​ទេ​។ ដូចជា​ចាស់​ណាស់ដែរ​ហើយ ហើយ​សុខភាព​ក៏​មិនសូវ​ល្អ​ទៀត​»​។

​ការប្រកាស​របស់លោក ប៉ុល ហំ​ម ខាងលើ ធ្វើឡើង​ក្រោយពី​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល បាន​អះអាង​ពី​ការបិទ​សិទ្ធិ​មិន​ឲ្យ​មន្ត្រីជាន់ខ្ពស់​ជាង​១00​នាក់ ក្នុង​គណៈកម្មាធិការ​នា​យក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្នុងករណី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ សម្តេច ហ៊ុន សែន ក៏​កំពុង​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដែល​ដើរតួ​ជាដើម​បណ្តឹង មិន​ត្រឹមតែ​សុំ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប៉ុន្តែ​ថែមទាំង​សុំ​ឲ្យ​ផ្អាក​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ទៀតផង​។ ក្រសួងមហាផ្ទៃ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើប​ក្រសួង​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​បែបនេះ​៕


Tag:
 ប៉ុល ហំ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com