ជាតិ
សេដ្ឋកិច្ច
ម៉ូតូ​កង់​បី ប្រឈម​បាត់បង់ ដោយសារ​ការវាយលុក​សេវាកម្ម​តាម GPS
07, Nov 2017 , 5:41 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈដែល​ប្រភេទ​សេវាកម្ម​ដឹកជញ្ជូន​ថ្មី​មួយទៀត គឺ​ម៉ូតូ​កង់​បី GPS ដែល​កំពុង​វាយលុក​ក្នុង​ទីផ្សារ​កម្ពុជា ម៉ូតូ​កង់​បី​ខ្មែរ ឬ​គេ​ហៅ​ជា​ភាសាបរទេស​ថា​«​ទុកៗ​» ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​ផងដែរ​។ សេវាកម្ម​ថ្មី​នេះ​មិន​បានធ្វើ​ឲ្យ​អ្នករត់​ទុកៗ​សប្បាយចិត្ត​នោះទេ ដោយ​ពួកគេ​បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​ខ្លាំង​ពីមុខ​របរ​នេះ​។



​អ្នករត់​ម៉ូតូ​កង់​បី​ខ្មែរ​ក្នុង​ក្រុងភ្នំពេញ​មួយរូប គឺ​លោក នឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មុខរបរ​សព្វថ្ងៃ​រប​ស់លោក​កំពុង​ជួប​ផល​លំបាក​ខ្លាំង ដោយ​ពីមុន​លោក​រក​ចំណូល​រង្វង់ ៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​ឥឡូវ​រកបាន​ត្រឹម ២​ម៉ឺន​រៀល ឬ​តិចជាង​នេះ​។ លោក​សន្ម​ត់​ថា​សេវាកម្ម​ថ្មី គឺ​ម៉ូតូ​កង់​បី GPS កំពុងដណ្ដើម​អតិថិជន​ពី​អ្នករត់​ម៉ូតូ​កង់​បី​ខ្មែរ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ឥឡូវ​គេ​នាំគ្នា​ជិះ​ម៉ូតូ​កង់​បី GPS ព្រោះ​វា​ថោក​ជាង វា​ប្រើ​ហ្គាស​។ ពិសេស​បរទេស​ងាក​មក​ជិះ​ម៉ូតូ​នេះ​»​។​

«​បួន​ប្រាំ​ឆ្នាំ​ទៀត ទុកៗ​សព្វថ្ងៃ​លែងមានទៀតហើយ តាមមើលទៅ​»​។ នេះ​ជាការ​ថ្លែង​របស់ លោក នឿន ។ ចំណូល​តិច​បែបនេះ កំពុង​ជំរុញ​ឲ្យ​អ្នករត់​កង់​បី​ខ្មែរ​រូបនេះ គិត​រកមុខ​របរ​ថ្មី​។  លោក​បន្ថែមថា អ្នករត់​ម៉ូតូ​កង់​បី​ខ្មែរ​ជាមួយ​លោក​មួយចំនួន បាន​ឈប់​ជា​បណ្ដើរៗ​។

​បើទោះបី​ការរត់​ម៉ូតូ​កង់​បី GPS ហាក់​កាក់កប​ជាង ប៉ុន្តែ​លោក នឿន អះអាងថា​ខ្លួន​លោក​មិនអាច​ឈោង​ចាប់​សេវាកម្ម​ថ្មី​នេះ​បានទេ​។ លោក​ប្រាប់ថា លោក​គ្មាន​លទ្ធភាព​ទិញ​ម៉ូតូ​កង់​បី​ថ្មី ដែលមាន​តម្លៃ​ជិត ៣០០០​ដុល្លារ​នោះទេ​។​

​អ្នករត់​ម៉ូតូ​កង់​បី​ខ្មែរ​ម្នាក់ទៀត គឺ​លោក នង ក៏​ហាក់​អស់សង្ឃឹម​នឹង​ការរត់​ឌុប​សព្វថ្ងៃ​នេះដែរ ប៉ុន្តែ​លោក​មិនបាន​សន្ម​ត់​មូលហេតុ​ទៅលើ​ម៉ូតូ​កង់​បី GPS តែមួយ​ម្យ៉ាង​នោះទេ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​រក​អត់​សូវ​បាន​នោះទេ មួយថ្ងៃ​បានតែ ១៥០០០​រៀល ឬ ២០០០០​រៀល​ប៉ុណ្ណោះ ព្រោះ​តែមាន​អ្នករត់​ឌុប​កាន់តែច្រើន​នៅពេល​សព្វថ្ងៃនេះ​។ អ្នកបើក​ម៉ូតូ​កង់​បី GPS រកបាន​ច្រើនជាង​»​។ លោក​គ្រោង​បោះបង់​មុខរបរ​រត់​ម៉ូតូ​កង់​បី និង​ងាក​ទៅ​បើកឡាន​តាក់ស៊ី​វិញ​។​

​សេវាកម្ម​ម៉ូតូ​កង់​បី GPS គឺជា​សេវាកម្ម​ដែល​អាច​ឲ្យ​អតិថិជន​ហៅ​សេវា តាមរយៈ APP នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ហើយ​គិត​កម្រៃ​សេវា​ជាធម្មតា ១២០០​រៀល​ក្នុង​មួយ​គី​ឡី​ម៉ែត្រ​។ APP ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ណាមួយ ហើយ​មាន​ភ្នាក់ងារ​អ្នករត់​ឌុប​ម៉ូតូ​កង់​បី​ចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បាន​ស្ថិតក្នុង​បណ្ដាញ​របស់​ក្រុមហ៊ុន​។ អ្នករត់​ឌុប​នោះ​ត្រូវ​ចែក​ភាគរយ​ជាមួយ​ក្រុមហ៊ុន ដែល​ពួកគេ​ថា ១៥ ទៅ ២០​ភាគរយ ទៅតាម​ក្រុមហ៊ុន​នីមួយៗ​។ ពួកគេ​ត្រូវមាន​ម៉ូតូ​កង់​បី​ដោយ​ខ្លួនឯង ដែល​អ្នកខ្លះ​ទិញ អ្នកខ្លះ​ជួល ពី​ក្រុមហ៊ុន​ផ្សេងទៀត ពោលគឺ​មិនមែន​ក្រុមហ៊ុន​បង្កើត APP នោះទេ​។ បើតាម​អ្នករត់​ប្រភេទ​ម៉ូតូ​កង់​បី​ថ្មី​នេះ ម៉ូតូ​នេះ​តម្លៃ​មិនតិចជាង ២៨០០​ដុល្លារ តែបើ​ជួល​គឺ​ថ្លៃ ២​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ ពួកគេ​ថា​នេះ​ជា​ផលិតផល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​។ 

​លោក តុ​ប និមល ស្ថាបនិក​ក្រុមហ៊ុន Pass App  យល់ឃើញថា របរ​រត់​ម៉ូតូ​កង់​បី​ខ្មែរ នឹង​ជួប​បញ្ហា​ទៅ​ថ្ងៃមុខ បើ​មិនមាន​ការផ្លាស់ប្ដូរ​នោះទេ​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​របរ​នេះ​នឹង​ជួប​បញ្ហា នៅក្នុង​របត់​ថ្មី​នេះ ដោយ​ភ្ញៀវ​អត់​ចូលចិត្ត​តថ្លៃ​នោះទេ​។ តែបើ​បើ​ពួកគេ​កំណត់​តម្លៃ​ស្ដង់ដារ ខ្ញុំ​យល់ថា​នៅតែ​ដំណើរការ​»​។ 

​លោក​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​ធ្លាប់​ទាក់ទាញ​អ្នកបើក​ម៉ូតូ​កង់​បី​ខ្មែរ​ឲ្យ​ចូលក្នុង​បណ្ដាញ​របស់​ក្រុមហ៊ុន ដោយ​ប្រើ APP ដូចគ្នា​នឹង​ម៉ូតូ​កង់​បី​ពី​ឥណ្ឌា​ផងដែរ តែ​អ្នក​ទាំងនោះ​នៅតែ​ចូលចិត្ត​សេវា​តថ្លៃ​។ «​ខាង​ខ្ញុំ​សាក​ភ្ជាប់ ម៉ូតូ​កង់​បី​ខ្មែរ​ដែរ តែ​ពួកគាត់​នៅតែ​ចង់​តថ្លៃ​ពី​ភ្ញៀវ គឺ​មិន​ចង់​ប្រើ​សេវា​គិត​គីឡូ​នោះទេ​»​។ លោក តុ​ប និមល ថ្លែង​បែបនេះ​។ លោក​បន្តថា ភ្ញៀវ​មិន​ថា​ខ្មែរ ឬ​បរទេស កំពុង​ងាក​មក​ជិះ​ម៉ូតូ​កង់​បី GPS កាន់តែច្រើន ដោយសារ​តម្លៃ​ស្ដង់ដារ​គ្មាន​ការ​តថ្លៃ និង​ភាពងាយស្រួល​ដោយ​ប្រើ APP ។​

​លោក​បាន​ប៉ាន់​ស្មានថា អ្នករត់​ម៉ូតូ​កង់​បី GPS ក្នុង​បណ្ដា​ណ​ក្រុមហ៊ុន​លោក ក្នុង​មួយថ្ងៃ​រកប្រាក់​ចំណូល​បាន​ប្រហែល ៧​ម៉ឺន​រៀល តែបើ​អ្នក​ជួល​ម៉ូតូ​កង់​បី​យកមក​រត់ បាន​ចំណូល​ប្រមាណ ៥​ម៉ឺន​រៀល បើសិនណា​រត់​ឌុប​មួយថ្ងៃ​ពេញ​។  គ្រាន់តែ​ក្រុមហ៊ុន​លោក​មួយ​មាន​ម៉ូតូ​កង់​បី​ពី​ឥណ្ឌា​ជា​សមាជិក​ជាង ៨០០​គ្រឿង ដែលមាន​ប្រតិបត្តិការ​នៅតែ​ក្នុង​ភ្នំពេញ​៕



Tag:
 ម៉ូតូ​កង់​បី
© រក្សាសិទ្ធិដោយ thmeythmey.com