កីឡាជាតិ
ជាតិ
គ្រូបង្វឹក​កម្ពុជា​ប្តេជ្ញា​លេង​អស់ពី​សមត្ថភាព​តែ​គ្រូ​មី​យ៉ាន់​ម៉ា​ថា​មក​កម្ពុជា​ដើម្បី​ឈ្នះ​
08, Nov 2017 , 6:08 pm        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា(ឆ្វេង) និងលោក Gerd Zeise គ្រូបង្វឹកមីយ៉ាន់ម៉ាពេលចូលរួមសន្និសីទមុនការប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា(ឆ្វេង) និងលោក Gerd Zeise គ្រូបង្វឹកមីយ៉ាន់ម៉ាពេលចូលរួមសន្និសីទមុនការប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា ប្តេជ្ញា​ប្រឹងប្រែង​លេង​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា​នា​ល្ងាច​ថ្ងៃទី​៩ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​លោក Gerd Zeise អះអាង​យ៉ាងខ្លី​ថា លោក​មក​កម្ពុជា​គឺ​ដើម្បី​ឈ្នះ​។ គ្រូបង្វឹក​ទាំងពីរ​រំពឹង​ការប្រកួត​មិត្តភាព​ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន​។



​នា​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​៨ វិច្ឆិកា លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទន្ទឹម​នឹង​ការអះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​មី​យ៉ាន់​ម៉ា លោក ប្តេជ្ញា​ធ្វើ​ឲ្យ​ជំនួប​នេះ​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​មី​យ៉ាន់​ម៉ា​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ វិច្ឆិកា​។

«​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ជាមួយ​ក្រុម​ហ្ស៊​កដា​នី​។ ទោះបី​វា​ជាការ​ប្រកួត​មិត្តភាព តែ​គ្រូ​ទាំងអស់​សុទ្ធតែ​ផ្តោតលើ​លទ្ធផល​ដូចគ្នា​។ ដូច្នេះ​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា ដោយ​លោក​បាន​បន្ថែមថា ការប្រកួត​នេះ​ក៏​ជា​ជំនួប​ចុងក្រោយ​សម្រាប់​កីឡាករ​ដែល​ត្រូវ​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ​។

​បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ជម្រើស​ដំបូង​របស់លោក ប្រាក់ សុវណ្ណារ៉ា មាន​កីឡាករ​រហូតដល់​២៥​រូប ដូច្នេះ​ត្រូវ​ជម្រុះ​ពីររូប​ទុក​២៣​រូប ដើម្បី​ត្រៀម​ស្វាគមន៍​ក្រុម​ហ្ស៊​កដា​នី​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup នា​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​ក្រុម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino បាន​ចាញ់​ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី​ក្នុង​លទ្ធផល ៧-០​។​



​ទន្ទឹមនឹងនេះ លោក Gerd Zeise គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា​បាន​បញ្ជាក់ថា តាមរយៈ​មើល​ការប្រកួត​កន្លងមក កម្ពុជា​មានការ​រីកចម្រើន​បើ​ធៀប​ទៅនឹង​ក្រុម​កម្ពុជា​ដែល​លោក​ធ្លាប់​ជួប​នៅ​ឆ្នាំ​២០១១ ទោះបី​មួយរយៈ​មកនេះ​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ​។ សម្រាប់​ការជួបគ្នា​លើក​នេះ លោក​គិតថា កម្ពុជា​ជា​ក្រុម​ខ្លាំង​ដែល​មិន​ងាយ​យកឈ្នះ​នោះទេ​។

«​តាមរយៈ​ការប្រកួត​របស់​កម្ពុជា​ជាមួយ​វៀតណាម ខ្ញុំ​ចូលចិត្ត​ទម្រង់​លេង​របស់​កម្ពុជា ព្រោះ​កីឡាករ​បត់បែន​បានល្អ និង​វាយបក​លឿន​។ ខ្ញុំ​គិតថា​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១១ កម្ពុជា​មានការ​រី​ច​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ពិតមែន​។ ខ្ញុំ​រំពឹងថា ការប្រកួត​ដើម្បី​តេស្ត​សមត្ថភាព និង​មើល​ចំណុច​ខ្វះខាត​របស់​កីឡាករ នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ​»​។ នេះ​ជាការ​លើកឡើង របស់​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​។



​ទន្ទឹមនឹង​ក្តីសង្ឃឹម​ថា កូនក្រុម​ធ្វើតាម​យុទ្ធសាស្ត្រ​ដែល​បានកំណត់ លោក Gerd Zeise គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​បាន​បញ្ចាក់​យ៉ាងខ្លី​ថា លោក​មក​កម្ពុជា​គឺ​ដើម្បី​ឈ្នះ និង​ធ្វើ​ឲ្យ​ការប្រកួត​មានការ​ទាញ​ទាញ​សម្រាប់​ទស្សនិកជន​កម្ពុជា​។ ជាមួយគ្នានេះ លោក​បានចាត់ទុក​ជំនួប​មិត្តភាព​នេះ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​លោក ព្រោះ​នៅពេល​ឆាប់ៗ​ខាងមុខ ក្រុម​លោក​នឹង​ជួប​ប្រកួត​ផ្លូវការ ជាមួយ​ក្រុម​ឥណ្ឌា​៕   


Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  Gerd Zeise
© រក្សាសិទ្ធិដោយ thmeythmey.com