កីឡាជាតិ
ជាតិ
តាំងពី​ឆ្នាំ​១៩៩៦​កម្ពុជា​ធ្លាប់​ឈ្នះ​មី​យ៉ាន់​ម៉ា​តែម្តង​គត់​ក្នុងជំនួប​មិត្តភាព ចុះ​ល្ងាច​នេះ​?
09, Nov 2017 , 2:58 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ គ្រូបង្វឹក​ទាំងពីរ​សុទ្ធតែ​អះអាង​ធ្វើ​ឲ្យ​ជំនួប​នេះ​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង​និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន​។ តែបើ​ទៅ​មើល​ពី​ប្រវត្តិ​ជួបគ្នា​រវាង​ក្រុម​ទាំងពីរ​តាំងពី​ឆ្នាំ​១៩៩៦​ក្នុងចំណោម​១២​ប្រកួត​កម្ពុជា​ធ្លាប់​ឈ្នះ​មី​យ៉ាន់​ម៉ា​តែម្តង​ប៉ុណ្ណោះ​។



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ខ្លួន​លើកដំបូង​ស្វាគមន៍​ក្រុម​ភ្ញៀវ​មី​យ៉ាន់​ម៉ា​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ វិច្ឆិកា​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019 ជាមួយ​ក្រុម​ហ្ស៊​កដា​នី​នា​ថ្ងៃទី​១៤ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ទោះបី​វា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស តែ​គ្រូបង្វឹក​ក្រុម​ទាំងពីរ​សុទ្ធតែ​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ និង​ប្តេជ្ញា​ប្រឹងប្រែង​យកឈ្នះ​រៀងៗ​ខ្លួន​។ ក្នុងនោះ​គ្រូបង្វឹក​កម្ពុជា​បាន​អះអាងថា លោក នឹង​ខិតខំ​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យ​ស្វែងរក​ជ័យ​ផ្គាប់ចិត្ត​អ្នកគាំទ្រ​។ ចំណែក​គ្រូបង្វឹក​ក្រុម​មី​យ៉ាន់​ម៉ា​លោក Gerd Zeise បញ្ជាក់​យ៉ាងខ្លី​ថា លោក​មក​កម្ពុជា​គឺ​ដើម្បី​ឈ្នះ​។

​ជំនួប​រវាង​ក្រុម​កម្ពុជា​ជាមួយ​មី​យ៉ាន់​ម៉ា​នៅ​ល្ងាច​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដែលមាន​លក្ខណ​ស្វិតស្វាញ និង​តានតឹង​បំផុត ព្រោះ​មុន​ការប្រកួត​មក​ក្រុម​ទាំងពីរ​សុទ្ធតែ​អះអាងថា​នឹងធ្វើ​ឲ្យ​ការប្រកួត​នេះ​ក្លាយជា​ជំនួប​ដ៏​ជក់ចិត្ត​សម្រាប់​ទស្សនិកជន​។

​តាំងពី​ឆ្នាំ​១៩៩៦​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ចំនួន​១២​លើក​ដោយ​កម្ពុជា​ធ្លាប់​ឈ្នះ​មី​យ៉ាន់​ម៉ា​១​លើក និង​ស្មើ​១​លើក​តែប៉ុណ្ណោះ​។ ជ័យជម្នះ ១-០ របស់​កម្ពុ​ជានា​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឆ្នាំ​២០១៥ ខណៈ​ស្មើ ០-០ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០០១​។ សម្រាប់​ការជួបគ្នា​ដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF Championship ឆ្នាំ​១៩៩៦ កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ៥-០ មុន​ចាញ់ ៣-១ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៧​។

​នៅ​ឆ្នាំ​២០០២​ក្នុង​ព្រឹត្តិការណ៍ AFC Championship កម្ពុជា​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ៥-០ មុន​ចាញ់ ៧-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ឆ្នាំ​២០០៨​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០៨​ក្នុង​វគ្គ​ជម្រុះ AFF Championship កម្ពុជា​ចាញ់ ៣-២ ហើយ​បាន​បន្ត​ចាញ់ ១-០ ក្នុងជំនួប​មិត្តភាព​ឆ្នាំ​២០០៩​។ ក្នុង​វគ្គ​ជម្រុះ AFF Championship ឆ្នាំ​២០១២ កម្ពុជា​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ៣-០ មុន​ចាញ់ ១-០ ក្នុងជំនួប​មិត្តភាព​នៅ​ឆ្នាំ​២០១៤​។ កម្ពុជា​បាន​រក្សា​ការ​ចាញ់ ១-០ ក្នុងជំនួប​វគ្គ​ជម្រុះ AFF Championship ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៦​ក្នុង​វគ្គ​ជម្រុះ AFF Championship បាន​ចាញ់​ក្នុង​លទ្ធផល ៣-១៕ 


Tag:
 បាល់ទាត់​
  គួច សុគ​ម្ភៈ​
  ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com