ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី លី ស្រី​វី​ណា លាឈប់​ពី​តំណាងរាស្ត្រ​យូរហើយ និង​អះអាងថា មិន​ពាក់ព័ន្ធ​បញ្ហានយោបាយ​
10, Nov 2017 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ លោកស្រី​វេជ្ជបណ្ឌិត លី ស្រី​វី​ណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោកស្រី ពិតជា​បាន​សុំ​ឈប់​ពី​តំណាងរាស្ត្រ​មែន​។ ប៉ុន្តែ​លោកស្រី អះអាងថា ការលាឈប់​របស់លោក​ស្រី មិន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នោះទេ​។



​លិខិត ដែល​ទើបនឹង​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ បាន​បង្ហាញថា លោកស្រី លី ស្រី​វី​ណា បានស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​មកម្ល៉េះ ដើម្បី​សុំ​ឈប់​ពី​តំណាងរាស្ត្រ​ប្រចាំរាជធានី​ភ្នំពេញ​។ ហើយ​កាលបរិច្ឆេទ​នៃ​ការលាលែង​ខាងលើ គឺ​ដូចគ្នា​នឹង​ការលើកឡើង​របស់លោក​ស្រី ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

​លោកស្រី លី ស្រី​វី​ណា ពុំបាន​ផ្តល់​ចម្លើយ​នោះទេ​ថា លោកស្រី នឹងចូលរួម​ជាមួយ​គ​ណ​បក្ស​ផ្សេង ឬ​យ៉ាងណា​។ លោកស្រី គ្រាន់តែ​និយាយ​យ៉ាងខ្លី​ថា លោកស្រី​មិនមែន​ឈប់ ដើម្បី​រក​តំណែង​នោះទេ​។ លោកស្រី ប្រាប់​មូលហេតុ​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​ឈប់ ព្រោះ​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​។ ខ្ញុំ រវល់​ខ្លាំង​។ ខ្ញុំ​ចង់​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​បម្រើសេវា​សាធារណៈ ដោយ​គ្មាន​និន្នាការ​នយោបាយ​»​។

​ជុំវិញ​បញ្ហា​ខាងលើ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​ពុំ​លើក​ទូរ​សព្ទ​៕


Tag:
 លី ស្រី​វី​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com