កីឡាអន្តរជាតិ
អន្តរជាតិ
Evra ដើរចេញពី Marseille ក្រោយ UEFA ដាក់ពិន័យ៧ខែ
×
ដោយសារហក់ទាត់អ្នកគាំទ្រ Patrice Evra ត្រូវសម្រេចចាកចេញពី Marseille ក្រោយអង្គភាពវិន័យរបស់ UEFA ក៏ហាមរូបគេចូលរួមប្រកួតចំនួន៧ខែ ពោលគឺការប្រកួតដែលនៅសេសសល់សម្រាប់រដូវកាលនេះ។
ខ្សែការពារសញ្ជាតិបារាំង វ័យ៣៦ឆ្នាំ ត្រូវបាន UEFA ដាក់ពិន័យមិនឲ្យចូលរួមការប្រកួតរហូតដល់ខែមិថុនាឆ្នាំ ២០១៨ និងជាពេលដែលកិច្ចសន្យារបស់គេនៅ Marseille ត្រូវបានបញ្ចប់ដែរ។
បន្ថែមពីលើនេះ អតីតសមាជិកក្រុម Monaco, Manchester United និង Juventus ក៏ត្រូវរងពិន័យជាទឹកប្រាក់ជិត៩ពាន់ផោន ប្រហែលជិត១២០០០ដុល្លារអាមេរិក។
ការដាក់ពិន័យខាងលើនេះ បានធ្វើឲ្យ Evra សម្រេចផ្តាច់កិច្ចសន្យា ហើយដើរចេញពី Marseille តែម្តង។
មូលហេតុដែលនាំឲ្យមានរឿងរ៉ាវដល់ដំណាក់កាលនេះ ក៏ព្រោះតែអ្នកគាំទ្រដែលរងគ្រោះនោះ ស្រែកដៀមដាមដាក់ Evra ទើបធ្វើឲ្យរូបគេទ្រាំមិនបានក៏លោតធាក់មួយជើងចំមុខ អំឡុងពេលកំពុងហ្វឹកហាត់ មុនពេលចាប់ផ្តើមការប្រកួតដែល Marseille ចាញ់ក្រុមម្ចាស់ផ្ទះ Vitoria Guimaraes ១-០ នៃវគ្គជម្រុះពូល I ពានរង្វាន់ Europa League។
សូមបញ្ជាក់ថា Evra បានចូលរួមជាមួយ Marseille កាលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីស្នាក់នៅជាមួយ Juventus រយៈពេល៣រដូវកាល ក្រោយចាកចេញពីទឹកដី Old Trafford ឆ្នាំ២០១៤៕
Tag:
បាល់ទាត់
Patrice Evra
© រក្សាសិទ្ធិដោយ thmeythmey.com