អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​កំពូល​ចិន ចង់ឃើញ APEC និង ASEAN ធ្វើការ​ជាមួយគ្នា​កាន់តែ​ស៊ីជម្រៅ
12, Nov 2017 , 10:19 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​ចិន លោក ស៊ី ជិន​ពីង បាន​ថែ្ល​ង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​របស់​ពិ​ភ​លោក​ក្នុង​ក្រុង​ដា​ណាំង​ប្រទេស​វៀតណាម ថា ក្រុង​ប៉េកាំង ចង់ឃើញ សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC)  និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ធ្វើ​ការរួម​កាន់តែ​ជិតស្និទ្ធ និង​ស៊ីជម្រៅ។

 
 
​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ APEC លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ថ្ងៃ​១០ វិ​ច្ឆ​កា បាន​ជួបពិភាក្សា​ក្រៅផ្លូវការ​ជាមួយនឹង​មេដឹកនាំ​របស់ APEC និង ASEAN ហើយ លោក ក៏បាន​ចែករំលែក​យន្តការ​មួយចំនួន ដែល​លោក​រំពឹងថា នឹង​នាំ​ឲ្យ​ស្ថាប័ន​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​នឹង​គ្នា ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​លោក​ប្រធានាធិបតី បានស្នើ​ឲ្យ ភាគី​ទាំងពីរ គួរតែ​ចូល​រួមចំណែកគ្នា​ក្នុង​ការកសាង​សេដ្ឋកិច្ច​បើកចំហរ​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ក៏ដូចជា​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង ។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​កំពូល​ចិន​ដដែល​នោះ ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ចិន​ទៅកាន់​ដៃគូ​ផងដែរ​ថា ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយនឹង​អាស៊ាន​ដើម្បី​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ។ ជាងនេះទៅទៀត​នោះ លោក ក៏បាន​អះអាង​ដែរ​ថា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន ចិន នឹង​បន្ត​គាំទ្រ​ចំពោះ​ដំណើរការ​នៃ​សហគមន៍​អាស៊ាន ។ 
 
​សូម​ជម្រាប​ផងដែរ​ថា សមាជិក​អាស៊ាន​ទាំងអស់​មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។ មិនមែន​គ្រប់​សមាជិក​អាស៊ាន​ទាំងអស់ គឺជា​សមាជិក​របស់ APEC​នោះទេ ពោលគឺ​សមាជិក​អាស៊ាន​ដែលជា​សមាជិក​របស់ APEC មានដូចជា ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។ 
​ចិន គឺជា​សមាជិក​ស្នូល​របស់ APEC ហើយ ក៏​ជា​ដៃគូ​ដ៏​សំខាន់​របស់​អាស៊ាន​ផងដែរ ៕ 

Tag:
 ចិន​
  APEC
  ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com