ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ី និងស្វីសបានចាប់ដៃគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី បើទោះបីក្រុមទាំងពីរបានត្រឹមស្មើគូប្រកួតក្នុងវគ្គ Play-off ជើងទី២ក៏ដោយ។
ក្រូអាស៊ីបានទម្លាក់ក្រិកដើម្បីបានសំបុត្រទៅរុស្ស៊ីឆ្នាំក្រោយ និងជាការបង្ហាញខ្លួនលើកទី៥ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ បើទោះក្រុមទាំងពីរបានត្រឹមស្មើ ០-០ សម្រាប់ការប្រកួតជើងទី២ ក្នុងទឹកដីក្រិក នៅរាត្រីថ្ងៃទី១២ ខែវិច្ឆិកាក៏ដោយ តែកាលពីជើងទី១នៃវគ្គ Play-off នេះ ក្រូអាស៊ីទទួលបានគ្រាប់បាល់ចំណេញច្រើនក្រោយយកឈ្នះក្រិកដល់ទៅ ៤-១។
បរាជ័យរបស់ក្រិកកាលពីជើងទី១ បានធ្វើឲ្យប្រទេសនេះទទួលភាពអាម៉ាស់មិនធ្លាប់មានពីមុនមក ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមើលឃើញថាវាជារឿងពិបាកបំផុតដើម្បីវាយបកយកឈ្នះក្រុមខ្លាំងដូចជាក្រូអាស៊ី។
ដោយឡែកស្វីសដែលបានត្រឹមស្មើជាមួយអៀរឡង់ខាងជើង ០-០ នៅក្នុងការប្រកួត Play-off ជើងទី២នេះ ក៏បានកៅអីទៅ World Cup ឆ្នាំក្រោយដែរ ដោយសារមានគ្រាប់បាល់ចំណេញ១គ្រាប់កាលពីជើងទីមួយ។
គ្រាប់បាល់ជ័យជម្នះដ៏ចម្រូងចម្រាសរបស់ស្វីសកាលពីជើងទី១ បានធ្វើឲ្យអៀឡង់ខាងជើងទទួលបានត្រឹមការខកចិត្ត ត្បិតក្តីរំពឹងថាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល៣១ឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៨៦នោះត្រូវរលាយ។
ក្រូអាស៊ី និងស្វីសជាប្រទេសទី២៨ហើយដែលបានកីអីទៅ World Cup ខណៈប្រទេស៤ទៀតនឹងត្រូវមកបំពេញបង្គ្រប់ក្រោយប្រកួត Play-off រួចរាល់។
៨ប្រទេសដែលត្រូវប្រជែងគ្នាចុងក្រោយរួមមាន៖
-ហុងឌូរ៉ាស vs អូស្ត្រាលី (ជើងទី១ ស្មើ ០-០)
-នូវែលសេឡង់ vs ប៉េរូ (ជើងទី១ ស្មើ ០-០)
-ស៊ុយអែត vs អ៊ីតាលី (ជើងទី១ ស៊ុយអែតឈ្នះ ១-០)
-ដាណឺម៉ាក vs សាធារណរដ្ឋអៀរឡង់ (ជើងទី១ ស្មើ ០-០)