អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​រដ្ឋាភិបាល​សិង្ហ​បុរី​ម្នាក់​ប្រឈម​ជាប់គុក​២​ឆ្នាំ​ពីបទ​ទម្លាយ​ព័ត៌មាន​ទៅ​អ្នកកាសែត​
14, Nov 2017 , 7:19 pm         1339
រូបភាព
ដោយ: ធីតា
មន្ត្រី​ម្នាក់​ដែល​បម្រើការ​នៅ​ក្រុមប្រឹក្សា​លំនៅដ្ឋាន និង​អភិវឌ្ឍន៍ (HDB) របស់​រដ្ឋាភិបាល​សិង្ហ​បុរី បាន​ឡើង​សវនាការ​កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែវិច្ឆិកា ក្រោម​បទចោទប្រកាន់ «​ទម្លាយ​ព័ត៌មាន​សម្ងាត់​» ទៅ​អ្នកសារព័ត៌មាន​។ បើតាម​ច្បាប់ មន្ត្រី​រូបនេះ ប្រឈម​ជាប់ពន្ធនាគារ​២​ឆ្នាំ​។


​លោក Ng Han Yuan អាយុ​២៥​ឆ្នាំ ដែលជា​មន្ត្រី​ជំនាញ​នៅ​ក្រុមប្រឹក្សា​លំនៅដ្ឋាន និង​អភិវឌ្ឍន៍ (HDB) របស់​រដ្ឋាភិបាល​សិង្ហ​បុរី បាន​រង​ការចោទប្រកាន់ថា បាន​ទម្លាយ​ព័ត៌មាន​ប្រាប់​អ្នកស្រី Janice Tai មកពី​កាសែត The Straits Times ទាក់ទង​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​វែបសាយ​ផ្លូវការ​មួយ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​លក់​បន្ត​នូវ​លំនៅដ្ឋាន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​។​

​ការទម្លាយ​ព័ត៌មាន​ដោយ​គ្មាន​ការអនុញ្ញាត​បែបនេះ ធ្វើ​ឲ្យ​លោក Ng Han Yuan ត្រូវបាន​ព្យួរ​ពី​ការងារ មុននឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ យោងតាម​ការផ្សាយ​រប​ស់ Today Online មន្ត្រី​វ័យ​២៥​ឆ្នាំ​រូបនេះ ត្រូវ​រង់ចាំ​ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៥ ខែធ្នូ ប៉ុន្តែ​នៅក្នុង​សវនាការ គាត់​បានទទួល​ស្គាល់​កំ​ហុ​ស និង​មិន​ត្រូវការ​មេធាវី​ការពារ​ក្តី​នោះឡើយ​។​

​បើតាម​របាយការណ៍រ​បស់​ប៉ូលិស អ្នកកាសែត Janice Tai របស់ The Straits Times បាន​ទាក់ទង​ស្ថាប័ន​ជំនាញ​ជាច្រើន​ដើម្បី​សាកសួរ​ព័ត៌មាន​ស្តីពី​គម្រោង​បង្ហោះ​វែបសាយ​ស្តីពី​លំនៅដ្ឋាន​របស់​មន្ត្រី​រដ្ឋា​ភិ​បាល ក្នុងនោះ​មាន​ក្រុមប្រឹក្សា HDB ផងដែរ​។​

​សិង្ហ​បុរី ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែល​មានការ​រឹតត្បិត​ផ្នែក​សារព័ត៌មាន​។ បើតាម AFP កាលពី​ឆ្នាំ​២០០៣ អ្នកសេដ្ឋកិច្ច​៣​នាក់ និពន្ធ​នាយក​១​នាក់ និង​អ្នកកាសែត​១​នាក់ បាន​រង​ការពិន័យ​ពីបទ​បង្ហាញ​ទិន្នន័យ​ទាក់ទង​នឹង​កំណើនសេដ្ឋកិច្ច​របស់​សិ​ង្ហ​បុរី​នា​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​១៩៩២ ៕

Tag:
 សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next