សង្គមអន្តរជាតិ
អន្តរជាតិ
កាណាដា ផ្ដល់ថវិកាជិត៨លានដុល្លារ សម្រាប់បណ្ដុះបណ្ដាលជំនាញយុវជនអាស៊ាន រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន ៖ ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ វិច្ឆិកា
× ភ្នំពេញ៖ រដ្ឋាភិបាលកាណាដា ផ្ដល់ថវិកាជិត៨លានដុល្លារអាមេរិក សម្រាប់បណ្ដុះបណ្ដាលយុវជននៅក្នុងតំបន់អាស៊ាន។ ជំនួយរបស់ប្រទេសកាណាដានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កម្មវិធីអាហារូបករណ៏សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ដែលមានថវិកា១០លានដុល្លារកាណាដា (ជិត៨លានដុល្លារអាមេរិក) គឺជាជំនួយសម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជាពិសេសស្ត្រីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមហ្វេសប៊ុក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានសើ្នឲ្យរដ្ឋាភិបាលកាណាដា បន្តផ្តល់ជំនួយបច្ចេកទេសដល់អាស៊ាន ជាពិសេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកំពស់ការអភិវឌ្ឍគម្រោងនវានុវត្តន៍ (គំនិតបង្កើតថ្មី) និងកំណើនសេដ្ឋកិច្ច ព្រមទាំងការពិចារណាផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនផងដែរ។
បន្ថែមពីនេះថ្នាក់ដឹកនាំអាស៊ាន និងកាណាដា បានឯកភាពគ្នាក្នុងការណែនាំដល់មន្ត្រីសេដ្ឋកិច្ច ឲ្យចាប់ផ្តើមកិច្ចពិភាក្សារិះរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ដ៏មានសក្តានុពលមួយ។
ក្រៅពីនេះមេដឹកនាំអាស៊ាន-កាណាដា ក៏ពិចារណាផ្តួចផ្តើមបង្កើតទិសដៅរួមគ្នាមួយចំនួន ដូចជា ទី១ កំណត់ទិសដៅទំហំពាណិជ្ជកម្មសរុបមួយ ដែលអាចសំរេចបានក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។ ២ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការទូតអាស៊ាន-កាណាដា សម្រាប់ផ្តល់វគ្គបណ្តុះបណ្តាល ឬវគ្គប្រហាក់ប្រហែលដល់មន្ត្រីការទូត ឬមន្ត្រីអាស៊ាន។ ៣ ពិនិត្យលទ្ធភាពបង្កើតគំនិតផ្តួចផ្តើមស្តីពីអ្នកការទូតវ័យក្មេងអាស៊ាន សម្រាប់រយៈពេល៥ឆ្នាំ ដែលអាចផ្តល់ឱកាសដល់អ្នកការទូតវ័យក្មេង ចំនួនបីប្រទេស ដែលជាសមាជិកអាស៊ាន និងកាណាដា ដើម្បីពង្រឹងជំនាញរបស់ពួកគេ ក្នុងអាជីពជាអ្នការទូតជាដើម៕
Tag:
ហ៊ុន សែន
កាណាដា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com