ជាតិ
សម្តេច ហ៊ុន សែន ចង់ឲ្យស្ថាប័នរដ្ឋប្រើប្រាស់កាលបរិច្ឆេទចន្ទគតិដូចលោក ជា សុផារ៉ា
× ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មានបំណងឲ្យស្ថាប័នរដ្ឋចុះកាលបរិច្ឆេទចន្ទគតិលើកលិខិតរដ្ឋបាលនានា អមជាមួយជាមួយកាលបរិច្ឆេទសុរិយ្យគតិ។ សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមឲ្យថ្នាក់ដឹកនាំយកគំរូតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេច ហ៊ុន សែន បានបង្ហើបគំនិតនេះពីលើវេទិកាជំនួបជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ នៅពេលដែលលោកសួរមន្ត្រីនានាអំពីកាលបរិច្ឆេទថ្ងៃនេះ (១៦វិច្ឆិកា) ជាកាលបរិច្ឆេទខ្មែរ ហើយមិនមានអ្នកណាអាចឆ្លើយមកលោកបានភ្លាមៗ។ បើសិនជាត្រូវសម្រេចឲ្យរាជការកម្ពុជាប្រើប្រាស់ថ្ងៃខែឆ្នាំតាមចន្ទគតិ នោះក៏ព្រោះតែប្រមុខរដ្ឋាភិបាលរូបនេះ មិនចង់ឲ្យខ្មែរភ្លេចឈ្មោះថ្ងៃខែឆ្នាំជាខ្មែរ។
«សរសេរកាលបរិច្ឆេទទាំងពីរតែម្តង លើកលែងតែលិខិតផ្ញើទៅបរទេស។ បើមិនអ៊ីចឹង ខ្មែរនាំគ្នាភ្លេចអស់ហើយ។ ធ្វើតាមឯកឧត្តម ជា សុផារ៉ា។ ឧទាហរណ៍ថ្ងៃនេះ ថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៣រោច ខែកត្តិក ឆ្នាំរកា ព.ស ២៥៦១»។ នេះគឺជាការថ្លែងរបស់សម្តេច ហ៊ុន សែន៕
Tag:
ច័ន្ទគតិ
ហ៊ុន សែន
ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com