អន្តរជាតិ
ចិន ផ្តល់ជំនួយ​ជាង​២០​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ស្រោចស្រង់​ស្ថានភាព​នៅ​តំបន់​រង​ការវាយប្រហារ​
16, Nov 2017 , 7:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ស្តាំ) និង​លោកនាយករដ្ឋមន្ត្រីចិន Li Keqiang នាជំនួបនៅក្រុងម៉ានីលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ រូបថត AFP
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ស្តាំ) និង​លោកនាយករដ្ឋមន្ត្រីចិន Li Keqiang នាជំនួបនៅក្រុងម៉ានីលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ រូបថត AFP
ដោយ:
​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាំ​ង មិនទាន់​ចាកចេញ​ទៅកាន់​ក្រុង​ប៉េកាំង​វិញ​ឡើយ ។ លោកនាយក​រដ្ឋមន្ត្រី លី បាន​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ហ្វីលីពីន ដោយ​ថែមទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ​ទៀតផង ។



​លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាំ​ង និង​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៥ វិច្ឆិកា​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ ។ ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ចំនួន​១៤​ដែល​ពាក់ព័ន្ធ​លើ​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ តាមរយៈ​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី លី ក៏បាន​សន្យា​ផ្តល់ជំនួយ​ប្រមាណ ២២.៧ លាន​ដុល្លារ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​ស្តារ និង​សាងសង់​ឡើងវិញ​នៅ​តំបន់​រង​ការវាយប្រហារ Marawi របស់​ហ្វីលីពីន ដែល​ទើបតែ​ត្រូវបាន​រដ្ឋាភិបាល​ហ្វីលីពីន​រម្តោះ​បាន​ពី​ក្រុម​ឧទ្ទាម​កាលពីពេល​ថ្មីៗ​នេះ ។

​ខណៈ​ថ្លែង​ពី​ការ​ផ្តល់ជំនួយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ចិន ក៏បាន​ថ្លែង​ពី​ជំនឿ​របស់លោក​ទៅកាន់​ប្រមុខ​ហ្វីលីពីន​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោម​ការដឹកនាំ​របស់​លោក ឌូ​ទើ​តេ ការស្តារ​ឡើងវិញ​នៅ​តំបន់ Marawi នឹងត្រូវ​បានបញ្ចប់​នាពេលខាងមុខ​ដ៏​ខ្លី ហើយ​ប្រជាជន​ក្នុងស្រុក នឹង​អាច​វិល​ត្រលប់​ទៅរក​ការរស់នៅ​ដោយ​រីករាយ​វិញ​បាន​ហើយ​» ។

​ប្រមុខរដ្ឋ​ហ្វីលីពីន ក៏បាន​អរគុណ​ប្រមុខ​រដ្ឋាភិបាល​ចិន​សម្រាប់​ការផ្តល់​ជំនួយ​ដើម្បី​ស្តារនីតិសម្បទា​នៅ​តំបន់​រងគ្រោះ Marawi ក៏ដូចជា​ជំនួយ​ដើម្បី​ជំរុញ​ហ្វីលីពីន​ផងដែរ ។ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ ពិតជា​រីករាយ​ណាស់​ដែល​បានឃើញ​ពី​ទំនាក់ទំនង​វិជ្ជមាន​រវាង​ហ្វីលីពីន​-​ចិន​។ កិច្ចសហប្រតិបត្តិការ​ពិតប្រាកដ​លើ​វិស័យ​ជាច្រើន​របស់​យើង នឹង​នាំ​មកវិញ​នូវ​ផលប្រយោជន៍​យ៉ាងពិត​ប្រយោជន៍​នាពេលខាងមុខ​»៕


Tag:
 ​ចិន​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com