អន្តរជាតិ
UN បន្ត​ដង្ហោយ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​ហិង្សា​លើ រ៉ូ​ហ៊ីង​យ៉ា​
17, Nov 2017 , 2:48 pm        
រូបភាព
កុមាររ៉ូហ៊ីងយ៉ាកំពុងក្លាយជាជន​រងគ្រោះដ៏ធ្ងន់ធ្ងរ។ រូបថត AFP
កុមាររ៉ូហ៊ីងយ៉ាកំពុងក្លាយជាជន​រងគ្រោះដ៏ធ្ងន់ធ្ងរ។ រូបថត AFP
ដោយ:
​សមាជិក​អង្គការសហប្រជាជាតិ​ជាច្រើន បាន​ទទូច​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បញ្ចប់​យុទ្ធនាការ​របស់​យោធា​ប្រឆាំងនឹង​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ខណៈពេលដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា ស្ថានភាព​បាន​ធូរស្រាល​វិល​ហើយ​នោះ ។



​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​មហាសន្និបាទ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​១៦ វិច្ឆិកា បានចេញ​សេចក្តីសម្រេច​មួយ ដែល​ធ្វើឡើង​តាម​សំណើ​របស់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម ដោយបាន​បញ្ជាក់ថា ពួកគេ ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ករណី​ហិង្សា និង​ការប្រើប្រាស់​កងកម្លាំង​ប្រឆាំងនឹង​ជន​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ។

​តាម​ប្រ​ភ​ព័ត៌មាន​ដដែល​នោះ សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អនុញ្ញាត​សម្រាប់​ការងារ​ផ្តល់ជំនួយ​មនុស្សធម៌ ធានា​ឲ្យ​បានការ​បញ្ជូន​ទៅវិញរ​បស់​ជនភៀសខ្លួន និង​ផ្តល់​សិទ្ធិ​រស់នៅ​ពេញលេញ​ដល់​រ៉ូ​ហ៊ីង​យ៉ា​ទៀតផង ។ សេចក្តីសម្រេច ក៏បាន​ស្នើ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បញ្ជូន​បេសកកម្ម​ពិសេស​ទៅកាន់​ទីនោះ​ទៀតផង ។

​យ៉ាងណាក៏ដោយ​តប​នឹង​ការលើកឡើង​នេះ អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​អះអាងថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​វិជ្ជមាន​រួចហើយ ។ លោក ក៏​បញ្ជាក់ដែរថា ស្ថានភាព​មី​យ៉ាន់​ម៉ា បាន​មាន​ស្ថិរភាព​ឡើយ​វិញ​ហើយ ។

​បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែសីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា ដោយ​ពួកគេ បាន​អះអាងថា ពួកគេ រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ ។

​គួរកត់សម្គាល់​នោះ នៅ​ថ្ងៃ​០៦ វិច្ឆិកា​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយបាន ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការប្រើប្រាស់​ហិង្សា​ដោយ​កម្លាំងយោធា​ច្រើន​លើសលប់ និង​ហិង្សា​គ្រប់​រូបភាព​ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ក្នុង​រដ្ឋ Rakhine ប្រមាណ​ជាង​កន្លះ​លាន​នាក់ គ្មាន​ជម្រក និង​ភៀសខ្លួន​ចេញពី​ប្រទេស ៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com