កីឡាជាតិ
ជាតិ
ក្រោ​ន​សងសឹក​វេ​ស្ទើ​ន​មុន​អគ្គិសនី​ស្វាគមន៍​បឹងកេត​និង​អាស៊ី​អឺរ៉ុប​ប៉ះ​ណាហ្គា​វើ​ល​
18, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​ក្រោយ​សម្រាក​២​សប្តាហ៍​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​បាន​វិល​មកវិញហើយ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៨ វិច្ឆិកា សប្តាហ៍​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន​ជួប​សងសឹក​ជាមួយ​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​តទល់​ជាមួយ​ក្រុម​បឹងកេត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខណៈ​អគ្គិសនី​កម្ពុជា​ជួប​បឹងកេត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​



​អតីត​ជើងឯក​៤​រដូវ​កាល​ភ្នំពេញ​ក្រោ​ន​ត្រូវ​ជួប​ប្រកួត​សងសឹក​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ដែល​ពួកគេ​បាន​បរាជ័យ ៣-១ ក្នុង​ជើង​ទី​១​នៅ​លើដី​ខ្លួន​នា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា នេះ​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ដែល​ទើប​ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី​បាន​របូត​ពី​តំបន់ Top 4 មកឈរ​លេខ​រៀង​ទី​៥​ដោយមាន​៣៣​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៩​លើក ស្មើ​៦ និង​ចាញ់​៤​។ រីឯ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​លេខ​រៀង​ទី​៨​ដោយមាន​២២​ពិន្ទុ​ជាមួយ​៦​ប្រកួត​ឈ្នះ ៤​ស្មើ និង​៩​ចាញ់​។

​បើ​មើ​លពី​ស្ថិតិ​៣​ប្រកួត​កន្លងមក​រប​ស់​ក្រុម​ទាំងពីរ​ភ្នំពេញ​ក្រោ​ន​ស្មើ​២ ចាញ់​១ ក្នុងនោះ​ស្មើ ២-២ ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្នុង​សប្តាហ៍​ទី​១៩ ចាញ់​ក្រសួងការពារជាតិ ១-០ ក្នុង​សប្តាហ៍​ទី​១៨ និង​ស្មើ ១-១ ជាមួយ​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​១៧​ដោយ​ការប្រកួត​ទាំងនេះ​រៀបចំ​នៅ​កីឡដ្ឋាន R.S.N​។ ចំណែក​៣​ប្រកួត​របស់​វេ​ស្ទើ​ន​ភ្នំពេញ​ឈ្នះ​២ ចាញ់​១ ក្នុងនោះ​ចាញ់​ណាហ្គា​វើ​ល ៤-០ ក្នុង​សប្តាហ៍​ទី​១៩ មុន​ឈ្នះ​អាស៊ី​អឺរ៉ុប​, គីរីវង់​សុខ​សែន​ជ័យ ៤-៣ និង ២-១ ក្នុង​សប្តាហ៍​១៨ និង​១៧​ជា​បន្តបន្ទាប់​។​

​តែ​យ៉ាងណា​គេ​សង្កេតឃើញ​៣​ប្រកួត​របស់​ក្រុម​ទាំងពីរ​គូប្រកួត​របស់​ភ្នំពេញ​ក្រោ​ន​ភាគច្រើន​មាន​សមត្ថ​ភាពខ្លាំង ខណៈ​គូប្រកួត​របស់​វេ​ស្ទើ​ន​ភ្នំពេញ​ភាគច្រើន​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​លើកលែងតែ​ណាហ្គា​វើ​ល​តែប៉ុណ្ណោះ​។

​ក្រៅពី​ជំនួប​សងសឹក​ខាងលើ​ក៏មាន​ការប្រកួត​សងសឹក​ពីរ​គូ​ទៀត​ផងដែរ​ក្នុងនោះ​ក្រុម​អគ្គិសនី​កម្ពុជា​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង​សងសឹក​បឹង​កេង​ដែល​ខ្លួន​ធ្លាប់​ចាញ់ ៤-០ នៅ​ម៉ោង​៦​ល្ងាច ខណៈ​អាស៊ី​អឺរ៉ុប​សងសឹក​ណាហ្គា​វើ​ល​ដែល​បាន​យកឈ្នះ​ពួកគេ ៤-០ ក្នុង​ជើង​ទី​១​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​៕  

Tag:
 Cambodian League 2017
  បឹងកេត​
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com