ជាតិ
​​​ន​យោ​បាយ​ជាតិ​
រំលាយ​CNRP៖ សហភាព​អឺរ៉ុប និង​អាមេរិក​រំ​ឮ​ក​ពី​ការបាត់បង់​ប្រយោជន៍រ​បស់​កម្ពុជា​
17, Nov 2017 , 5:36 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ចំពោះ​ករណី​រំលាយ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា ត្រូវតែមាន​ដោយ​ចៀស​មិន​រួច​។ ទន្ទឹមគ្នា​នឹង​រដ្ឋាភិបាល​អូស្ត្រាលី និង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដែល​វាយតម្លៃ​អំពី​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានលើកឡើង​អំពី​ការ​លទ្ធភាព​នៃ​ការបាត់បង់​ជំនួយ​ខ្លះ​របស់​កម្ពុជា​។​

 
​ការធ្លាក់ចុះ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ គឺជា​ការវាយតម្លៃ​រួម​របស់​សហគមន៍​អន្តរជាតិ​មួយចំនួន​ដែល​អធិប្បាយ​អំពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ​។ ប៉ុន្តែ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ទៅ​លើសពី​ការអត្ថាធិប្បាយ ដោយបាន​ព្រមាន​ដល់​ការកាត់បន្ថយ​ផលប្រយោជន៍​ដែល​កម្ពុជា​អាច​ទទួលបាន​ពី​ពួកគេ​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​អំពី​ការធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​ជា​មួលដ្ឋាន​នៅ​កម្ពុជា ដែលជា​លក្ខខណ្ឌ​នៃ​ការទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​»​របស់​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ដែលជា​អ្នកផ្តល់ជំនួយ​ផ្នែក​បោះឆ្នោត​ដ៏​សំខាន់​មួយ​នោះ បានកត់សម្គាល់​អំពី​សកម្មភាព​បន្តបន្ទាប់​ដែល​អាជ្ញាធរ​បាន​ប្រព្រឹត្តិ​ទៅលើ​គណបក្សប្រឆាំង​ដែល​ទទួលបាន​សំឡេងគាំទ្រ​៤៤,៥ ភាគរយ​នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៣ និង​៤៣,៨ ភាគរយ​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​។​
 
«​ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្សប្រឆាំង​ដ៏​សំខាន់​មួយ​ត្រូវបាន​ផាត់​ចេញ​ដោយ​បំពាន គឺជា​ដំណើរការ​បោះឆ្នោត​ដែល​មិន​ស្របច្បាប់​ពេញលេញ​។ គេ​ត្រូវបង្កើត​ឲ្យ​មាន​ឡើងវិញ​ជាបន្ទាន់​នូវ​ស្ថានភាព​ដែលមាន​គណបក្សនយោបាយ​ទាំងអស់ ដោយ​រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង ហើយ​ដែល​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​របស់​ពួកគេ​អាចអនុវត្ត​ការងារ​ស្របច្បាប់​ដោយ​សេរី​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​សហភាព​អឺរ៉ុប​ស្តី​ការរំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា​។​
 
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​វិញ ក្រៅពី​ព្រមាន​ឆ្លើយតប​ជាមួយ​វិធានការ​ជាក់ស្តែង​ក្នុងពេល​ខាងមុខ បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា វិធានការ​បន្ទាន់​រប​ស់​ខ្លួន​ប្រឆាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ការបញ្ចប់​ការ​ឧ​ត្ថ​ម្ភ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ សម្រាប់​សហរដ្ឋអាមេរិក មូលហេតុ​គឺ​សាមញ្ញ​បំផុត​។ «​ការបោះឆ្នោត​ឆ្នាំក្រោយ នឹងមិន​ពេញលេញ​តាមច្បាប់ មិន​សេរី និង​មិន​យុត្តិធម៌​ឡើយ​»​។ នេះ​គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​សេត​វិមាន​។​
 
​រដ្ឋាភិបាល​អូស្ត្រាលី​វិញ​ក៏​ដូចគ្នា​។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​បានបង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​នៅ​កម្ពុជា ដោយ​អត្ថាធិប្បាយ​ការថយចុះ​នៃ​ការអនុវត្ត​សេរីភាព​សារព័ត៌មាន ការ​រឹតត្បិត​ចំពោះ​សង្គម​ស៊ីវិល ការ​គម្រាមកំហែង​ទៅលើ​គណបក្សប្រឆាំង រួមទាំង​ការឃុំខ្លួន​ប្រធាន​គណបក្សប្រឆាំង​។​
 
​ថ្លែង​ក្នុងនាម​ជា​មិត្តភក្តិ​របស់​កម្ពុជា រដ្ឋាភិបាល​អូ​ស្រា​លី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ ពិសេស​នៅមុន​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​។ «​ពលរដ្ឋ​កម្ពុជា​បាន​ប្តេជ្ញា​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដោយបាន​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​យ៉ាងច្រើន​។ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បង្ហាញថា​សំឡេងឆ្នោត​ជាច្រើន​ដែល​បានមកពី​ការបោះឆ្នោត​នោះ លែងមាន​តម្លៃ​ទៀតហើយ​»​។ ប្រមុខ​ការទូត​នៃ​រដ្ឋា​ភិ​បាល​ក្រុង​កង់​បេ​រ៉ា​បាន​សម្តែង​ការសោកស្តាយ​យ៉ាង​ដូច្នេះ​។​
 
​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ក៏​បារម្ភ​អំពី​បរិយាកាស​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨​ដែរ​។ ការិយាល័យ​នេះ​ចង់ឃើញ​គណបក្សប្រឆាំង​អាចធ្វើ​ការងារ​របស់ខ្លួន​ដោយ​សេរី និង​ដោយ​គ្មាន​ការបំភិតបំភ័យ​។ ប្រធានការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​លោក Zeid Ra’ad Al Hussein បាន​បញ្ចេញ​ប្រតិ​ខ្លាំងៗ​ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក Zeid ថ្លែងថា​៖«​ការប្រើប្រាស់​ច្បាប់​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នោះ គ្រាន់តែ​ជាការ​បិទបាំង​មួយ​តែប៉ុណ្ណោះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com