អន្តរជាតិ
ចិន​សន្យា​ជួយ​ប៉ា​ណា​ម៉ា​គ្រប់យ៉ាង ក្រោយ​បោះបង់​តៃវ៉ាន់​
18, Nov 2017 , 10:19 pm        
រូបភាព
​មន្ត្រីការទូត​ចិន​ជាន់ខ្ពស់ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បាន​សន្យាថា ចិន​នឹង​ជួយ​ប៉ា​ណា​ម៉ា​គ្រប់យ៉ាង​តាម​តម្រូវការ ក្រោយ​រដ្ឋ​តំបន់​អាមេរិក​កណ្ដាល​មួយ​នេះ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​កាលពី​ខែមិថុនា​មក​។ នៅ​ខណៈ​នេះ ប្រធានាធិបតី​ប៉ា​ណា​ម៉ា Juan Carlos Valera កំពុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទឹកដី​ចិន ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង​ថ្មីថ្មោង​ជាមួយ​មហា​យក្ស​ចិន ដែលជា​អ្នកប្រើប្រាស់​ព្រែកជីក​ប៉ា​ណា​ម៉ា​ដ៏​ធំ​មួយ​។​



​ប្រធានាធិបតី​ប៉ា​ណា​ម៉ា Juna Carlos Valera បានចាប់ផ្ដើម​ទស្សនកិច្ច​មួយ​សប្ដាហ៍​នៅ​ទឹកដី​សម្ព័ន្ធមិត្ត​ថ្មី គឺ​ចិន ក្រោយ​សម្រេចចិត្ត​បោះបង់​មិត្ត​ចាស់ គឺ​តៃវ៉ាន់​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក Valera បាន​ចូលរួម​ពិធី​បើក​ស្ថានទូត​ប៉ា​ណា​ម៉ា​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ប៉េកាំង ហើយ​នៅ​ថ្ងៃទី​១៧ លោក​ក៏​ត្រូវបាន​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត​ពី​សំណាក់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅខាងមុខ​វិមាន​ប្រជាជន​ចិន​ផង​។​

​ក្រោយ​ជំនួប​មេដឹកនាំ​ទាំងពីរ​មួយថ្ងៃ លោក Zhai Bentang ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ឡាទីន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចិន​នឹង​ជ្រោមជ្រែង​ប៉ា​ណា​ម៉ា​តាម​ការចាំបាច់​ទាំងអស់​។ មន្ត្រី​ចិន​រូបនេះ​ក៏​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​ប៉ា​ណា​ម៉ា មិនមែន​ផ្អែកលើ​ទឹកប្រាក់​អ្វី​ទាំងអស់ តែ​ការសម្រេចចិត្ត​នយោបាយ​ដើម្បី​ប្រយោជន៍​សងខាង​។ ការលើកឡើង​បែង​នេះ ជាការ​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​តៃវ៉ាន់​ដែលថា ចិន​ប្រើ​ទឹក​លុយ​ដើម្បី​បង្កើត​មិត្ត​។​

«​ប្រសិនបើ​មិត្ត​ប៉ា​ណា​ម៉ា​ត្រូវការ ក្នុងនាម​ជា​មិត្ត និង​កិច្ច​សហ​ប្រ​ត​បិ​ត្ត​ការ​ត្បូង​-​ត្បូង ភាគី​ចិន​មាន​ឆន្ទៈ​ជួយ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម​ប៉ា​ណា​ម៉ា​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Zhan Bentang ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ឯ​លោក Valera ផ្ទាល់​ក៏​អះអាង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ​ចិន​ថា ប៉ា​ណា​ម៉ា​ចងមិត្ត​ជាមួយ​ចិន ដោយ​មិនបាន​សំឡឹង​ឃើញ​លុយ​ឡើយ​។  

​ក្រោយ​ជំនួប​នៅ​វិមាន​ប្រជាជន​ចិន ប្រធានាធិបតី​ចិន និង​ប៉ា​ណា​ម៉ា បាន​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដល់​ទៅ​១៩ ដែល​ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ទៀតផង​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សរសើរ​លោក Valera ដែល​សម្រេចចិត្ត​ជ្រើសរើស​ចិនដីគោក ដោយ​បោះបង់​តៃវ៉ាន់ ហើយ​ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង ក្រោយពេល​រអាក់រអួល​ច្រើន​ឆ្នាំ​មក​។​

​ការសម្រេចចិត្ត​របស់​ប៉ា​ណា​ម៉ា ធ្វើ​ឲ្យ​ដង្ហើម​ការទូត​របស់​កោះ​តៃវ៉ាន់​កាន់តែ​ខ្សត់ខ្សោយ​ថែមទៀត​។ ក្នុងចំណោម​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ មានតែ​ប្រទេស​ចំនួន​១៩ និង​បុរី​វ៉ា​ទី​កង់​ប៉ុណ្ណោះ ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​។ ប៉ុន្តែ​ចិនដីគោក ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន​នោះ បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បញ្ចប់​ផ្លូវ​ការទូត​របស់​តៃវ៉ាន់​។ ប្រទេស​ដែល​ជ្រើសរើស​ចិន តែង​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​សន្ធឹកសន្ធាប់​ផងដែរ​៕


Tag:
 ​ចិន​
  ប៉ា​ណា​មា់​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com