ជាតិ
កម្ពុជា ដាក់​ឲ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ​ពីរ​បប​អាហារ ដើម្បី​ជំរុញ​ការលូតលាស់​កុមារ​
20, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​កុមារ​កម្ពុជា កំពុង​ប្រឈម​នឹង​ការខ្វះ​អាហារូបត្ថម្ភ ជាង​កុមារ​នៅក្នុង​តំបន់​អាស៊ាន​។ ដូច្នេះហើយ ទើប​កុមារ​កម្ពុជា មាន​កម្ពស់ និង​រូបរាងកាយ​តូច ជាង​កុមារ​នៃ​ប្រទេស​អាស៊ាន​។ នេះ​បើតាម​របាយការណ៍ អង្កេត​ប្រជាសាស្ត្រ និង​សុខភាព នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៤​។ ក្រៅពី​កុមារ​ដែល​ខ្វះ​អាហារ​រូប​ប​ត្ថ​ម្ភ ក៏មាន​កុមារ​ដែល​លើស​កម្រិត​អាហារូបត្ថម្ភ ដែល​នាំ​ឲ្យ​ពួកគេ មាន​ធំ ឬ​ធាត់​ខុសធម្មតា​។



​អាហារ គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​កុមារ ជាពិសេស​គឺ​ការ​ជ្រើស​អាហារ​ណា ដែលមាន​កម្រិត​អាហារ​រូប​ត្ថ​ម​ចាំបាច់ សម្រាប់​រូបរាងកាយ ដើម្បី​ការលូតលាស់​ត្រឹមត្រូវ​តាម​អាយុ​។ ដោយ​មើលឃើញ​ពី​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ បាន​សហការ​រៀបចំ​ឲ្យ​មាន​គោ​ការណ៍​ណែនាំ អំពី​របប​អាហារ​ដល់​កុមារ ដែលមាន​អាយុ​ចាប់ពី​៥​ឆ្នាំ រហូតដល់​១៧​ឆ្នាំ ពោលគឺ​អាយុ​ដែល​កុមារ​ចាប់ផ្ដើម​ចូល​សាលារៀន​។ គម្រោង​នេះ គាំទ្រ​ដោយ​អង្គការ Foundation For International Development (FIDR) នៃ​ប្រទេស​ជប៉ុន​។​

​លោកស្រី តាន់ វួ​ច​ឆេង រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល បាន​លើក​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការដាក់​ឲ្យ​ប្រើប្រាស់​គោលការណ៍​ណែនាំ​ស្ដីពី​របប​អាហារ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​ថា មិនមែន​តែ​ក្រសួងសុខាភិបាល​ទេ ដែល​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​នេះ តែ​ត្រូវមាន​ការចូលរួម ពី​ក្រសួង​ពាក់ព័ន្ធ ដៃគូ​ជាតិ និង​អន្តរជាតិ​ដែរ ដើម្បី​ឲ្យ​កុមារ​កម្ពុជា អាច​ទទួលបាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​។​



​ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត កុល ហេ​រ៉ូ បាន​ឲ្យ​ដឹងថា គោលការណ៍​ណែនាំ​នេះ ត្រូវបាន​ធ្វើជា​សៀវភៅ ដាក់​នៅតាម​សាលារៀន ដើម្បី​ឲ្យ​លោកគ្រូ អ្នកគ្រូ អាច​ពន្យល់​ណែនាំ​សិស្ស ឲ្យ​ដឹង​ពី​ការជ្រើសរើស​អាហារ​ដែល​ល្អ សម្រាប់​ការលូតលាស់​របស់​កុមារ​។ វេជ្ជបណ្ឌិត កុល ហេ​រ៉ូ បញ្ជាក់​ដូច្នេះ​៖«​ជាដំបូង​យើង​ដាក់​ជា​សៀវភៅ​គោលការណ៍ ដែល​ក្រសួងសុខាភិបាល​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​ពេលខាងមុខ យើង​នឹងដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា និង​ផ្សព្វផ្សាយ​បន្ដ​នៅ​មន្ទីរពេទ្យ និង​នៅតាម​សហគមន៍​»​។​

​ដើម្បី​ជំរុញ​បន្ថែម ក្រសួងសុខាភិបាល​ក៏បាន​ផ្សព្វផ្សាយ​ឲ្យ​គ្រូពេទ្យ​នៅតាម​មូលដ្ឋាន ចូលរួម​ផ្សា​ព្វ​ផ្សាយ​ដល់​មាតាបិតា ដែល​នាំ​កូន​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឲ្យ​បានដឹងថា​អាហារ​ណាខ្លះ ដែល​ល្អ​សម្រាប់​ការលូតលាស់​របស់​កូន​។ ចំណែក​អង្គការ Foundation For International Development (FIDR) ក៏មាន​គម្រោង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​អំពី​ការជ្រើសរើស​អាហារ ដែលមាន​អាហារូបត្ថម្ភ​ខ្ពស់ សម្រាប់​កូនៗ​ផងដែរ​។​

​សម្រាប់​ការអនុវត្ត​គោលការណ៍​ណែនាំ​នេះ ត្រូវបាន​លោក​សាស្ត្រាចារ្យ ណូ​បូ​អុ យូ​ស៊ី​អ៊ិ​កិ ពី​សាកលវិទ្យាល័យ​អា​ម៉ូរ ប្រទេស​ជប៉ុន លើកឡើងថា​ជាការ​ចាប់​ផ្ដើមដំបូង​ក្នុងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ព្រោះថា     ការបរិភោគ​ចំណីអាហារ​របស់​កុមារ អាច​ចេញ​លទ្ធផល​បាន នៅ​រយៈពេល ៥​ទៅ​១០​ឆ្នាំ​ទៀត​។ សាស្ត្រាចារ្យ​ដដែល បន្ថែម​ដូច្នេះ​៖ «​ដើម្បី​ជំ​រូ​ឲ្យ​ការអនុវត្ត​នេះ មាន​ប្រសិទ្ធភាព អង្គការ​នឹងធ្វើ​យ៉ាងណា ឲ្យ​ក្រសួង​អប់រំ​ដាក់បញ្ចូល​គោលការណ៍​ណែនាំ​នេះ ទៅក្នុង​កម្មវិធីសិក្សា និង​គ្រូបង្រៀន​តែម្ដង ដើម្បី​អាច​បង្រៀន​ដល់​សិស្ស និង​អាណាព្យាបាល​សិស្ស​អាច​ដឹង​ច្បាស់ ពី​អាហារូបត្ថម្ភ​ដ៏​ល្អ​សម្រាប់​កុមារ​»​។​

​សូមបញ្ជាក់ថា កន្លងមក​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ បានធ្វើការ​យ៉ាងខ្លាំង ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្ដល់​អាហារ ដែល​សម្បូរ​អាហារ​រូប​ត្ថ​ម​សម្រាប់​ទារក​។ នេះ​ជាគោលការណ៍​ណែនាំ​ដំបូង​បំផុត​សម្រាប់​កុមារ ដើម្បី​ឲ្យ​ការលូតលាស់​កុមារ​កម្ពុជា ប្រហាក់ប្រហែល​កុមារ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៕


Tag:
 របប​អាហារ​
 ​ កុមារ​
 ​ ការលូតលាស់
© រក្សាសិទ្ធិដោយ thmeythmey.com