អន្តរជាតិ
ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​
21, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភេរវកម្ម​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៦​។ នេះ​បើតាម​របាយការណ៍​ចេញ​ថ្មីៗ​នេះ​។​របាយការណ៍​ឈ្មោះ Global Peace Index 2017 គឺ​ស​ន្ទ​ស្សន៍​សន្តិសុខ​ឆ្នាំ​២០១៧​ដែល​និយាយ​លម្អិត​អំពី​ទិន្នន័យ​ភេរវកម្ម ហើយ​ដែល​ចេញ​កាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹងថា​មានការ​វាយប្រហារ​ដោយ​ភេរវកម្ម​ចំនួន​៧៣៦​ករណី​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​អំឡុង​ឆ្នាំ​២០១៦ ដោយ​សម្លាប់​មនុស្ស​អស់​៩៥៦​នាក់​។



តួលេខ​នេះ​មានការ​ធ្លាក់ចុះ​១២%​បើ​ប្រៀបធៀប​ចំនួន​មនុស្ស​ស្លាប់​ទាក់ទង​នឹង​ភេរវកម្ម​ឆ្នាំ​២០១៥​។ របាយការណ៍​នេះ​និយាយថា ពួក​តា​លី​បង់​នៅ​ប៉ា​គី​ស្ថាន​ទទួលខុសត្រូវ​ការសម្លាប់​មនុស្ស​២៨៣​នាក់​ក្នុង​ឆ្នាំ​២០១៦ គឺមាន​៣០%​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ភេរវកម្ម​នៅ​ឆ្នាំ​នោះ​។

​ការស្លាប់​នេះ​ភាគច្រើនបំផុត​បណ្តាលមកពី​ការដាក់​គ្រាប់បែក​អត្តឃាត​។

​កន្លែង​រង​ការវាយប្រហារ​ធំជាងគេ​កន្លងមក​គឺ​ការដាក់​គ្រាប់បែក​នៅ​ពិធី​របស់​អ្នក​កាន់សាសនា​គ្រិស្ត ពេល​បុណ្យ Easter ថ្ងៃអាទិត្យ នៅ​ក្រុង Lahore ដែល​បានសម្លាប់​មនុស្ស​៧៩​នាក់​។ របាយការណ៍​នេះ​កត់សម្គាល់ថា តួលេខ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភេរវកម្ម​ធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​សកម្មភាព​ពួក Tehreek-i-Taliban ចុះខ្សោយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​ក្រុម​ភេ​វ​កម្មនេះ​ទទួលខុសត្រូវ​ជីវិត​ម​នុស្ស​ជាង​៤៥០០​នាក់​នៅក្នុង​ប្រទេស​នេះ​តាំងពី​ឆ្នាំ​២០០០​មក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com