កីឡាជាតិ
ជាតិ
ពានរង្វាន់ KMH Cup U18 រួមចំណែក​ក្នុងការ​ពង្រឹង​ថ្នាល​កីឡាបាល់ទាត់​នៅ​កម្ពុជា​
21, Nov 2017 , 4:01 pm        
រូបភាព
ដោយ:
​នា​ថ្ងៃ​បើក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព KMH Cup U18 កាលពី​ថ្ងៃទី​១៨ វិច្ឆិកា លោក កាំ​ង សេន ស្ថាបនិក​ពានរង្វាន់​នេះ​ជំរុញ​ឲ្យ​កីឡាករ​ទាំង​៨​ក្រុម​ដែល​ចូលរួម​ការប្រកួត​នៅ​ឆ្នាំនេះ​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​យុវជន​ដទៃ​តាមរយៈ​ការលេង​ឲ្យ​អស់ពី​សមត្ថភាព​ដោយ​ឈរលើ​គោលការណ៍​សមធម៌​។ ជាមួយគ្នានេះ លោក​បាន​រំលឹកថា យុវជន​បច្ចុប្បន្ន​មានសំណាង​និង​ឱកាស​ខុសពី​យុវជន​ជំនាន់​លោក​ដែលមាន​ទីលាន​ប្រកួត​ល្អៗ និង​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​លក្ខណ​ស្តង់ដា​។



«​ខ្ញុំ​បានចាប់ផ្តើម​លេង​បាល់ទាត់​ដំបូង​នៅ​អាយុ​១៧​ឆ្នាំ​ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​១១ ខ្ញុំ​ចាំបាន​ថា​ពេល​ចូល​លេង​បាល់ទាត់​ដំបូង​គឺ​លេង​លើ​ថ្ម​ប៊េ​តុង ឬ​ដីក្រហម​នៅ​ស្តា​ត​អូឡាំពិក​ទាំង​កណ្តាល​ថ្ងៃ មានពេលខ្លះ​គេច​សាលា​គេច​លេង​បាល់ទាត់​ក៏មានដែរ​។ បច្ចុប្បន្ន​ខ្ញុំ​គិតថា​ប្អូនៗ​មានឱកាស​និង​សំណាង​ជាង​ខ្ញុំ​និង​បងៗ​កាលពីមុន ដែល​បាន​លេង​លើ​ទីលាន​ល្អៗ និង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​លក្ខណ​ស្តង់ដា​»​។ នេះ​ជាការ​រំលឹក​អនុស្សាវរីយ​កាលពី​ក្មេង​របស់លោក កាំ​ង សេន ហើយ​លោក​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​លេង​ឲ្យ​អស់ពី​សមត្ថភាព​ដោយ​ឈរលើ​គោលការណ៍ Fair play ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ប្អូនៗ និង​បងៗ​ដែល​លេង​ក្នុង​ឈុត​ធំ​។​



​នេះ​ជា​លើក​ទី​១​ហើយ​ដែល KMH ​បង្កើត​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​(KMH Cup U18) ដោយ​ឆ្នាំ​ដំបូង​នេះ​អាច​ទាញ​៨​ក្រុម​ឲ្យ​ចូលរួម​។ ពានរង្វាន់​នេះ​បានចាប់ផ្តើម​ប្រកួត​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​គ្រោង​បញ្ចប់​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​នេះ​។ ទោះបី​ពានរង្វាន់​នេះ​ផ្តោតលើ​កីឡាករ​អាយុ​ក្រោម​១៨​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​លោក កាំ​ង សេន ដែលជា​ស្ថាបនិក​ជឿជាក់ថា ពានរង្វាន់​នេះ​នឹងមាន​ការប្រកួតប្រជែង​ស្វិតស្វាញ​បំផុត​។ 



​គោលបំណង​បង្កើត​ឲ្យ​មាន​ពានរង្វាន់ KMH Cup U18 ដាច់ដោយឡែក​ពី KMH Champion League គឺ​ដើម្បី​បណ្តុះបណ្តាល​យុវជន​ធនធាន​ថ្នាល​ក្នុងន័យ​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ ក្រៅពី​ផ្តោតលើ​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ​ពានរង្វាន់​នេះ​ក៏​ផ្តោតលើ​អំពើ​មនុស្សធម៌​ផងដែរ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៦ ពានរង្វាន់​នេះ​បាន​នាំយក​ថវិកា​ដែល​បាន​ពី​ការរៀបចំ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​៕        



Tag:
 បាល់ទាត់​
  KMH Cup 2017
  កាំ​ង សេន
© រក្សាសិទ្ធិដោយ thmeythmey.com