ដឹកនាំចលនាតស៊ូមិនខ្លាចស្លាប់ សុខចិត្តជាប់ឃុំឃាំងដប់ឆ្នាំមិនបោះបង់ក្តីស្រមៃ ហើយជួយរំដោះប្រទេសចេញពីក្រញាំម្ចាស់អាណានិគមស្បែកសជាឆាកជីវិតពិតរបស់អ្នកនយោបាយ រ៉ូបឺត មូហ្កាបេ (Robert Mugabe) ដែលគ្រប់គ្នាហៅថាជាមេដឹកនាំផ្តាច់ការក្រាញអំណាចប្រចាំអាហ្វ្រិកនោះ។ លោកប្រហែលជាអ្នករំដោះប្រទេសពីអាណានិគម និងពីក្រុមចក្រពត្តិលោកខាងលិច ប៉ុន្តែលោកក៏ជាអ្នកនយោបាយដែលបន្សល់ទុកមរតកដ៏អាក្រក់និងភាពហិនហោចសម្រាប់ប្រជាជាតិស៊ីមបាវ៉េដូចគ្នាដែរក្នុងរជ្ជកាលនយោបាយជិតបួនទសវត្សន៍មកនេះ។
-រ៉ូបឺត មូហ្កាបេ៖ ពីវីរបុរសឯករាជ្យទៅជាមេដឹកនាំផ្តាច់ការក្រាញអំណាច
លោក មូហ្កាបេ កើតនៅក្នុងឆ្នាំ ១៩២៤ ហើយលោកបានផ្លាស់ប្តូរជីវិតពីគ្រូបង្រៀនមកជាវីរជនដែលទាមទារឯករាជ្យ និងជាមេដឹកនាំចលនានយោបាយដ៏មានឥទ្ធិពលជាងគេក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ លោក បានក្លាយមេដឹកនាំ ចលនាទាមទារឯករាជ្យពីមហាអំណាចអង់គ្លេស ដោយលោកដឹកនាំចលនាមួយដែលមានឈ្មោះថា សហភាពជាតិអាហ្វ្រិកស៊ីមបាវ៉េ (ZANU )ក្នុងឆ្នាំ ១៩៦០ ។ ក្នុងឆ្នាំ ១៩៦៤ រដ្ឋាភិបាលស្ថិតក្រោមម្ចាស់អាណានិគមអង់គ្លេសបានសម្រេចមិនឲ្យចលនារបស់លោកបន្តទៅមុខទៀត ហើយលោកក៏ត្រូវគេចាប់ឃុំឃាំងទៀត។ មួយឆ្នាំក្រោយមក ក្រុមជនជាតិភាគតិចស្បែកស បានប្រកាសឯករាជ្យពីអង់គ្លេសជាឯកតោភាគី ហើយបង្កើត របបដឹកនាំរើសអើងពូជសាសន៍មួយដែលក្រុមស្បែកសកាន់កាប់រដ្ឋាភិបាលស៊ីមបាវ៉េ ។
ប៉ុន្តែការរៀបចំនេះរងការថ្កោលទោសពីសហគមន៍អន្តរជាតិនិងប្រជាជនស៊ីមបាវ៉េ។ ១០ ឆ្នាំក្រោយលោកត្រូវគេដោះលែងពីពន្ធនាគារ ហើយលោកបានត្រលប់ចូលឆាកនយោបាយវិញ ប៉ុន្តែលោកត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ម៉ូសំប៊ិក ដើម្បីតស៊ូប្រឆាំងរបបដឹកនាំដែលរើសអើងពូជសាសន៍ ហើយលោកបានជាអ្នកជឿជាក់លើលទ្ធិម៉ៅ និង ម៉ាក ផងដែរ។ ក្នុងឆ្នាំ ១៩៧៧ លោកបានត្រលប់មកកាន់កាប់ សហភាពជាតិអាហ្វ្រិកស៊ីមបាវ៉េ (ZANU ) ពេញដៃពេញជើង និងគ្រប់គ្រងកងកម្លាំងយោធាប្រឆាំងរបបដឹកនាំរើសអើងពូជសាសន៍នៅស៊ីមបាវ៉េផងដែរ។ កងទ័ពរបស់លោក ភាគច្រើនទទួលបានជំនួយពីប្រទេសអឺរ៉ុបខាងកើត និងប្រទេសសង្គមនិយមមួយចំនួននៅអាស៊ីផងដែរ។
ដល់ឆ្នាំ ១៩៧៩ អង់គ្លេសចេញមុខជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពផ្សះផ្សារវាងជនជាតិស្បែកស និង ស្បែកខ្មៅ ប្រមែរប្រមូលគណបក្សជាច្រើនមករួមគ្នា បើកផ្លូវឲ្យមានការបោះឆ្នោតឆ្នាំ ១៩៨០ផង។ ក្នុងការបោះឆ្នោតលោក មូហ្កាបេ ត្រូវគេបោះឆ្នោតឲ្យកាន់តំណែងនាយករដ្ឋមន្ត្រី ហើយលោកបានកាន់កាប់ប្រទេសរហូតដណ្តើមបានតំណែងប្រមុខរដ្ឋរហូតមកដល់បច្ចុប្បន្ន។ ក្រោយឡើងកាន់អំណាច ក្រៅពីជាអ្នករំដោះប្រទេសលោក មូហ្កាបេ ក៏បានប្រឹងប្រែងខ្លាំងដែរដើម្បីអភិវឌ្ឍប្រទេសជាតិ និងផ្តលសេវាសាធារណៈដល់ប្រជាជនស៊ីមបាវ៉េ។ សាលារៀន មន្ទីរពេទ្យផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀតត្រូវបានសាងសង់ឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ប៉ុន្តែបញ្ហាសិទ្ធិមនុស្សកើតឡើងធ្ងន់ធ្ងរ។
លោកតែងតែឈ្នះរាល់ការបោះឆ្នោត ដែលពោរពេញដោយភាពចម្រូងចម្រាស មានការបន្លំសន្លឹកឆ្នោត និង គំរាមកំហែង ថែមទៀតផង។ រាល់អ្នកនយោបាយណាដែលមានបំណងចង់ដណ្តើមអំណាច ឬចង់ប្រជែងលោកនឹងមិនមានលទ្ធផលល្អឡើយ។ កាលពីឆ្នាំមុន លោកបានសម្រេចដកតំណែងមន្ត្រីធំៗជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំលោកពីអំណាចនិង មានមន្ត្រីខ្លះរងការចាប់ខ្លួនផងដែរ។ លោកធ្លាប់ប្រកាសថា លោកបន្តកាន់តំណែងរហូតដល់ស្លាប់តែម្តង។
យ៉ាងណាមិញ រឿងដែលគេមិននឹកស្មានដល់នោះបានកើតឡើង ដោយក្រុមយោធាចេញដណ្តើអំណាចពីមេដឹកនាំរូបនេះថ្ងៃ ១៥ ខែវិច្ឆិកា។ ទោះស្ថិតក្រោមការឃុំឃាំង និង ក្រោមសម្ពាធក្តី មូហ្កាបេ មិនដែលនឹកឃើញចាកចេញពីតំណែងឡើយ ហើយបន្តក្រាញននៀលដើម្បីរក្សាអំណាច។ ក្រោយមកគណបក្ស ZANU PF បានសម្រេចដកហូតតំណែងលោកជាប្រធានបក្ស និងមានការបង្ខំឲ្យលោកចុះចេញពីតំណែងជាប្រធានាធិបតីផងនៅពេលខាងមុខ។ បើមិនដូច្នោះទេ សភានឹងចាប់ផ្តើមប្រជុំដកហូតតំណែងលោកតែម្តង។ បច្ចុប្បន្ននេះសភាស៊ីមបាវ៉េ ត្រៀមបើកអង្គប្រជុំដើម្បីបោះឆ្នោតដកហូតតំណែងមេដឹកនាំរូបនេះ ដោយទទួលបានញត្តិពីក្រុមតំណាងរាស្ត្របក្សកាន់អំណាច ZANU PFនោះ។
ដើម្បីដកហូតតំណែងប្រធានាធិបតី គេតម្រូវឲ្យមានសំឡេងយល់ព្រមពីសមាជិកសភាទាំងពីរចំនួនពីរភាគបីផងដែរ។ ប៉ុន្តែដោយសារគណបក្សកាន់អំណាច ZANU PF ដែលកាន់កាប់អាសនៈច្រើនក្នុងសភានោះបានចេញមុខប្រឆាំងលោក មូហ្កាបេ ផងនោះ វាមិនមែនជារឿងលំបាកក្នុងការដកហូតតំណែងលោកឡើយ។ ក្នុងករណីដែលលោកត្រូវសភាដកហូតតំណែង
អនុប្រធានាធិបតីដែលត្រូវគេដកហូតតំណែងដើមខែវិច្ឆិកាលោក Emmerson Mnangagwa នឹងត្រូវជ្រើសរើសជាប្រធានាធិបតីស្តីទីផង។ បច្ចុប្បន្នលោក Mnangagwa បានត្រឡប់ចូលស្រុកវិញ និងត្រូវបានគេតែងតាំងជាប្រធានបក្សកាន់អំណាចស្តីទីដូចគ្នា។ លោកជាអ្នកនយោបាយដែលទទួលបានការគាំទ្រខ្លាំងពីឧត្តមសេនីយ៍យោធា និងបណ្តាអ្នកនយោបាយជើងចាស់ផងដែរ។
-មូហ្កាបេ ធ្លាក់អំណាចដោយសារតែប្រពន្ធ
តាមពិតទៅ លោក មូហ្កាបេ ធ្លាក់ពីអំណាចដោយសារតែមហិច្ឆតាលោភលន់ និងចង់រៀបចំផ្លូវដើរនយោបាយសម្រាប់ប្រពន្ធខ្លួនស្ត្រីទីមួយ Grace Mugabe ផង ប៉ុន្តែអ្នកនយោបាយឯទៀតក្នុងបក្សមិនពេញចិត្តជាពិសេសយោធាទើបបានជាមានបញ្ហាបែបនេះកើតឡើង។ តាំងពីយូរមកហើយ លោក មូហ្កាបេ ប្រឹងរៀបចំត្រួសត្រាយផ្លូវឲ្យប្រពន្ធខ្លួន ហើយគេដឹងថា លោកស្រី Grace បានកាន់កាប់អំណាចស្ទើរតែទាំងស្រុងរបស់ប្តីជាពិសេសសម្រេចកិច្ចការងាររដ្ឋធំៗផង។
មិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏កាន់តែមានប្រជាប្រិយភាពខ្ពស់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កន្លងមករាល់កិច្ចការបក្សក៏ត្រូវឆ្លងការសម្រេចរបស់លោកស្រីជាមុនដែរ ហើយលោកស្រីជាអ្នកកំណត់ឬអនុញ្ញាតឲ្យមានការអនុវត្តគោលនយោបាយជាតិទៀត។
អ្វីដែលសំខាន់លោកស្រីក៏ជាបាន បញ្ជាឲ្យគេបោសសម្អាតដល់មនុស្សដែលលោកស្រីចាត់ទុកថា មិនស្មោះត្រង់ជាមួយស្វាមីលោកស្រីដែរ។ Grace Mugabe មានវ័យ ៥២ឆ្នាំ ហើយលោកស្រីដើមឡើយជាលេខាផ្ទាល់របស់លោក មូហ្កាបេ ប៉ុណ្ណោះ។ ដោយសារតែភរិយាទីមួយរបស់លោក មូហ្កាបេ ស្លាប់ លោកក៏សម្រេចរៀបការជាមួយលេខាផ្ទាល់នេះតែម្តង។
-អភិជនសោយសុខ រាស្ត្ររងទុក្ខវេទនា
អំពើពុករលួយរីកដុះដាលក្នុងសង្គមស៊ីបាវ៉េ ជាពិសេសក្នុងប្រព័ន្ធដឹកនាំ។ អភិជនរស់នៅសុខស្រួល ចាយវាយមិនខ្វះ ទោះស្រុកទេសជួបប្រឈមវិបត្តិសេដ្ឋកិច្ចរកកលនឹងក្ស័យធនក្តី។
ប្រជាជនដែលមានលុយក្នុងធនាគារមិនអាចដកលុយពីគណនីបានស្រួលឬដកលើសពី ២០ដុល្លារក្នុងមួយថ្ងៃឡើយ ហើយត្រូវឈរតម្រង់ជួររាប់ម៉ោងដើម្បីដកលុយ។
បើក្រឡេកទៅមើល សេវាសាធារណៈវិញ វាស្ទើរតែគ្មានទៅហើយ។ ប្រព័ន្ធសុខាភិបាលខ្វះសព្វខ្វះគ្រប់ ហើយមានតែរាស្ត្រក្រីក្រប៉ុណ្ណោះដែលទៅព្យាបាលជំងឺដោយសារគ្មានលទ្ធភាព និងជម្រើស។ ក្រុមអភិជននយោបាយ រួមទាំងក្រុងគ្រួសារលោក មូហ្កាបេ ផងនោះក៏ចាកចេញទៅក្រៅប្រទេសដើម្បីព្យាបាជំងឺដែរ។ រដ្ឋបាលលោកមិនបានប្រឹងប្រែងកសាងប្រព័ន្ធសុខាភិបាលក្នុងស្រុកឡើយ ដោយលោកបន្តចាកចេញទៅព្យាបាល និង ត្រួតពិនិត្យជំងឺនៅសិង្ហបុរីជាបន្តបន្ទាប់កន្លងមក។ នេះក៏ជាចំណុចខ្សោយដ៏ធំមួយរបស់រដ្ឋបាលលោក មូហ្កាបេ ដូចគ្នា។
ចំណែករឿងមួយទៀត ប្រពន្ធលោក មូហ្កាបេ រងការរិះគន់ជាញឹកញាប់ដោយសារលោកស្រីចាកចេញទៅស៊ីចាយសប្បាយហ៊ឺហារនៅបរទេស ចាយលុយខ្ជះខ្ជាយដូចក្រដាសដើម្បីទិញរបស់របរប្រើប្រាស់ និងចំណាយលុយេរាប់លានដុល្លារធ្វើខួបកំណើតឲ្យប្តីរាល់ឆ្នាំ ខណៈដែលប្រជាជនស៊ីមបាវ៉េរស់នៅយ៉ាងលំបាកវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកនោះ។
-ដឹកនាំស៊ីមបាវ៉េជិតបួនទសវត្សន៍ មូហ្កាបេ បន្សល់ទុកតែបំណុល?
កាលពី ៣៧ ឆ្នាំមុនលោក មូហ្កាបេ ក្លាយជាមេដឹកនាំស៊ីមបាវ៉េ ក្រោយដណ្តើមបានឯករាជ្យពីអង់គ្លេស និងក្លាយជាវីរៈបុរសរដ្ឋផង។ កាលនោះស៊ីមបាវ៉េ ជាប្រទេសដែលមានសេដ្ឋកិច្ចល្អ និងមានសក្តានុពលអាចក្លាយជារដ្ឋដែលមានសេដ្ឋកិច្ចរីកចម្រីនជាងគេនៅក្នុងតំបន់ Sub-Saharan អាហ្វ្រិកផង។ ស្ថិតក្នុងតំបន់អាហ្វ្រិក ប្រទេសនេះមានសក្តានុពលផ្នែកកសិកម្មតាំងពីយូរមកហើយ ហើយវាក៏ជាប់ឈ្មោះជាប្រទេសនាំចេញផលិតផលកសិកម្មធំបំផុតដែរនៅក្នុងតំបន់។
ប៉ុន្តែគួរឲ្យសោកស្តាយ នៅឆ្នាំ ២០០០ លោក រូបឺត មូហ្កាបេ ចាប់ផ្តើមដាក់ចេញគោលនយោបាយជំរុញឲ្យមានការដណ្តើមដីកសិកម្មពីបណ្តាក្រុមម្ចាស់កសិដ្ឋានស្បែកសដោយប្រើប្រាស់ហិង្សា។ សកម្មភាពនេះបង្កឲ្យមានកង្វះខាតផលិតកសិកម្ម និងមានគ្រោះទុរភិក្សក្នុងស្រុកទៀត។
បច្ចុប្បន្នក្លាយជាប្រទេសដែលក្រីក្របំផុតដោយសេដ្ឋកិច្ចក្បែរក្ស័យធន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Financial Times ទំហំផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ថយចុះរហូតដល់ ១៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ១៩៨០មកនោះ។
ក្នុងឆ្នាំ ២០០៩ ស៊ីមបាវ៉េ ត្រូវបង្ខំចិត្តបោះបង់រូបិយវត្ថុរបស់ខ្លួន ដោយសារប្រទេសនេះប្រឈមនឹងបញ្ហាអតិផរណាកម្រិតខ្ពស់។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលស៊ីមបាវ៉េសម្រេចយកលុយដុល្លារជាមធ្យោបាយសម្រាប់ដោះដូរពាណិជ្ជកម្ម។ កម្រិតអតិផរណានៅពេលបច្ចុប្បន្ន លើស ២០០ ភាគរយ ហើយអត្រានៃអ្នកគ្មានការងារធ្វើគឺស្ថិតនៅលើ ៩០ភាគរយឯណោះ។
បញ្ហាដែលធំនោះគឺ ស៊ីមបាវ៉េជំពាក់គេរុំក្បិន ដោយសារសេដ្ឋកិច្ចជួបវិបត្តិច្រើនឆ្នាំមកនេះផង។ កន្លងមកស៊ីមបាវ៉េបានទទួលកម្ចីពីដៃគូអភិវឌ្ឍ និងស្ថាប័នហរិញ្ញវត្ថុជាច្រើនផងដែរ ហើយមកដល់ថ្មីនេះនេះទៀត ស៊ីមបាវ៉េ បានកម្ចីនិងជំនួយច្រើនពាន់លានដុល្លារពីចិនផង។ បើតាម
ការិយាល័យហិរញ្ញវត្ថុសភាស៊ីមបាវ៉េ គិតត្រឹមឆ្នាំ ២០១៧ ខែមិនថុនា បំណុលសាធារណៈរបស់ស៊ីមបាវ៉េ កើនឡើងដល់ ១១, ៦ ពាន់លានដុល្លារអាមេរិកដែលស្មើនឹង ៨២ ភាគរយនៃផលិតផលក្នុងស្រុកសរុបផង។
យ៉ាងណាក៏ដោយប្រជាជនស៊ីមបាវ៉េ ហាក់សប្បាយរីករាយពេលដែលលោក មូហ្កាបេ បាត់បង់តំណែង ហើយវាមានការរំពឹងផងដែរថាសេដ្ឋកិច្ចប្រទេសអាហ្វ្រិកមួយនេះនឹងកើនឡើងរហ័សបន្ទាប់ពីលោក មូហ្កាបេ ចាកចេញថែមទៀត។ បើតាមសារព័ត៌មាន
CNBC អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរីកចម្រើនសេដ្ឋកិច្ចរហ័សនឹងកើតមានឡើងនៅស៊ីមបាវ៉េ ប៉ុន្តែកំណើននៃការវិនិយោគក្នុងស្រុកប្រហែលជាពឹងសំខាន់លើប្រភេទរដ្ឋាភិបាលដែលនឹងកើតឡើងក្រោយវិបត្តិនយោបាយបច្ចុប្បន្នដោះស្រាយចប់សព្វគ្រប់នោះ។
-ប្រពន្ធមូហ្កាបេ លក់ដំរីព្រៃកាច់បំណុលចិន
និយាយដល់រឿងបំណុល ស៊ីមបាវ៉េជំពាក់លុយចិនច្រើនដែរ ហើយបំណុលទាំងនោះរាប់ទាំងកម្ចីទិញអាវុធកាលអំឡុងទសវត្សន៍ឆ្នាំ ១៩៩០ ផងពេលលោក មូហ្កាបេ បញ្ជូនទ័ពទៅច្បាំងនៅកុងហ្គោ។
រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ដើម្បីដោះបំណុលចិន រដ្ឋាភិបាលក្រុងហារ៉ារ៉េបានយកសត្វព្រៃដោះបំណុលចិន។ លោកស្រី Grace Mugabe បានសម្រេចលក់សត្វដំរីជំទង់ចំនួន ៣៥ក្បាល សត្វតោ ៨ក្បាល, ឆ្កែព្រៃ ៨ក្បាល និងសត្វកវែងមួយក្បាលផងដែរទៅឲ្យចិនកាត់ថ្លៃបំណុល។
រដ្ឋាភិបាលស៊ីមបាវ៉េមិនបានប្រកាសថាខ្លួនលក់សត្វព្រៃដើម្បីដោះបំណុលឡើយ ប៉ុន្តែគេដឹងច្បាស់ថា រដ្ឋាភិបាលក្រុងហារ៉េរេបានជំពាក់លុយក្រុងប៉េកាំងច្រើនសន្ធឹកបន្ទាប់ពីប្រទេសនេះបញ្ជាទិញអាវុធជាច្រើនពីចិននាឆ្នាំ ១៩៩៨ដើម្បីជួយគាំទ្រ រដ្ឋាភិបាលសាធារណរដ្ឋកុងហ្គោ របស់ប្រធានាធិបតី Laurent Kabila នោះ។
បើតាមសារព័ត៌មានអាហ្វ្រិក All African ការលក់សត្វព្រៃឲ្យចិននេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសស៊ីមបាវ៉េ ហើយវាក៏មិនមែនមានតែប្រទេសនេះមួយដែរដែលធ្វើរបៀបនេះ។ ប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងលិចសុទ្ធតែលក់សត្វព្រៃទៅឲ្យប្រទេសដទៃជាពិសេសប្រទេសធំៗ ក្នុងនោះមានទាំងអាមេរិកផង។ កាលពីខែមករាឆ្នាំ ២០១៦ អាមេរិកបានអនុញ្ញាតឲ្យប្រទេសស្វាស៊ីឡង់ នាំសត្វដំរី ១៨ក្បាលទៅកាន់សួនសត្វរបស់ខ្លួនផង។ ហើយចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ សត្វរមាសពណ៌សចំនួន ៥០០ក្បាលនិងដំរីយ៉ាងហោចណាស់ ២០ក្បាលត្រូវបានគេនាំចេញពីរដ្ឋអាហ្វ្រិកទាំងអស់៕