កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនវិនិយោគមួយដាក់ដេញថ្លៃ ៣៩៧លានដុល្លារ ទិញ Newcastle
× អ្នកជំនួញល្បីឈ្មោះរបស់អង់គ្លេសអ្នកស្រី Amanda Staveley បានដាក់សំណើដេញថ្លៃជាផ្លូវការក្នុងតម្លៃ ៣០០លានផោន ប្រហែលជាង ៣៩៧លានដុល្លារដើម្បីទិញយកក្លិប Newcastle United មកកាន់កាប់។
បន្ទាប់ពីម្ចាស់ក្លិប Newcastle United បានប្រកាសដាក់លក់ក្លិបនេះជាផ្លូវការកាលពីថ្ងៃទី១៧ ខែតុលាកន្លងមក ស្ត្រីអ្នកជំនួយជនជាតិអង់គ្លេស និងជាម្ចាស់ក្រុមហ៊ុនវិនិយោគ PCP Capital Partners ដែលគាំទ្រដោយក្រុមហ៊ុនវិនិយោគពីមជ្ឈិមបូព៌ា និងចិនក្នុងរង្វង់ទឹកប្រាក់ ២៨ ពាន់លានផោន ប្រមាណជិត ៣៧ពាន់លានដុល្លារ បានពិចារណាចង់ទិញក្លិបនៅអង់គ្លេសមួយនេះ។
អ្នកស្រី Amanda Staveley ដែលដាក់សំណើដេញថ្លៃ ៣៩៧លានដុល្លារដើម្បីទិញយកក្លិប Newcastle United មកកាន់កាប់
ម្ចាស់ក្រុមហ៊ុនវិនិយោគ PCP Capital Partners វ័យ៤៤ឆ្នាំ បានពិភាក្សាជាមួយម្ចាស់ក្លិបរហស្សនាមសារិកាព្រៃ លោក Mike Ashley អស់រយៈពេលប្រហែលមួយខែមកហើយលើតម្លៃដេញថ្លៃ៣៩៧លានដុល្លារ។ ប៉ុន្តែយ៉ាងណា ខាង Newcastle នៅមិនទាន់ធ្វើការអត្ថាធិប្បាយជាសាធារណៈណាមួយនៅឡើយទេ ទោះបីជាមានប្រភពមួយ ថាក្លិបបានជំទាស់នឹងតម្លៃនៃការដេញថ្លៃខាងលើនេះ ដោយចង់បានតម្លៃ៣៨០លានផោន ប្រមាណ៥០៣លានដុល្លារ។
សូមបញ្ជាក់ថា លោក Mike Ashley បានចំណាយប្រាក់១៣០លានផោន ប្រមាណ ១៧២លានដុល្លារទិញយកក្លិបក្នុងក្របខណ្ឌ Premier League មួយនេះកាលពីឆ្នាំ២០០៧។ ក្រោមការកាន់កាប់របស់លោករយៈពេលមួយទសវត្សរ៍មក Newcastle United ធ្លាប់ធ្លាក់ទៅកាន់លីកលំដាប់ទី២ Championship ២ដង។
ចំណែក អ្នកស្រី Staveley ក៏ជាបុគ្គលសំខាន់ម្នាក់ដែលជួយសម្របសម្រួលឲ្យមានការទិញយកក្លិប Manchester City របស់ព្រះចៅស៊ុលតង់ Sheik Mansour នៃប្រទេសអារ៉ាប់រួមអេមេរ៉ាតកាលពីឆ្នាំ២០០៨ផងដែរ៕
Tag:
បាល់ទាត់
Amanda Staveley
Newcastle United
Mike Ashley
© រក្សាសិទ្ធិដោយ thmeythmey.com