ជាតិ
​​​ន​យោ​បាយ​ជាតិ​
កៅអី CNRP ពី​សភា​ទៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​៖ បក្ស​ខ្លះ​យក បក្ស​ខ្លះ​មិន​យក
22, Nov 2017 , 4:08 pm        
រូបភាព
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ មាន​គណបក្ស​៤ ប្រកាស​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល រំលាយចោល​។ តែ​គណបក្ស​៤​ទៀត មិន​យល់ព្រម​ទទួលយក​នោះទេ​។



​មួយ​សប្តាហ៍ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល គណបក្ស​បី រួមមាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា បានបង្ហាញ​បំណង​របស់ខ្លួន ទៅកាន់​សារព័ត៌មាន​នានា កន្លង​ម​រួចមកហើយ​ថា នឹង​ទទួលយក​អាសនៈ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ឲ្យ​។

​ចំពោះ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ ឬក៏​ដាក់​លិខិតផ្លូវការ​ទៅកាន់​គ​.​ជ​.​ប​នោះទេ ហើយក៏​មិនទាន់មាន​ដំណឹង​ច្បាស់លាស់ បែក​ខ្ចរខ្ចាយ​ទៅដល់​បណ្តាញសារព័ត៌មាន​ដែរ ជុំវិញ​ការទទួលយក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា គណបក្ស​របស់លោក នឹង​គោរព​តាមច្បាប់ ដោយ​មិន​ប្រកែក​ឡើយ នៅពេល​គ​.​ជ​.​ប បែងចែក​អាសនៈ​ឲ្យ​ខ្លួន​។ 

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា នឹង​ទទួលបាន​អាសនៈ​ទាំងពី​ប្រភេទ គឺ​អាសនៈ​ជា​តំណាងរាស្ត្រ​និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ប៉ុន្តែ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ទទួល​បានតែ​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប៉ុណ្ណោះ រីឯ​អាសនៈ​ជា​តំណាងរាស្ត្រ មិនអាច​ទទួល​បានឡើយ ពីព្រោះ​គណបក្ស​ទាំងពីរ​នេះ ទើបតែនឹង​បង្កើត ដោយ​​ពុំបាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៣ នោះទេ​។​

​ទន្ទឹមគ្នានេះ គណបក្ស​៤ រួមមាន គណបក្ស​អំណាច​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​មិន​ទទួលយក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ការបដិសេធ​របស់​គ​ណ​បក្ស​អំណាច​ខ្មែរ គឺធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍ កាលពី​កន្លងមក​។ ហើយ​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​ទៅកាន់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ដោយផ្ទាល់​តែម្តង ដើម្បី​បញ្ជាក់​ជំហរ​របស់ខ្លួន ថា​មិន​ចង់បាន​អាសនៈ​ទាំងនោះ​។ 

​លោក ហង្ស ពុទ្ធា អ្នក​នាំពា​ក្សគ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​ថ្ងៃទី​២៤ ខែវិច្ឆិកា គ​.​ជ​.​ប នឹង​ចាប់ផ្តើម​បែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នានា​។ ប៉ុន្តែ ត្រង់​ថា គណបក្ស​នីមួយៗ ត្រូវ​ទទួលបាន​អាសនៈ​ចំនួន​ប៉ុន្មាន​នោះ លោក មិនទាន់​អាច​បញ្ជាក់​បានឡើយ​។

​គណបក្ស​ផ្សេងទៀត ដែល​អាច​ទទួលបាន​អាសនៈ ពី​ការបែងចែក​របស់​គ​.​ជ​.​ប នៅ​រក្សា​ភាព​ស្ងៀមស្ងាត់ នៅឡើយ​។ គណបក្ស​ទាំងនោះ រួ​ម​មាន គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ការបោះឆ្នោត​តាំង​ពី​ឆ្នាំ​២0១៣​មក រួមទាំង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដែល​ទើបនឹង​ចូ​ល​រួមការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៧​នេះ​។ 

​សូម​រម្លឹកថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៣ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ចំនួន​៥៥ ហើយ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៧ គណបក្ស​នេះ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ប្រមាណ​ជា ៥​ពាន់​ឯណោះ​។ ប៉ុន្តែ​ភាពជា​តំណាង​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវអស់​សុពលភាព ក្រោយ​តុលាការ​កំពូល រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ ហើយ​អ្នក​ដែល​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ប្តឹងទៅ​តុលាការ​កំពូល គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​៕
      


Tag:
 គជប​
  ចែក​អាសនៈ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com