សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី សុំយោបល់ធនាគារពិភពលោកដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឲ្យលូតលាស់
× ទំនងជាដោយសារតែសេដ្ឋកិច្ចជាតិលូតលាស់យឺត រដ្ឋាភិបាលក្រុងហ្សាការតា បានស្នើឲ្យធនាគារពិភពលោកជួយវាយតម្លៃទាំងកំហុស និងភាពទន់ខ្សោយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍឥណ្ឌូណេស៊ីមានលក្ខណៈល្អប្រសើរ និងជឿនលឿន ។
លោកប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃ២១ វិច្ឆិកា បានអះអាងថា លោកបានស្នើធនាគារពិភពលោកតាមរយៈលោក Rodrigo Chaves តំណាងរបស់ធនាគារពិភពលោកប្រចាំឥណ្ឌូណេស៊ី ពាក់ព័ន្ធការព្យាករសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ដែលរាប់បញ្ចូលទាំងកំហុសឆ្គងក្នុងការអនុវត្តគោលនយោបាយ និងរបៀបធ្វើឲ្យសេដ្ឋកិច្ចកាន់តែល្អប្រសើរ ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានបើកចិត្តទូលាយក្នុងការទទួលយកការផ្តល់អនុសាសន៍ពីស្ថាប័នផ្សេងៗ ដែលរាប់បញ្ចូលទាំងធនាគារពិភពលោកផងដែរនោះ ដើម្បីយកទៅអភិវឌ្ឍកម្មវិធី និងគោលនយោបាយនៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ។
តាមប្រភពព័ត៌មានដដែល ក្នុងជំនួបនោះ ប្រធានាធិបតីបានពិភាក្សាជាមួយអ្នកតំណាងធនាគារពិភពលោកច្រើនពាក់ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសកល។ អ្នកតំណាង ក៏បានទទូចឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ពង្រឹងគុណភាពធនធានមនុស្សឥណ្ឌូណេស៊ី ដែលអ្នកតំណាងជឿជាក់ថា ការពង្រឹងគុណភាពនេះ នឹងចូលរួមចំណែកយ៉ាងធំក្នុងការពន្លឿនទាំងការលូតលាស់សេដ្ឋកិច្ច និងវិនិយោគ ៕
© រក្សាសិទ្ធិដោយ thmeythmey.com