ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាសនៈ​អតីត CNRP៖ ៤១​សម្រាប់​ហ្វ៊ុនស៊ិនប៉ិច ហើយ CPP អាច​បាន​បន្ថែមទៀត​
23, Nov 2017 , 2:37 pm        
រូបភាព
សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច
សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច
​ភ្នំពេញ​៖ អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចែក​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤១ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​ចំនួន​៦ គណបក្ស​ខ្មែរ​ឈប់​ក្រ ចំនួន​៥ គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំនួន​១​។ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បានលើកឡើង​យ៉ាង​ដូច្នេះ ហើយ​អះអាងថា នេះ ជា​លទ្ធផល​ផ្លូវការ នៃ​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ខាងលើ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០១៣​។



​លោក សោម សូ​រី​ដា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​គ​.​ជ​.​ប បែងចែក​ឲ្យ​នោះទេ​។ លោក បន្តថា តាមច្បាប់ អាសនៈ​ទាំង​១១ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បោះបង់ចោល នឹងត្រូវ​បែងចែក​បន្តទៀត ទៅ​ឲ្យ​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​។

​អគ្គលេខាធិការរង គ​.​ជ​.​ប ពន្យល់ថា គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​អាសនៈ​៦៨​ស្រាប់​ក្នុង​រដ្ឋសភា និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល នឹង​ទទួលបាន​អាសនៈ​បន្ថែម ក្នុងចំណោម​អាសនៈ​ទាំង​១១​ខាងលើ ដែល​នៅ​ទំនេរ​។ លោក បន្តថា ពេលណា រដ្ឋសភា ប្រកាស​ទទួលស្គាល់​សុពលភាព​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ពេលនោះ គណបក្ស​ទាំង​៣​នេះ នឹង​ក្លាយជា​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​។ លោក បកស្រាយ​ថា ហេតុផល​ត្រង់​នេះហើយ ដែល​អាច​ឲ្យ​គណបក្ស​ទាំង​៣ មាន​បំណែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ទទួលបាន​អាសនៈ​ទាំង​១១​នោះ​។​

​ប៉ុន្តែ លទ្ធផល​ចុងក្រោយ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួលបាន​អាសនៈ​ចំនួន​ប៉ុន្មាន​នោះ គឺ​ត្រូវ​សម្រេច​ដោយ​រដ្ឋសភា​។ នេះ​ជាការ​អះអាង​របស់លោក សោម សូ​រី​ដា ដដែល ដោយ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​អ្វីដែល​ខ្ញុំ​លើកឡើង មិន​ប្រាកដថា ត្រូវតែ​អ៊ីចឹង​ទេ​។ អាច​នឹង ប្រែប្រួល ពេល​រដ្ឋសភា សម្រេច​»​។ លោក ប្រាប់ថា ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយៗ ទទួលបាន​ពី​ការបែងចែក ត្រូវ​បានគ​.​ជ​.​ប បញ្ជូន​ទៅកាន់​រដ្ឋសភា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​។

​ជា​នីតិវិធី រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ ដើម្បី​ប្រកាស​សុពលភាព​នៃ​តំណាងរាស្ត្រ ដែល​មកពី​គណបក្ស​ទាំងនោះ​។ យ៉ាងណា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋសភា មិនទាន់​កំណត់​កាលបរិច្ឆេទ ដើម្បី​បើក​កិច្ចប្រជុំ ពី​បញ្ហា​ខាងលើ​នោះទេ​។ 

​ក្នុងដំណាក់កាល​នេះ គ​.​ជ​.​ប បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា តែប៉ុណ្ណោះ​។ ចំពោះ​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា​៥​ពាន់ គ​.​ជ​.​ប នឹង​បែងចែក​នៅពេល​ក្រោយ​។

​ភាពជា​តំណាង ក្នុង​រដ្ឋសភា និង​ភាពជា​តំណាង នៅតាម​ឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវអស់​សុពលភាព ក្រោយ​តុលាការ​កំពូល រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​។ ហើយ​អ្នក​ដែល​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ប្តឹងទៅ​តុលាការ​កំពូល គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។​

​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នានា គឺធ្វើឡើង​តាមច្បាប់​ទាំង​បួន ស្តីពី​ការបោះឆ្នោត ដែល​ត្រូវបាន​កែប្រែ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ច្បាប់​ចំនួន​៤ មាន​ខ្លឹមសារ​ជារួម​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​»​។​

​ច្បាប់​ទាំង​បួន​នោះ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧៕

Tag:
 CNRP
  ចែក​អាសនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com