ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការរំលាយ CNRP នាំ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​២​រូប នៃ​បក្ស​ភ្លើងទៀន​ អស់តំណែង​
24, Nov 2017 , 11:45 am        
រូបភាព
រូបភាព៖ លោក សោ ចាន់ដេត និងលោកស្រី គុណ លំអង អតីតសមាជិកព្រឹទ្ធសភា ពីគណបក្ស​ភ្លើងទៀន​
រូបភាព៖ លោក សោ ចាន់ដេត និងលោកស្រី គុណ លំអង អតីតសមាជិកព្រឹទ្ធសភា ពីគណបក្ស​ភ្លើងទៀន​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​នាំ​ឲ្យ​ប៉ះពាល់​ដល់​សមាជិក​ព្រឹទ្ធសភា​ពីររូប​ពី​គណបក្ស សម រង្ស៊ី ដែល​ទើបនឹង​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើងទៀន ផងដែរ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​ភា បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ដោយ​សម្រេច​ថា លោក សោ ចាន់​ដេ​ត និង​លោកស្រី គុណ លំអង ដែលជា​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី លែង​ជា​សមាជិក​ព្រឹទ្ធសភា ទៀតហើយ​។



​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ បាន​បង្ហាញថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​ប្រាប់​អគ្គលេខាធិការដ្ឋាន​រប​ស់​ខ្លួន ឲ្យ​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​កំពូល ដែល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការដក​សិទ្ធិ​នយោបាយ​ពី​ថ្នាក់ដឹកនាំ​១១៨​រូប នៃ​គណបក្ស​នេះ​។

​លោក សោ ចាន់​ដេ​ត និង​លោកស្រី គុណ លំអង មិន​ត្រឹមតែ​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី នោះទេ ប៉ុន្តែ​ក៏​ជា​សមាជិក​ក្នុង​គណៈកម្មាធិការ​នាយ​ក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ លោក សោ ចាន់​ដេ​ត និង​លោកស្រី គុណ លំអង ស្ថិតនៅ​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល ដាក់ទណ្ឌកម្ម ដោយ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ នេះ ជា​មូលហេតុ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា សម្រេច​ដក​អ្នក​ទាំង​២ ចេញពី​សមាជិក​ព្រឹទ្ធសភា​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស សម រង្ស៊ី បានទេ ដោយសារតែ​លោក មិន​លើក​ទូរ​សព្ទ​៕


Tag:
 បក្ស សម រង្ស៊ី​
  CNRP
  ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com