កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ច្រើនជាងគេ​លើ​លោក​
27, Nov 2017 , 3:50 pm        
រូបភាព
​ក្របខណ្ឌ Premier League ជាលី​ក​កីឡាបាល់ទាត់ ដែល​ចំណាយ​ប្រាក់បៀវត្សរ៍​ដល់​កីឡាករ​ច្រើនជាងគេ​បំផុត​ក្នុងចំណោម​លី​ក​បាល់ទាត់​ទាំងអស់ ខណៈ Barcelona ជា​ក្រុម​ដែល​ចំណាយ​សម្រាប់​កីឡាករ​ច្រើនជាងគេ​បំផុត​លើ​លោក​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។



​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ជា​មធ្យម​សម្រាប់​កីឡាករ​ដែល​ប្រកប​អាជីព​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​មាន​ចំនួន ២.៦៤​លាន​ផោន ប្រមាណ ៣.៥២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ដែល​កើនឡើង​លើសពី ៥​ម៉ឺន​ផោន ប្រហែល ៦៦៥៨៦​ដុល្លារ​ក្នុង​១​សប្តាហ៍ ជា​លើកដំបូង​។​

​ប្រាក់បៀវត្សរ៍​នៅ Premier League គិត​ជា​មធ្យម​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ជាង​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​ដែល​ចំណាយ ១.៦៨​លាន​ផោន (២.២៤​លាន​ដុល្លារ​) អ៊ីតាលី Serie A ១.៣៣ លាន​ផោន (១.៧៧​លាន​ដុល្លារ​) Bundesliga របស់​អាល្លឺម៉ង់ ១.១៦ លាន​ផោន (១.៥៤​លាន​ដុល្លារ​)​។ រីឯ​ក្របខណ្ឌ Ligue 1 របស់​បារាំង​ដែល​ចំណាយ​អស់ ៩៤៤.៤០៥ ផោន (១.២៥​លាន​ដុល្លារ​) គឺជា​ការកើនឡើង​ខ្ពស់​មួយ​គួរ​ឲ្រ​កត់សំគាល់​ដែរ ដោយសារតែ Paris Saint-Germain ទិញ​ចូល​កីឡាករ​ថ្លៃៗ​ច្រើន​នៅ​រដូវ​កាល​នេះ​។​



​បើទោះបី​លី​កនៅ​អង់គ្លេស​ចំណាយ​ច្រើន​សម្រាប់​កីឡាករ​ក៏ដោយ តែបើ​គិត​ក្លិប​វិញ FC Barcelona ជា​ក្រុម​ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​ច្រើនជាងគេ​រហូតដល់​៦.៦​លាន​ដុល្លារ​ក្នុង​១​សប្តាហ៍ ក្រោយ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Lionel Messi ក្នុងតម្លៃ​ប្រាក់​ឈ្នួល ៥​សែន​ផោន ឬ​៦៦៥៨៦២​ដុល្លារ ក្នុង​១​អាទិត្យ​។​

Paris Saint-Germain នៅ​ចំណាត់ថ្នាក់​ទី​២ ចំណាយ​អស់ ៦.៥​លាន​ផោន (៨.៦៦​លាន​ដុល្លារ​) លេខ​៣ Real Madrid ៦.២​លាន​ផោន (៧.៩៩​លាន​ដុល្លារ​)​។ Manchester United, Manchester City និង​Bayern Munich ឈរ​នៅ​លេខ​៤​ដូចគ្នា​ចំណាយ​អស់ ៥.២​លាន​ផោន (៦.៩២​លាន​ដុល្លារ​)៕






Tag:
 បាល់ទាត់​
  Premier League
  ប្រាក់បៀវត្សរ៍​
© រក្សាសិទ្ធិដោយ thmeythmey.com