កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku អាច​អវត្តមាន​ពេល Man Utd ជួប Arsenal និង Man City
28, Nov 2017 , 10:04 am        
រូបភាព
Romelu Lukaku ប្រឈម​នឹង​ការដាក់ពិន័យ​ចំនួន​៣​ប្រកួត​ឲ្យ Manchester United ប្រសិនជា​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA រកឃើញថា​រូបគេ​ពិតជា​មានបំណង​ធាក់​ខ្សែការពារ Gaetan Bong របស់​ក្រុម Brighton មែន​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់ Goal.com​។​



​អំឡុង​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League ដែល Manchester United យកឈ្នះ Brighton ១-០ នៅ​ទឹកដី Old Trafford កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា Lukaku បានបង្ហាញ​អក​ប្ប​កិរិយា​មិន​សមរម្យ​ដោយ​លើកជើង​ទៅក្រោយ​ធាក់​ខ្សែការពារ​សញ្ជាតិ​កា​មេ​រ៉ូ​ន Gaetan Bong​។​



​ករណីនេះ​ប្រសិនបើ FA រកឃើញថា​ខ្សែ​ប្រ​យុ​ទ្ទ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក វ័យ​២៤​ឆ្នាំនេះ​បាន​បង្ក​ហិង្សា​ក្នុង​ទីលាន​ក្រោយ​ពិនិត្យ​តាម​វីដេអូ​ឡើងវិញ​នោះ រូបគេ​នឹងត្រូវ​ដាក់ពិន័យ ៣​ប្រកួត ដែល​ក្នុងនោះ ២​ប្រកួត​សំខាន់​ត្រូវ​ប៉ះ Arsenal និង Manchester City ដែល​នឹង​អាច​ជះឥទ្ធិពល​អាក្រក់​ដល់ Manchester United ទៀតផង​។​

​អតីត​សមាជិក​ក្រុម Everton ដែល​ក្លិប​រហស្សនាម​បិសាច​ក្រហម​ទិញ​កាលពីដើម​រដូវ​កាល​ក្នុងតម្លៃ ៧៥​លាន​ផោន ប្រហែល​ជិត ១០០​លាន​ដុល្លារ កំពុង​រង់ចាំ​ការសម្រេច​របស់​ស្ថាប័ន​ខាងលើ​ថា​ត្រូវដាក់​ទណ្ឌកម្ម​មកលើ​រូបគេ​កំរិតណា​៕


Tag:
 បាល់ទាត់​
  Manchester United
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com