កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​អា​ហ្ស​ង់​ទីន​៖ មានតែ​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ និង​បារាំង​ប៉ុណ្ណោះ អាច​ឈ្នះ World Cup
29, Nov 2017 , 7:59 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ និង​បារាំង​គឺជា​ប្រទេស​មាន​ភាគរយ​ច្រើន​លើសគេ​ក្នុងការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​។ នេះ​ជាការ​លើកឡើង​របស់លោក Jorge Sampaoli អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។



«​ខ្ញុំ​គិតថា​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ និង​បារាំង​មាន​ជំហាន​មួយ​ឆ្ពោះទៅ​មុខដាច់​គេ ដោយសារតែ​ពេលវេលា​របស់​ពួកគេ​ធ្វើការ​ជាមួយគ្នា​បានល្អ​ជាង​ក្រុម​ដ៏​ទៃ​។ ខ្ញុំ​មិន​និយាយ​ពី​អាឡឺម៉ង់ មិនមែន​ដោយសារតែ​ខ្ញុំ​ភ្លេច​ពួកគេ​ទេ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​ចូលចិត្ត​របៀប​ដែល​ពួកគេ​លេង​»​។ នេះ​ជាស​ម្តី​លោក Sampaoli អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​ក្រុម Sevilla នៃ​ក្របខណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ ដែល​បាន​ប្រាប់​និស្សិត​អ្នកសារព័ត៌មាន​នៅឯ​សាលា Tea And Deportea ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។ នេះ​បើតាម​កា​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Xinhua​។​

​អ្នកចាត់ការ​សញ្ជាតិ​ស៊ី​លី វ័យ​៥៧​ឆ្នាំ បន្ថែមទៀតថា​អាល្លឺម៉ង់​មិន​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​ដណ្តើមពាន​លំដាប់​ទី​១​ពិភពលោក​នេះ​ទេ បើទោះបី​ពួកគេ​ធ្លាប់បាន​យកឈ្នះ​អា​ហ្ស​ង់​ទីន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ ២០១៤ ក៏ដោយ​។

 Sampaoli បាន​ឡើង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ អំឡុងពេល​ក្រុម​កំពុង​យ៉ាប់យឺន​ខ្លាំង​។ លោក​បាន​ជួយ​ស្រោចស្រង់​ក្រុម​មកពី​អាមេរិក​ឡាទីន​នេះ ឲ្យ​រួច​ផុតពី​ការបាត់បង់​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ បន្ទាប់ពី​យកឈ្នះ​អេ​ក្វា​ឌ័​រ ៣-១ នា​ការប្រកួត​ចុងក្រោយ​វគ្គ​ជម្រុះ​តាម​តំបន់​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  Jorge Sampaoli
© រក្សាសិទ្ធិដោយ thmeythmey.com