អន្តរជាតិ
Hwasong-15 មី​ស៊ី​ល​ថ្មី​របស់​កូរ៉េខាងជើង​អាច​បាញ់​ដល់​គ្រប់​គោលដៅ​នៅ​អាមេរិក​
29, Nov 2017 , 7:19 pm        
រូបភាព
លោក គីម ជុងអ៊ុន ត្រួតពិនិត្យមីស៊ីលកន្លងមក (រូបភាព៖ Reuters)
លោក គីម ជុងអ៊ុន ត្រួតពិនិត្យមីស៊ីលកន្លងមក (រូបភាព៖ Reuters)
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 ។ កូរ៉េខាងជើង​អះអាងថា មី​ស៊ី​ល​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មី​ស៊ី​ល​អន្តរទ្វីប Hwasong-14 ទៅទៀត ហើយ​អាច​វាយប្រហារ​គោលដៅ​ទាំងអស់​នៅលើ​ទឹកដី​អាមេរិក​។ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ទំនងជា​កើនឡើង​ខ្លាំង​ដោយសារ​ការបាញ់​នេះ ខណៈ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ព្រមាន​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​រាំងខ្ទប់​កូរ៉េខាងជើង​។



​ក្រុង​ព្យុងយ៉ាង​បាន​ចេញមុខ​ទទួលស្គាល់​មី​ស៊ី​ល​ដែល​ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ ការប្រកាស​នេះ​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មី​ស៊ី​ល​មួយ​គ្រាប់​ត្រូវបាន​បាញ់​ចេញ​កូរ៉េខាងជើង ហើយ​ហោះចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន និង​កៀក​ដែន​គោក​ជប៉ុន​ជា​មី​ស៊ី​លបាញ់​រាល់ដង​ទៅទៀត​។ អាមេរិក និង​កូរ៉េខាងត្បូង​អះអាងថា មី​ស៊ី​ល​នេះ​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក តែ​មិនដឹង​ពី​ប្រភេទ​ច្បាស់លាស់​ឡើយ​។

​មី​ស៊ី​ល​ដែល​បាញ់​លើក​នេះ គឺជា​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 ដែល​បានមកពី​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​មួយទៀត គឺ Hwasong-14 ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ប្រកាសថា មី​ស៊ី​ល​នេះ​រត់​បាន​ចម្ងាយ​៩៥០​គីឡូម៉ែត្រ និង​ហោះ​បាន​កម្ពស់​៤៤៧៥​គីឡូម៉ែត្រ​។ មី​ស៊ី​ល​ថ្មី​នេះ​អាច​បំពាក់​ក្បាល​គ្រាប់​ធំ​មហិមា​បាន ហើយ​អាច​វាយប្រហារ​គ្រប់​ទីតាំង​ទាំងអស់​របស់​អាមេរិក​។ 

​អ្នកជំនាញ​អះអាងថា ប្រសិន​ហោះ​ក្នុង​គន្លង​ស្តង់ដា មី​ស៊ី​ល Hwasong-15 នេះ​អាច​បាញ់​ដល់​គោលដៅ​ទាំងឡាយ​ក្នុង​រង្វង់​ច្រើនជាង​១៣,០០០​គីឡូម៉ែត្រ​ឯណោះ​។ នេះ​មានន័យថា ឆ្នេរ​ភាគ​ខាងកើត​របស់​អាមេរិក​កំពុងស្ថិត​ក្នុងការ​គំរាមកំហែង ហើយ​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏​ស្ថិតក្នុង​គោលដៅ​របស់​មី​ស៊ី​ល​នេះដែរ​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន KCNA បានប្រកាស​ដោយ​មោទកភាព​ថា កូរ៉េខាងជើង​សម្រេចបាន​គោលដៅ​ក្នុងការ​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ និង​ការកសាង​កម្លាំង​រ៉ុក្កែត​ហើយ​។ យ៉ាងណាក្ដី កូរ៉េខាងជើង​ក៏​ប្រកាស​ដែរ​ថា ខ្លួន​គឺជា​មហាអំណាច​នុយក្លេអ៊ែរ​ដែលមាន​ការទទួល​ខុសត្រូវ ព្រោះ​អាវុធ​របស់ខ្លួន គឺ​ទុក​សម្រាប់​ការពារ​ខ្លួនឯង​ពី​នយោបាយ​បង្ករឿង និង​ការគំរាមកំហែង​របស់​ចក្រពត្តិ​អាមេរិក​ប៉ុណ្ណោះ​។​

​ទោះ​មាន​មី​ស៊ី​លបាញ់​ដល់​អាមេរិក​មែន តែ​មិន​មានន័យថា កូរ៉េខាងជើង​អាច​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​ដល់​ទឹកដី​អាមេរិក​ដែរ​។ នោះ គឺ​កូរ៉េខាងជើង​មាន​ត្រឹម​មី​ស៊ី​ល តែ​មិនទាន់មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅឡើយ​ទេ ដែល​បច្ចេកវិទ្យា​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​នៅឡើយ​។ ឯ​បច្ចេកវិទ្យា​ចាំបាច់​ក្នុងការ​ទាញ​មី​ស៊ី​ល​ចូល​បរិយាកាស​ឡើងវិញ​បន្ទាប់ពី​បាញ់​នោះ ក៏​កូរ៉េខាងជើង​នៅ​ខ្សោយ​ដូចគ្នា​។​

​យ៉ាងណាមិញ ការសម្រេចបាន​មី​ស៊ី​ល​ដ៏​មាន​អានុភាព​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការឈាន​ទៅមុខ​នៃ​សមត្ថភាព​របស់​កូរ៉េខាងជើង ហើយ​មិនយូរ​ទៀត​ទេ កូរ៉េខាងជើង​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​ទាំងឡាយ​ដែល​អាច​នាំ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅកាន់​គោលដៅ​ទាំងអស់​បាន​មិន​ខាន​។ ការ​ជឿនលឿន​របស់​កូរ៉េខាងជើង ត្រូវបាន​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ចាត់ទុកជា​ការគំរាមកំហែង​សម្រាប់​ពិភពលោក​ទាំងមូល​៕  


Tag:
 ​កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com