កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល​អាច​បញ្ឈប់​ការប្រកួត​ភ្លាម បើ​មានការ​រើសអើង​ពូជសាសន៍​នៅ World Cup
02, Dec 2017 , 7:19 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។ រូបថត​ AFP
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA។ រូបថត​ AFP
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ហៅ​កាត់​ថា FIFA លោក Gianni Infantino និយាយថា លោក​អាជ្ញាកណ្តាល​នឹងមាន​អំណាច​សំខាន់​មួយទៀត ដោយ​អាច​សម្រេច​បញ្ឈប់ ឬ​ផ្អាក​ការប្រកួត​ភ្លាមៗ ប្រសិនបើ​មាន​សកម្មភាព​រើសអើង​ជាតិ​សាសន៍​កើតឡើង​អំឡុងពេល​ប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់ FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​



BBC បាន​ផ្សាយ​ថា FIFA បានចេញ​វិធានការ​៣​ចំនុច​ដើម្បី​ផ្តល់​អំណាច​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​សម្រេច​ក្នុង​ការប្រកួត​ដណ្តើមពាន​កីឡាបាល់ទាត់​លំដាប់​ទី​១​ពិភពលោក​នៅ​ឆ្នាំក្រោយ​។ បី​ចំនុច​នោះ​រួមមាន ១.​បញ្ឈប់​ការប្រកួត​តែម្តង ២.​ព្យួរ​ការប្រកួត​បណ្តោះអាសន្ន និង​៣.​មិន​ឲ្យ​មានការ​ប្រកួត​ក្រោយៗ​ទៀត​ក្នុង​ព្រឹត្តិការណ៍​នេះ​តែម្តង ប្រសិនបើ​អ្នកគាំទ្រ​របស់​ក្រុម​ណាមួយ​បង្ហាញ​ឥរិយាបទ​រើស​អើត​ជាតិ​សាសន៍​ពេល​កំពុង​ប្រកួត​នោះ​។​

​ដើម្បី​អនុវត្ត​បី​ចំនុច​ខាងលើនេះ​បាន ស្ថាប័ន​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​មួយ​នេះ​នឹងដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ឲ្យ​ឃ្លាំមើល​សកម្មភាព​របស់​អ្នកគាំទ្រ​នោះ​តែម្តង​។​



​លោក Infantino អះអាងថា វិធានការ​ប្រឆាំងនឹង​ការរើសអើង​ខាងលើ​គឺជា "​អាទិភាព​ខ្ពស់​" សម្រាប់​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​។​

​លោក​ប្រធាន FIFA សញ្ជាតិ​ស្វី​សបាន​បន្ថែមថា​៖«​យើង​នឹងមាន​ភាពរឹងមាំ​កាន់តែខ្លាំង​។ យើង​ក៏​អាច​រំពឹងថា ការលេង​ដោយ​យុត្តិធម៌​នៅ​រុស្ស៊ី​ឆ្នាំក្រោយ យើង​នឹងធ្វើ​ឲ្យ​ប្រាកដថា​គ្មាន​ការរើសអើង និង​ហេតុ​អាក្រក់​កើតឡើង​នោះទេ​»​។​

​វិធានការ​នេះ បានដាក់​ឲ្យ​សាកល្បង​រួចមកហើយ​នៅក្នុង​ព្រឹត្តិការណ៍ Confederations Cup លើក​ទី​១០ នៅ​រុស្ស៊ី កាលពី​ខែមិថុនា​កន្លងទៅ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com