កីឡាអន្តរជាតិ
រថយន្ត
AVB អតីត​គ្រូ Chelsea នឹង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Dakar Rally
04, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​គ្រូបង្វឹក​កីឡាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Andre Villas-Boas (AVB) នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Dakar Rally នា​ខែមករា ឆ្នាំ​២០១៨ ខាង​មុន​។ បើតាម​ការប្រកាស​រប​ស់​អង្គភាព Amaury Sport Organisation (ASO) ដែលជា​អ្នកទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​។​


 
​លោក Andre Villas-Boas ដែល​ហៅ​កាត់​ថា AVB ទើបតែ​ចាក​ចេញពី​តួនាទី​ជា​គ្រូបង្វឹក​ក្លិប Shanghai SIPG របស់​ចិន បន្ទាប់ពី​ដឹកនាំ​បាន​មួយ​រដូវ​កាល​។ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា អង្គភាព​រៀបចំ​ព្រឹត្តិការណ៍​ប្រឆាំង​រថយន្ត ASO បានប្រកាសថា គ្រូបង្វឹក​កីឡាបាល់ទាត់​វ័យ​៤០​ឆ្នាំ​រូបនេះ នឹង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Dakar Rally ឆ្នាំ​២០១៨ ដោយមាន​លោក Ruben Faria ជា​ដៃគូ​បើកបរ​។​
 
​លោក AVB និង Ruben Faria នឹង​បើករថយន្ត Toyota Hilux ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ដែលមាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ប៉េ​រូ​នៅ​ថ្ងៃទី​៦ ខែមករា ដោយ​ឆ្លងកាត់​បូ​លី​វី មុននឹង​បញ្ចប់​នៅ​អា​ហ្ស​ង់​ទីន​នា​ថ្ងៃទី​២០ ខែមករា​។​
 
​លោក AVB កាលពី​ក្មេង​គឺជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការប្រណាំង​រថយន្ត ព្រោះ​លោក​មាន​ឪពុកមា​ឈ្មោះ Pedro Villas-Boas បាន​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Paris-Dakar កាលពី​ឆ្នាំ​១៩៨២ ដោយ​បើកបរ​រថយន្ត 4x4 ផងដែរ​។​
 
​អតីត​គ្រូបង្វឹក​ក្លិប Porto, Chelsea និង Tottenham Hotspur រូបនេះ បានប្រកាសថា ខ្លួន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចាប់ដៃ​ចង្កូតរ​ថយ​ន្ត ខណៈ​លោក Ruben Faria ដែល​មិត្ត​រួម​ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់លោក ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​២ នា​ព្រឹត្តិការណ៍ Dakar កាលពី​ឆ្នាំ​២០១៣ កន្លងមក​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com