បទយកការណ៍ / បទសម្ភាសន៍
លោក លី តារា បង្កើត​ក្លិប​អាន​ចំនួន​៥ ដើម្បី​លើកកម្ពស់​ការអាន និង​តែង​និពន្ធ​
09, Dec 2017 , 10:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក លី តារា ជា​យុវជន​ម្នាក់​ដែល​ផ្ដើមគំនិត បង្កើត​ក្លិប​សិក្សា​ចំនួន​៥ ដើម្បី​លើកកម្ពស់​ការអាន និង​ការ​តែង​និពន្ធ​របស់​យុវជន​។ ក្លិប​សិក្សា​នេះ ចាប់ផ្តើម​ជិត​២​ឆ្នាំ​មកហើយ ហើយ​លោក តារា ថែមទាំង​បាន​យក​ផ្ទះជួល​របស់ខ្លួន​ធ្វើជា​ស្នាក់ការ​ក្លិប​ទៀតផង​។ បើតាម​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ ម្តាយ​របស់ខ្លួន មិន​ពេញចិត្ត​ឡើយ នៅពេលដែល​រូបគេ បង្កើត​ក្លិប​សិក្សា​នេះ​។ ប៉ុន្តែ​ដោយសារតែ​ក្តី​ស្រឡាញ់ ការមិន​ពេញ​របស់​ម្តាយ មិនបាន​រារាំង ឬ​បង្អាក់​ដំណើរការ​ក្លិប​សិក្សា​នេះឡើយ​។ ផ្ទុយទៅវិញ លោក លី តារា បញ្ជាក់ថា លោក​បាន​ខំប្រឹងប្រែង ធ្វើ​ឲ្យ​ក្លិប​នេះ ដំណើរការ​ដោយ​ជោគជ័យ​ជាង​១​ឆ្នាំកន្លងមក​។​

 
​នៅក្នុង​វ័យ​២៤ ឆ្នាំ លោក​លី តារា បាន​ផ្ដើមគំនិត​បង្កើត​ក្លិប​សិក្សា​ចំនួន​៤ និង​ក្លិប​និពន្ធ​មួយទៀត ដើម្បី​បំផុស​ឲ្យ​យុវជន ជាពិសេស​អ្នក​ដែល​មិន​ចូលចិត្ត​អាន ចាប់អារម្មណ៍​ការអាន​ឡើងវិញ​។ រយៈពេល​ជិត​២​ឆ្នាំ ក្លិប​សិក្សា​ទាំង​៥​នេះ មាន​សមាជិក​ចូលរួម​សកម្ម​ចំនួន ៤៤៥​នាក់ ។​

  
 
​មាន​រូបរាង​ខ្ពស់ សម្បុរ​ស លោក លី តារា មិន​ត្រឹមតែ​បង្កើត​ក្លិប​សិក្សា​ដែលមាន​ស្នាក់ការ​នៅ​ជិត​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នោះទេ លោក​ក៏បាន​បង្កើត​ក្លិប​សិក្សា នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ នៅក្នុង​ទំព័រ ហ្វេ​ស​ប៊ុ​ក Cambodia Young Authors មាន​ដាក់​បង្ហាញ​នូវ​សៀវភៅ ជា​ភាសារ​ខ្មែរ និង​បរទេស ដែលជា​ការ​តែង​និពន្ធ​ថ្មី និង​ចាស់ សម្រាប់​ឲ្យ​អ្នក​ដែល​ចាប់អារម្មណ៍ អាច​ទាញ​យកទៅ​អាន និង​រក្សាទុក​។ លោក​លី តារា បញ្ជាក់​៖ «​អ្នក​ខ្ជិល​គឺជា​ទិសដៅ​ដំបូង​របស់ខ្ញុំ​។ យើង​បណ្ដុះបណ្ដាល​ដំបូង​គេ​បង្អស់ គឺ​ទៅលើ​អ្នក​ដែល​មិនសូវ​ចេះ​ភាសា​អង់គ្លេស ឲ្យ​ចេះ​អង់គ្លេស ទើប​យើង​ចាប់​ជួយ​គាត់​ឲ្យ​ទៅជា​អ្នកអាន​។ ដូច្នេះ​យើង​ត្រូវ​ចំណាយពេល​យូរ​បន្តិច​»​។​
 
​ក្លិប​ដែលមាន​ស្នាក់ការ​នៅក្នុង​ផ្ទះល្វែង​នេះ រៀងរាល់ថ្ងៃ​សៅ​រិ៍ អាទិត្យ មាន​យុវជន​ចេញចូល​មិន​ដាច់ គឺ​ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច ក្លិប​ចំនួន​៤ បានដាក់​វេន​គ្នា ដើម្បី​ចូលរៀន ក្នុងនោះ​មាន 24 Hour Speaking Club, Young Speaker Club, Lazy Speakers Club, DARA LY Reading Space​។ នេះ​បើតាម​ការបញ្ជាក់​របស់​យុវជន តារា ដែល​បាន​បន្តថា អ្នកចូលរួម​ភាគច្រើន ត្រូវ​និយាយ​ជា​ភាសា​អង់គ្លេស ហើយ​សមាជិក​ភាគច្រើន សុទ្ធតែជា​យុវជន កម្រិត​វិទ្យាល័យ ដល់​សកល​វិទ្យាល័យ​។ 


  
 
​ទោះជា​ការចូលរ​សិក្សា​នៅក្នុង​ក្លិប​នីមួយៗ មិន​តម្រូវ​ឲ្យ​សមាជិក​បង់ប្រាក់ និង​មិនមាន​ប្រភព​ជំនួយ​ពី​អង្គការ​ណាមួយ​ក៏ដោយ ប៉ុន្តែ​ស្ថាបនិក​ក្លិប​នេះ សប្បាយចិត្ត​នៅពេល​ក្លិប​នេះ​នៅតែ​ដំណើរការ​ដោយ​ជោគជ័យ និង​នៅពេល​បានឃើញ​យុវជន​យល់​ពី​តម្លៃ​នៃ​ការអាន​។ លោក​លី តារា បញ្ជាក់​៖ «​នៅពេលដែល​សមាជិក​បាន​និយាយថា កន្លែង​ហ្នឹង​គឺជា​ផ្ទះ​ទី​២​របស់គាត់ ធ្វើ​ឲ្យ​យើង​ជា​អ្នកបង្កើត​ក្លិប​ផ្ទាល់ មាន​អារម្មណ៍​ថា​សប្បាយចិត្ត យល់ថា​គាត់​ឲ្យ​តម្លៃ​លើ​អ្វីដែល​យើង​ធ្វើ​ហើយ​គាត់​ក៏​យល់​ពី​តម្លៃ​នៃ​ក្លិប​ទាំងនេះ​»​។​

  
 
​លោក​លី តារា ដែលជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​រូបនេះ ក្រៅពី​បំផុស​ឲ្យ​មាន​ក្លិប​សិក្សា លោក​ក៏​ជា​អ្នកសរសេរ​សៀវភៅ ដែល​លើកទឹកចិត្ត​ក្នុង​ការអាន​ដែរ​។ បច្ចុប្បន្ន លោក​បាន​សរសេរ​សៀវភៅ​ចំនួន​៣​ក្បាល ក្នុងនោះ​មាន DARA LY Reading Standard, Book And Crush និង​ទើបតែ​បោះពុម្ពផ្សាយ​មួយទៀត គឺ Because I was Selfish​។ លោក​ក៏មាន​គម្រោង​សរសេរ​សៀវភៅ​ជាច្រើន ជាមួយ​យុវជន​ដទៃទៀត ដែល​ចូលរួម​ក្នុង​ក្លិប​និពន្ធ​របស់លោក​៕
 


Tag:
 លី តារា​
  ​ការអាន​
 ​ ក្លិប​សិក្សា​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com