ភ្នំពេញ៖ បារាំងស្នើឲ្យរដ្ឋាភិបាលផ្ដល់ឱកាសឲ្យគណបក្សប្រឆាំង និងសង្គមស៊ីវិល មានដំណើការឡើ ងវិញ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា បញ្ហារបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល គឺជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងលោក ហ្វ្រង់ស័រ កូគែត ដែលបានមកទស្សនៈកិច្ចនៅកម្ពុជា៤ថ្ងៃកន្លងមកនេះ បានកត់សម្គាល់ពីបញ្ហានយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ត្រង់ចំណុចនេះលោក ហ្វ្រង់ស័រ កូគែត ស្នើឲ្យកម្ពុជា ដោះស្រាយភាពតាននយោបាយ និងសម្រួលឲ្យអង្គការសង្គមស៊ីវិល មានឱកាសបំពេញការងារឲ្យពេញលេញដូចដើមវិញ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកយកពាក្យលោក ហ្វ្រង់ស័រ កូគែត ដូច្នេះថា៖«ការអំពាវនាវរបស់បារាំងឲ្យអាជ្ញាធរកម្ពុជាវិលត្រឡប់មកចូលរួមនូវដំណើការប្រជាធិបតេយ្យ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើការដោយគ្មានការរារាំង»។
ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏សង្ឃឹមថា កម្ពុជានឹងផ្ដល់ការវិវឌ្ឍជាវិជ្ជមានផ្សេងៗទៀតនៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គមស៊ីវិល។
សហគមន៍ សហជីព និងអង្គការសង្គមស៊ីវិល ១០៣ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលមានបានបង្ហាញក្តីព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលនាំឲ្យដំណើការលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។ ក្តីព្រួយបារម្ភរបស់ស្ថាប័នទាំងនេះ បានរំឭកពីការព្រមានបិទអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការឃាត់ខ្លួនអ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្សផងដែរ។ ស្ថាប័នទាំង១០៣នេះ បានស្នើឲ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន និងការធ្វើទុកបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ។
ទាក់ទងនឹងបញ្ហាខាងលើនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថាបញ្ហារបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល គឺជាការអនុវត្តស្របតាមច្បាប់នៃប្រទេសកម្ពុជាប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន បើគណបក្សនយោបាយ ឬសង្គមស៊ីវិលណា អនុវត្តផ្ទុយពីច្បាប់នោះ នឹងត្រូវទទួលទោស តាមគោលការណ៍ពង្រឹងនីតិរដ្ឋ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ការរំលាយគណបក្សប្រឆាំង ការដកសិទ្ធិអ្នកនយោបាយ១១៨នាក់ គឺជាការអនុវត្តច្បាប់របស់តុលាការ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ចំពោះសង្គមស៊ីវិល ដែលអនុវត្តមិនត្រូវតាមច្បាប់អង្គការ សមាគមនោះ ក៏ត្រូវទទួលទោសដែរ ព្រោះមានសង្គមស៊ីវិលខ្លះ មាននិន្នាការប្រឆាំងរដ្ឋាភិបាល មិនដែលនិយាយពីចំណុចល្អរដ្ឋាភិបាល ហើយបែជាកៀងគរ មនុស្សប្រឆាំងការបោះឆ្នោត ប្រឆាំងរដ្ឋាភិបាលទៅវិញ។ ដូច្នេះមនុស្សមានសិទ្ធិសេរីភាព ប៉ុន្តែត្រូវនៅក្រោមច្បាប់ ហើយដើម្បីពង្រឹងនីតិរដ្ឋ គឺត្រូវអនុវត្តតាមច្បាប់»។
កន្លងមកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់និយាយថា បើគ្មានគណបក្សប្រឆាំងមួយ ក៏មានគណបក្សដទៃទៀតចូលរួមប្រកួតប្រជែងបោះឆ្នោតដែរ ។ សម្ដេច ហ៊ុន សែន ក៏មិនព្រួយបារម្ភពីបរទេសណា ដែលមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាឡើយ។
បច្ចុប្បន្នរដ្ឋសភាមានគណបក្ស៤បម្រើការងារជាមួយគ្នា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បែងចែកកៅអីទាំង៥៥របស់អតីតគណបក្សសង្គ្រោះជាតិ ឲ្យទៅគណបក្សហ្វ៊ុនស៊ិនប៉ិច៤១កៅអី គណបក្សសញ្ជាតិកម្ពុជា២កៅអី និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១កៅអី ខណៈដែលគណបក្សប្រជាជនកម្ពុជា កើនឡើង៧៩អាសនៈ៕