ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកធាក់ស៊ីក្លូ​សុទ្ធតែ​វ័យ​ចំណាស់ ហើយ​រកចំណូលបាន​តិច
11, Dec 2017 , 8:59 pm        
រូបភាព
ដោយ:
​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ នៅ​សេសសល់​តិចតួច​នៅឡើយ​នាពេលនេះ​។ ខណៈ​អ្នក​ប្រកប​របរ​នេះ ភាគច្រើន​ជា​មនុស្ស​ចាស់​ផង​នោះ អ្នក​ប្រកប​អាជីព​នេះ ក៏បាន​ត្អូញ​គ្រប់​មាត់​អំពី​ប្រាក់ចំណូល​ដែល​ស្ទើរតែ​មិនអាច​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​ផង​។



​លោក ជា ជឿន ជា​អ្នកធាក់ស៊ីក្លូ​តាំង​តែង​ពី​ជំនាន់​សម័យ​សង្គមរាស្ត្រនិយម​។ ក្រោយ​ជំនាន់ ប៉ុល ពត លោក​បាន​ប្តូរ​ទៅ​រត់​រ៉ឺម៉ក នៅ​ខេត្តតាកែវ ដែលជា​ស្រុកកំណើត​។ លោក​ផ្លាស់​មក​ធាក់​ស៊ីក្លូ​វិញ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​។ កំពុង​សម្រាក​ក្រោម​ដើមឈើ​នៅ​ផ្លូវ​ក្បែរ​មាត់ទន្លេ​នា​កំពង់ផែ​ក្រុងភ្នំពេញ លោក ជា ជឿន មាន​អាយុ​៧៥​ឆ្នាំ ខ្ពស់​ស្គម ស្បែក​ជ្រីវជ្រួញ សក់ស្កូវ ធ្មេញ​បាក់​ជិត​អស់​។  លោកតា​រៀបរាប់ថា ក្នុង​មួយថ្ងៃ​លោក អាច​រកបាន​ចំណូល​បាន​ពី​២ ទៅ ៤​ម៉ឺន​រៀល​។ យ៉ាងណា​ចំណូល​នេះ អាច​នៅសល់​បន្តិចបន្តួច​ប៉ុណ្ណោះ ក្រោយ​ទូទាត់​ថ្លៃ​អាហារ​រួច​។​



​លោក ជឿន ដែល​ស្នាក់​នៅតាម​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅពេល​យប់ បាន​រៀបរាប់​បន្តថា លោក​ចាប់ផ្តើម​ដឹក​ភ្ញៀវ​នៅ​ម៉ោង​៦​ព្រឹក ហើយ​ជា​ញឹកញាប់ លោក​ដឹក​ភ្ញៀវ​រហូតដល់​ម៉ោង​១២​អធ្រាត្រ​។ លោក ជា ជឿន បញ្ជាក់​ដូច្នេះ​៖«​នៅ​ម៉ោង ៦​ព្រឹក​ត្រូវ​ទៅ​ដឹក​ម៉ូយ​រហូតដល់​ម៉ោង​៩​ព្រឹក ពី​ផ្សារ​ចាស់ ទៅ​ផ្សារ​ធំថ្មី និង​ទៅ​ផ្សារ​អូរឫស្សី​។ រួចហើយ​ត្រូវ​ស្វែងរក​អ្នកជិះ​ផ្សេងទៀត​ក្រៅពី​ម៉ូយ​»​។ លោក ជា ជឿន បាន​បដិសេធ​ចូល​ជា​សមាជិក​នៃ​សមាគម​ធាក់​ស៊ីក្លូ ដោយសារតែ​លោក​បារម្ភ​ពី​ការបាត់​ចំណូល និង​មិនអាច​ដឹក​ភ្ញៀវ​ប្រចាំ​របស់គាត់​បន្តទៀត​។



​បញ្ហា​របស់​អ្នកធាក់ស៊ីក្លូ មិនជា​ខុសគ្នា​នោះទេ​។ ប្រកប​របរ​នេះ​តាំងពី​ឆ្នាំ​១៩៩០​មក លោក ឡុង វាសនា ក៏​អះអាង​ដែរ​ថា ខ្លួន​រកបាន​តែ​១៥០០០​រៀល ទៅ​២០០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយសារតែ​លោក​គ្មាន​អតិថិជន​ប្រចាំ​ដូច​លោក​ជឿន​។ មាន​វ័យ​៧៣​ឆ្នាំ​ទៅហើយ បុរស​រូបនេះ​មិនមាន​សាច់ញាតិ​ឡើយ និង​កំពុងតែ​រស់នៅ រក​ទទួលទាន​តែម្នាក់ឯង យក​វត្ត​អារាម​ជាទី​ស្នាក់អាស្រ័យ​។ លោក ឡុង វាសនា រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា លោក​មិនអាច​ទៅធ្វើ​កិច្ចការ​អ្វី​បាន​ក្រៅ​តែ​ធាក់​ស៊ីក្លូ​ទេ ដោយសារ​ខ្លួន​ចាស់ ហើយក៏​គ្មាន​ប្រាក់​ទៅ​ទិញ​ម៉ូតូ រ៉ឺម៉ក​កង់​បី​រត់​នឹង​គេ​។​



​អ្នកធាក់ស៊ីក្លូ​ម្នាក់ទៀត​នៅ​ផ្សារ​អូរឫស្សី តាំងពី​ឆ្នាំ​២០០៨​មក គឺ​លោក ឃឹ​ង ដា​រ៉ា ក៏​ត្អូញ​ដូចគ្នា​ដែរ នៅពេល​រំលឹក​រឿង​ចំណូល​។ ដោយសារតែ​មិនសូវមាន​អ្នកជិះ ហើយ​ថ្លៃ​ដឹក​ភ្ញៀវ​ម្តងៗ ក៏​ទាប​ទៅទៀត​នោះ​។ លោក ឃឹ​ង ដា​រ៉ា រក​បានតែ​ប្រមាណ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ កំពុង​អង្គុយ​នៅលើ​ស៊ីក្លូ​របស់ខ្លួន ភ្នែក​រំពៃមើល​ទៅមុខ ឆ្វេង​ស្ដាំ​រក​អតិថិជន អ្នក​ខេត្តកំពត​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពីរ​បរធាក់​ស៊ីក្លូ រូបគាត់​ក៏​ឆ្លៀត​ទៅ​ច្រក​ខោអាវ​ជជុះ​ចូលក្នុង​បាវ នៅពេល​យប់​ដែរ ដើម្បី​បាន​ចំណូល​បន្ថែម និង​អាច​យកទៅ​ផ្គត់ផ្គង់​គ្រួសារ​នៅ​ខេត្ត ដែលមាន​កូនតូច​៣​នាក់​ក្នុងបន្ទុក​នោះ​។ ក្នុង​មួយ​យប់​លោក ដា​រ៉ា ដែលមាន​រាង​ស្គម ខ្ពស់ ស្បែក​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​រូបនេះ អា​ចរក​កម្រៃ​បាន​១​ម៉ឺន​រៀល​បន្ថែមទៀត​។ លោក បញ្ជាក់ថា​៖«​បើ​គិត​ទៅ​ការ​ធាក់​ស៊ីក្លូ​នេះ ក្នុង​១​ខែ​អាច​រកប្រាក់​បាន ពី​៥០​ម៉ឺន ទៅ​៦០​ម៉ឺន​រៀល ផ្ញើ​ទៅ​គ្រួសារ​ដែល​នៅឯ​ខេត្ត​។ ពេលខ្លះ ប្រពន្ធ កូន​ឈឺ ហើយ​សុខភាព​ខ្លួន ក៏​មិន​អំណោយផល​ដែរ​។ ដូច្នេះ​ពេលខ្លះ យើង​ត្រូវ​ខ្ចីបុល​អ្នកជិតខាង​»៕


Tag:
 ស៊ីក្លូ​
© រក្សាសិទ្ធិដោយ thmeythmey.com