អន្តរជាតិ
យន្តហោះ​តួ​ក​គី​មួយ​បង្ខំ​ចុះចត ព្រោះ​អ្នកដំណើរ​ម្នាក់​ដាក់ឈ្មោះ WiFi ថា «Bomb on board»
13, Dec 2017 , 6:19 pm        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​កន្លងមក អ្នកដំណើរ​ម្នាក់​ដែល​យន្តហោះ Turkish Airlines ក្នុង​ជើងហោះហើរ​ពី​ក្រុង​ណៃ​រ៉ូ​ប៊ី ទៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល បានធ្វើ​ឲ្យ​យន្តហោះ​បង្ខំ​ចុះចត​ភ្លាមៗ នៅ​អាកាសយានដ្ឋាន Khartoum ប្រទេស​ស៊ូដង់ ដោយសារតែ​គាត់​បានដាក់​ឈ្មោះ WiFi ទូរ​សព្ទ​របស់ខ្លួន​ថា «Bomb on board» (​គ្រាប់បែក​នៅលើ​យន្តហោះ​)​។



«​មិនមាន​ចំណុច​អសកម្ម​ណាមួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​»​។ ភ្នាក់ងារ​យន្តហោះ Turkish Airlines បាន​អះអាង​យ៉ាង​ដូច្នេះ បន្ទាប់ពី​កា​ម៉េ​រ៉ា​សន្តិសុខ បានធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់​អ្នកដំណើរ ក្រោយ​ការបង្ខំ​ចុះចត​ភ្លាមៗ ។​

​បើតាម​ការផ្សាយ​របស់ Reuters ឈ្មោះ WiFi ដែល​ដាក់ថា «Bomb on boad» ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅលើ​យន្តហោះ ប៉ុន្តែ​ក្រុមហ៊ុន Turkish Arlines មិនបាន​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកបង្កើត​ឈ្មោះ WiFi នោះឡើយ​។​

​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ អ្នកដំណើរ​ម្នាក់​របស់​ក្រុមហ៊ុន Virgin America ក៏បាន​បង្ខំចិត្ត​ឲ្យ​យន្តហោះ​ក្នុង​ដំណើរ​ពីសា​ន់​ហ្វ្រា​ន់​ស៊ី​ស្កូ ទៅ​ប៊ូ​ស្តុ​ន ចុះចត​ភ្លាមៗ​ផងដែរ ដោយសារតែ​គេ​បាន​ដូរ​ឈ្មោះ WiFi ថា «Galaxy Note 7»​។ ករណីនេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង បានសម្រេច​ចិត្ត​ឈប់​ផលិត​ទូរ​សព្ទ​ម៉ូ​ដែល​ខាងលើ ក្រោយ​មាន​ករណី​ផ្ទុះ​ថ្ម​ទូរ​សព្ទ​។​
​ករណី​ផ្សេងទៀត មាន​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​ពី​ឡូ​ស​អែន​ជឺ​លែស​ទៅ​ឡុង​ដ៍ បាន​ប្តូរ​ឈ្មោះ WiFi ថា «Al  Qaida Free Terror Network»​។ រាល់​ករណី​ទាំងអស់​សុទ្ធតែ​ធ្វើតាម​ការលេង​សើច ។​

​អ្នកជំនាញ​បាន​អះអាងថា គេ​មិនអាច​ដាក់ទោស​ពៃរ៍​លើ​បុគ្គល​ដែល​បង្កើត​ឈ្មោះ WiFi ទាំង​នោះឡើយ ដោយសារតែ​មានច្បាប់​ជាក់លាក់​ណាមួយ​ហាមឃាត់​ពួកគេ ហើយ​ម្យ៉ាងទៀត មនុស្ស​ទាំងអស់​អាចដាក់​ឈ្មោះ WiFi ទៅតាម​ចិត្ត​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​រំពឹងថា អ្នកដំណើរ​មិនត្រូវ​យក​ការលេង​សើច​របៀប​នេះឡើយ​៕


Tag:
 តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com