អន្តរជាតិ
អ៊ីស្រាអែល​ថា ខ្លូន​មិនបាន​ទម្លាក់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​តំបន់​កា​ហ្សា​ដូច​គេ​ចោទ​ឡើយ​
13, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​យោធា​អ៊ីស្រាអែល​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ១២ ខែធ្នូ​ដោយ​ទាត់ចោល​ការចោទប្រកាន់​ថា ខ្លួន​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​កន្លងមក​ក្រោយ​មាន​ចលនា​បះបោរ​ប្រឆាំង​ខ្លួន​ពាក់ព័ន្ធ​បញ្ហា​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​



​ក្រោយ​មានការ​ចោទប្រកាន់​ថាក​ង​ទ័ព​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ពីរ​នាក់ អ៊ីស្រាអែល​បានចេញ​មុខ​បដិសេធ​ការចោទប្រកាន់ និង​អះអាងថា​ខ្លួន​មិនបាន​ធ្វើ​បែប​នោះឡើយ​។​

​កាលពីដើម​សប្តាហ៍​នេះ សារព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​នៅ​តំបន់ កា​ហ្សា ដោយ​សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ពីរ​នាក់​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​។​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​បដិសេធ​របាយការណ៍​នេះ​។​

«​ផ្ទុយ​នឹង​របាយការណ៍​ដែល​ចេញផ្សាយ​កន្លងមក កងទ័ព​អ៊ីស្រាអែល​មិនបាន​វាយប្រហារ​នៅ​ភាគ​ខាងកើត​តំបន់​កា​ហ្សា​ឡើយ​»​។ សេចក្តីថ្លែងការណ៍​ទាហាន​អ៊ីស្រាអែល​បានបញ្ជាក់​ដូច្នេះ​។​

​ចន្លោះ​ពីថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ រថក្រោះ​អ៊ីស្រាអែល​មួយគ្រឿង និង​យន្តហោះ​មួយ​គ្រឿ​បាន​វាយប្រហារ​ភាគ​ខាងជើង​តំបន់​កា​ហ្សា ប៉ុន្តែ​ខាង​អ្នកនាំពាក្យ​ទាហាន​អ៊ីស្រាអែល​បាន​អះអាងថា គេ​វាយប្រហារ​ទីតាំង​ក្រុម​ហា​ម៉ា​ដែល​បាន​ប្រើ​គ្រាប់​រ៉ុក្កែត​ផ្លោង​មកលើ​ខ្លួន​ប៉ុណ្ណោះ​។​ដូច្នេះហើយ​អ៊ីស្រាអែល​ចាត់ទុកថា វា​ជា​វិធានការ​សមស្រប​សម្រាប់​ឆ្លើយតប និង​ប្រឆាំង​អ្នកទទួលខុសត្រូវ​ករ​ណី​វាយប្រហារ​នេះ​។​

​តាមពិតទៅ​ចលនា​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ប្រឆាំង​អ៊ីស្រាអែល​នេះ​កើតឡើង​ក្រោយពេល​ដែលមាន​ការទទួល​ស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ពី​សំណាក់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន​។ សកម្មភាព​ឯកតោភាគី​នេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ និង​មានការ​ថ្កោលទោស​អ៊ីស្រាអែល​ជា​បន្តបន្ទាប់​ទាំង​មិត្ត ដៃគូ និង​សត្រូវ ហើយ​សកម្មភាព​នេះ​ក៏បង្ក​ឲ្យ​ការដោះស្រាយ​វិបត្តិ​មជ្ឈិមបូព៌ា​កាន់តែ​លំបាក​ខ្លាំង​ផងដែរ​៕



Tag:
 អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  កា​ហ្សា​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com