ជាតិ
កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​រម្លឹក​ពី​វីរភាព​របស់លោក វណ្ណ ម៉ូលីវណ្ណ​
14, Dec 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃទី​១៤ ធ្នូ​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៤ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​នេះ បាន​រម្លឹក​ពី​វីរភាព​របស់ លោកតា វណ្ណ ម៉ូលីវណ្ណ បិតា​ស្ថាបត្យកម្ម​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ដំបូង​គេ​បង្អស់​។​



​លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​អចិន្ត្រៃយ៍ និង​ជាទី​ព្រឹក្សា​អាជ្ញាធរ​អប្សរា បាន​រម្លឹក​ពី​វីរភាព​របស់ លោកតា វណ្ណ ម៉ូលីវណ្ណ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ តាម​លោក​សាស្ត្រាចារ្យ កម្ពុជា​ជំពាក់​គុណបំណាច់​របស់លោក វណ្ណ ម៉ូលីវណ្ណ ក្នុង​ការកសាង​ប្រទេសជាតិ​។ ក្នុងនោះ​លោក​បាន លះបង់​ពេលវេលា​ជាច្រើន ក្នុងការ​ចងក្រង​ឯកសារ​ស្តីពី​ការរៀបចំ​ក្រុង មាន​ក្រុង​សៀមរាប និង​ភ្នំពេញ​ជាដើម​។​



​ក្រៅពីនេះ លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH ក៏បាន​រម្លឹក​ពី​សំណង់​មួយចំនួន ដែលជា​ស្នាដៃ​របស់លោក វណ្ណ ម៉ូលីវណ្ណ រួមមាន សាលចតុមុខ និង​វិមានឯករាជ្យ​ជាដើម​។ ក្នុងការ​រៀបចំ​ក្រុង​នេះ លោក វណ្ណ ម៉ូលីវណ្ណ បាន​សរសេរ​សៀវភៅ​ប្រមាណ ៦​ក្បាល សម្រាប់ ទុកជា​ឯកសារ​។

«​ខ្ញុំ​សុំ​ឧ​ន្ទិ​ស​ដល់​លោក វណ្ណ​ម៉ូលីវណ្ណ ដែល​បាន​ជួយ​កម្ពុជា​ជាច្រើន ក្នុងនោះ​ក៏មាន​ប្រាសាទអង្គរវត្ត​ផងដែរ​។ លោក​ជា​មនុ​ស្សមាន​ទស្សនៈវិស័យ​វែងឆ្ងាយ ក្នុង​ការងារ​រៀបចំ​ក្រុង ហើយ​ការងារ​នៅ​អាជ្ញាធរ​អប្សរា លោក​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​បាន​យ៉ាងច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រា​ចា Azedine BESCHAOUCH​។​

​គួររម្លឹកថា លោក វណ្ណ ម៉ូលីវណ្ណ ជា​អតីត​ប្រធាន​អគ្គនាយក​អាជ្ញាធរ​អប្សរា ចាប់ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០០២​។ លោក​បានទទួល​មរណភាព​នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ៩​និង​៤៥​នាទី នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ខេត្តសៀមរាប​៕


Tag:
 ​វណ្ណ ម៉ូលីវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com