ជាតិ
គ​.​ជ​.​ប ឆ្ងល់​ហេតុអ្វី អឺរ៉ុប ហ៊ាន​វាយតម្លៃថា ការបោះឆ្នោត​២០១៨​នឹងមិន​ត្រឹមត្រូវ​?
14, Dec 2017 , 5:51 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប
​ភ្នំពេញ​៖ មួយថ្ងៃ​ក្រោយ​សហភាព​អឺរ៉ុប ផ្អាក​ការ​ផ្តល់ជំនួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​។ ហើយគ​.​ជ​.​ប ក៏​មិន​យល់​ដែរ​ចំពោះ​ហេតុផល​មួយចំនួន ដែល​សហភាព​អឺរ៉ុប បានលើកឡើង ដើម្បី​សម្រេច​ផ្អាក​ការ​ផ្តល់ជំនួយ​នេះ​។

 


​គ​.​ជ​.​ប ហាក់​មិន​យល់​ចំពោះ​ការលើកឡើង​របស់​សហ​ភាព​អឺរ៉ុប ដែល​ធ្លាប់​សរសើរ​ដំណើរការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ តែ​មកដល់ពេលនេះ បែរជា​មើលស្រាល​សមត្ថភាព​រប​ស់គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ក្នុង​ឆ្នាំ​២0១៨​ទៅវិញ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ គ​.​ជ​.​ប លើកឡើង​នូវ​ចម្ងល់​ទាំងនេះ​ថា​៖«​តើ​មាន​ហេតុផល​អ្វី​ដែរ អាច​វាយតម្លៃ​គ​.​ជ​.​ប ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ មិនមាន​លក្ខណ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មេដឹកនាំ គ​.​ជ​.​ប នៅ​ដដែល សមាជិក​គ​.​ជ​.​ប ភាគច្រើន​នៅ​ដដែល ហើយ​មន្ត្រី​គ​.​ជ​.​ប រាប់រយ​នាក់ ក៏​នៅ​ដដែល​?»​។

​យ៉ាងណា​ក៏ដោយចុះ គ​.​ជ​.​ប បាន​ព្យាយាម​បង្ហាញ​ឲ្យ​សហភាព​អឺរ៉ុប​ឃើញថា គ​.​ជ​.​ប  នៅតែមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ត្រឹមត្រូវ ទោះ​រង​ការផ្អាក​ជំនួយ​ក្តី​។ សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​រួចរាល់​ហើយ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។ សេចក្តីថ្លែងការណ៍ បាន​សង្កត់ធ្ងន់ថា គ​.​ជ​.​ប នឹង​រក្សា​គោលការណ៍​ចម្បង​ទាំងពីរ​ឲ្យ​បាន គឺ​ការធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​បោះឆ្នោត​។

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប ធ្លាប់​អះអាងថា គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ប្រមាណ​៥២​លាន​ដុល្លារ ហើយ​ក៏មាន​សម្ភារ​បច្ចេក​ទេស​គ្រប់គ្រាន់​ហើយ​ដែរ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​។ លោក ប្រាប់ថា ការផ្អាក​ជំនួយ​ពី​សហភាព​អឺរ៉ុប មិន​រាំងស្ទះ​ដល់​កិច្ចការ​របស់​គ​.​ជ​.​ប នោះទេ​។

​សម្តេច ហ៊‌ុ​ន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​។ លើសពីនេះ សម្តេច ហ៊‌ុ​ន សែន ប្រកាសថា ឲ្យ​តែ​ប្រជាពលរដ្ឋ បាន​ចូលរួម​ការបោះឆ្នោត គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​តម្រូវ​ឲ្យ​ប្រទេស​ដទៃ ឬ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​នោះទេ​។

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ខែធ្នូ ដោយ​ប្រកាស​ផ្អាក​ជំនួយ មក​ឲ្យ​គ​.​ជ​.​ប ដោយ​ភ្ជាប់​ជាមួយនឹង​ការលើកឡើង​ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ នឹង​មិនមាន​ភាពស្រប​ច្បាប់​ឡើយ ប្រសិនបើ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក កឹម សុខា នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ សហភាព​អឺរ៉ុប បញ្ជាក់ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ នឹងមិន​គួរ​ឲ្យ​ទុកចិត្ត​នោះទេ​។ សហរដ្ឋអាមេរិក គឺជា​ភាគី​ដំបូង​គេ ដែល​បាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​៕


Tag:
 គជប​
  អឺរ៉ុប​
  ផ្តាច់ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com