ជាតិ
កាសែត និង​ទស្សនា​វ​ដ្តី​ចំនួន​២៧៥ អាច​ត្រូវ​លុបចោល​ពី​បញ្ជី​ក្រសួង​ព័ត៌មាន​
16, Dec 2017 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​កាសែត និង​ទស្សនា​វ​ដ្តី​ចំនួន​២៧៥ ដែល​មិនបាន​ប្រតិបត្តិការ​ទាល់តែសោះ​នោះ នឹងត្រូវ​លុបចោល​ពី​បញ្ជី​អាជ្ញាប័ណ្ណ​នៅ​ក្រសួង​ព័ត៌មាន​ក្នុងពេល​ខាងមុខនេះ​។ ដំណឹង​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​។​



​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​រកឃើញ​មាន​អង្គភាព​សារព័ត៌មាន​បោះពុម្ព រួមមាន​កាសែត និង​ទស្សនា​វ​ដ្តី ចំនួន​២៧៥ ដែល​មិនបាន​ប្រតិបត្តិការ និង​មិនបាន​បន្ត​អាជ្ញាប័ណ្ណ​ក្នុងពេល​កន្លងមក​។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នេះ លោក ផុស សុវណ្ណ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គភាព​សារព័ត៌មាន​ខាងលើនេះ នឹង​អាច​ត្រូវ​លុបឈ្មោះ​ចោល​ពី​ក្នុង​បញ្ជី​នៃ​ក្រសួង​ព័ត៌មាន​។​

​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី «​សន្តិភាព និង​សុវត្ថិភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​»​នា​ថ្ងៃទី​១៥​ខែធ្នូ លោក ផុស សុវណ្ណ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​អង្គភាព​ទាំងនោះ មិន​បានធ្វើ​សកម្មភាព​តែម្តង​។ ជួនកាល​អាច ពួកគាត់​បោះបង់​ដោយសារ​បញ្ហា​សុខភាព ឬ​ដោយ​ឈប់​ប្រក​បរបរ​នេះ​ក៏​មិនដឹង​»​។ បើតាម​ការអះអាង​រប​ស់លោក អគ្គនាយក​ដដែល បញ្ជី​ឈ្មោះ​អង្គភាព​ព័ត៌មាន​ទាំងនោះ​ត្រូវបាន​ផ្ញើ​ដល់ដៃ​លោក​រដ្ឋមន្ត្រី​ព័ត៌មាន​ហើយ ដោយ​នៅសល់តែ​ក្តី​សម្រេច​ចុងក្រោយ​របស់លោក​រដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។​

​លោក ផុស សុវណ្ណ ក៏បាន​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ដែរ​ថា គឺ​លោក​រដ្ឋមន្ត្រី​ដែល​បាន​បញ្ជា​ឲ្យ​លោក​ពិនិត្យ និង​ស្រង់​ឈ្មោះ​អង្គភាព​សារព័ត៌មាន​ដែល​មិន​ដំណើរការ និង​មិន​បានមក​បន្ត​អាជ្ញាប័ណ្ណ​នេះ​។​

​សព្វថ្ងៃនេះ នៅ​កម្ពុជា​អង្គភាព​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​៥៣០​អង្គភាព​។ ក្នុងចំណោម​នោះ មាន​កាសែត​ផ្សាយ​ជា​ភាសា​ខ្មែរ​ចំនួន​១៣៩​អង្គភាព កាសែត​ផ្សាយ​ជា​ភាសាបរទេស​មាន​៤៣​អង្គភាព ទស្សនា​វ​ដ្តី​ចំនួន​៣០៦​អង្គភាព និង​ព្រឹត្តិប័ត្រ​ចំនួន​៤២​អង្គភាព​។ ចំណែក​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ ក្នុងនោះ​វិទ្យុ​បរទេស​មាន​ចំនួន​១០​ស្ថានីយ​។ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន​២១​ស្ថានីយ និង​ទូរទស្សន៍​ផ្សាយ​បន្ត​ចំនួន​១១២​ស្ថានីយ​។ ដោយឡែក​ទូរទស្សន៍​អន​ឡាញ​មាន​ចំនួន​៥៨​អង្គភាព​។ រីឯ​ការិយាល័យ​តំណាង​ទីភ្នាក់ងារសារព័ត៌មាន​បរទេស ការិយាល័យ​តំណាង​វិទ្យុ ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​មាន​ចំនួន​២១​អង្គភាព​៕


Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com